សិក្ខាសាលាស្តីពីការអនុវត្តការតាក់តែងច្បាប់ប្រជាធិបតេយ្យ
នីតិវិធីចាំបាច់អ្វីខ្លះដែលត្រូវអនុវត្តក្នុងការធ្វើសេចក្តីព្រាងច្បាប់បឋម និងការចាត់វិធានការអ្វីខ្លះដែលសភាគួរតែធ្វើក្នុងការពិនិត្យពិចារណាលើសំណើច្បាប់ គឺជាមូលបទដែលត្រូវលើកមកបានពិភាក្សា នៅក្នុងសិក្ខាសាលាស្តីពីការអនុវត្តការតាក់តែងច្បាប់ប្រជាធិបតេយ្យ និងតួនាទីត្រួតពិនិត្យរបស់សភា រៀបចំឡើងដោយប្រតិភូរបស់អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE) ប្រចាំនៅសាធារណរដ្ឋម៉ុងតេណេហ្រ្គោ កាលពីថ្ងៃពុធ-ព្រហស្បតិ៍ ទី២៤-២៥ ខែឧសភាឆ្នាំ២០២៣ នៅក្នុងរដ្ឋធានី ប៉ូដហ្គោរីកា ប្រទេសម៉ុងតេណេហ្រ្គោ។
មន្រ្តីមកពីគណៈកម្មាធិការជំនាញរបស់សភាម៉ុងតេណេហ្រ្គោប្រមាណ ១៥រូប បានបន្តពិភាក្សាជាមួយអ្នកជំនាញការ ២រូប របស់ប្រតិភូអង្គការ OSCE ដែលផ្តួចផ្តើមឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ដើម្បីពង្រឹងបន្ថែមនូវជំនាញរបស់ពួកគេក្នុងការធ្វើសេចក្តីព្រាងច្បាប់ និងការពិនិត្យមើលឡើងវិញលើការតាក់តែងច្បាប់។ អង្គសិក្ខាសាលាក៏បានពិភាក្សាផងដែរ ពីតួនាទីរបស់សភានៅក្នុងការធ្វើសមាហរណកម្មរបស់សហភាពអឺរ៉ុប និងការពិនិត្យពិចារណាលើរបាយការណ៍របស់ស្ថាប័នឯករាជ្យនានា។
លោកស្រី Dominique Waag ប្រធានប្រតិភូអង្គការ OSCE បានថ្លែងក្នុងពិធីបើកសិក្ខាសាលាថា គោលការណ៍គ្រឹះនៃការតាក់តែងច្បាប់ប្រជាធិបតេយ្យ ត្រូវបានបង្កប់នៅក្នុងការប្តេជ្ញាចិត្តរបស់អង្គការ OSCE។ ការតាក់តែងច្បាប់គួរតែត្រូវបានកំណត់និយមន័យឱ្យបានល្អមានតម្លាភាព ប្រសិទ្ធភាព និងអាច អនុវត្តបាន បង្កើតឡើងតាមរយៈដំណើរការប្រជាធិបតេយ្យដែលបើកចំហ បរិយាប័ន្ន ការពិគ្រោះយោបល់ និងប្រកាន់ខ្ជាប់នូវសិទ្ធិមនុស្ស។ នៅពេលដែលការតាក់តែងច្បាប់បានល្អវានឹងពង្រឹងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ និងអភិបាលកិច្ចល្អ។ ច្បាប់មួយដែលល្អ គឺបានមកពីដំណើរការតាក់តែងច្បាប់បានល្អ។
លោកស្រី Waag បានថ្លែងបន្ថែមថា តម្លាភាព និងការទទួលខុសត្រូវរបស់ច្បាប់ បង្កើននូវទំនុកចិត្ត ពីសាធារណជននៅក្នុងស្ថាប័នប្រជាធិបតេយ្យ។ ធាតុទាំងបី នៃភាពស្របច្បាប់ ភាពត្រឹមត្រូវ និងតម្លាភាពត្រួតស៊ីគ្នា ប៉ុន្តែជាសំខាន់ច្បាប់ត្រូវតែបំពេញឱ្យធាតុទាំងបី។ ការពង្រឹងមុខងារសភាក្នុងការត្រួតពិនិត្យនិងតាក់តែងច្បាប់ ដែលរួមទាំង ការពង្រឹងសមត្ថភាពជំនាញរបស់បុគ្គលិកសភា គឺជាផ្នែកមួយដ៏សំខាន់នៃការងាររបស់ប្រតិភូអង្គការ OSCE ក្នុងការគាំទ្រដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសម៉ុងតេណេហ្រ្គោ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៦-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.osce.org/mission-to-montenegro/544477
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម