ន័រវែសនឹងផ្តល់បន្ថែមនូវប្រព័ន្ធការពារដែនអាកាស NASAMS ដល់រដ្ឋាភិបាលទីក្រុងកៀវ
កាលពីថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែនបានថ្លែងថា ព្រះរាជាណាចក្រន័រវែសបានយល់ព្រមផ្គត់ផ្គង់បន្ថែមដល់រដ្ឋាភិបាលទីក្រុងកៀវនូវប្រព័ន្ធការពារដែនអាកាស NASAMS ប្រព័ន្ធរ៉ាដាតាមដានស្ទាក់ចាប់អាវុធ ARTHUR និងប្រព័ន្ធបាញ់គ្រាប់ រ៉ុកកែតពហុមុខងារ (M270 MLRS)។
កាលពីថ្ងៃទី១៦ ដល់១៨ ខែឧសភា ឆ្នាំ២០២៣ លោក Stefanchuk បានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសន័រវែស ជាទីដែលលោកបានជួបជាមួយលោក Masud Gharahkhani ប្រធានសភាន័រវែស និងមន្រ្តី ន័រវែសមួយចំនួនទៀត ក៏ដូចជា ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា Kongsberg Gruppen ដែលមានមូលដ្ឋាន ក្នុងប្រទេសន័រវែសពាក់ព័ន្ធនឹងការផលិតប្រព័ន្ធការពារដែនអាកាស NASAMS ដើម្បីពិភាក្សាពីការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ លោក Stefanchuk បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Ukrinform ថា ពេលស្ថិតក្នុងប្រទេសន័រវែស យើងបានចរចាបន្ថែមពីប្រព័ន្ធ NASAMS ការផ្ទេរប្រព័ន្ធ M270MLRS ប្រព័ន្ធ ARTHUR និងអាវុធចាំបាច់ដទៃទៀតដល់រដ្ឋាភិបាលទីក្រុងកៀវ។
ការប្រកាសបញ្ជូនអាវុធថ្មី បានកើតមានឡើងកាលពីខែមីនា ឆ្នាំ២០២៣ ដោយស.រ.អា និងន័រវែសបានបញ្ជាក់ពីការសម្រេចចិត្តរួមគ្នាផ្តល់ដល់អ៊ុយក្រែននូវប្រព័ន្ធ NASAMS ចំនួន២គ្រឿង និងបង្វឹកកងទ័ពអ៊ុយក្រែនដើម្បីប្រតិបត្តិការប្រព័ន្ធទាំងនោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងកៀវបានស្នើសុំម្តងហើយម្តងទៀតឱ្យផ្តល់ជំនួយយោធាបន្ថែម។ កាលពីខែតុលា ឆ្នាំ២០២២ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីតោនបានប្រគល់ប្រព័ន្ធ NASAMS ចំនួន២គ្រឿងដល់ទីក្រុងកៀវ។ ក្នុងខែវិច្ឆិកា កាណាដាបានប្រកាសពីការវិភាជន៍ថវិកាជំនួយយោធា ៥០០លានដុល្លារដល់អ៊ុយក្រែន ហើយមួយផ្នែកនៃថវិកាដ៏សំខាន់នេះ ក៏ចំណាយសម្រាប់ការទិញប្រព័ន្ធ NASAMS ១គ្រឿង និងអាវុធមីស៊ីលផងដែរ។ ក្នុងខែធ្នូ លោក Greg Hayes នាយកប្រតិបត្តិក្រុមហ៊ុន Raytheon Technologies របស់ស.រ.អាបានថ្លែងថា ស.រ.អា និងទ័ពសម្ព័ន្ធមិត្តណាតូបានបើកការចរចាជាមួយប្រទេសមជ្ឈិមបូព៌ាមួយ ចំនួនស្តីពីការផ្ទេរប្រព័ន្ធការពារដែនអាកាស NASAMS ដល់អ៊ុយក្រែន។
គួរបញ្ជាក់ផងដែរថា បណ្តាប្រទេសលោកខាងលិចបានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវប្រព័ន្ធអាវុធប្រភេទផ្សេងៗ រួមទាំង មីស៊ីលការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតពហុមុខងារ រថក្រោះ កាំភ្លើងធំបាញ់ចេញដោយស្វ័យប្រវត្តិ និងកំាំភ្លើងយន្តប្រឆាំងយន្តហោះជាដើម ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនជាង ១ឆ្នាំកន្លងមកនេះ។ ខណៈដែលរដ្ឋាភិបាលវិមានក្រឹមឡាំងបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការបន្តដឹកជញ្ជូនអាវុធទៅឱ្យរដ្ឋាភិបាលទីក្រុងកៀវ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៤-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/norway-to-provide-kiev-with-additional-nasams-1696261.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម