ប្រធានព្រឹទ្ធសភាអេហ្ស៊ីប និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ឯកភាពបន្តពុះពារពង្រឹងចំណងទាក់ទងទេ្វភាគី
រដ្ឋធានីគែរ៖ កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ លោក Hong Jin-wook ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងលោក Abdel-Wahab Abdel-Razeq ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានព្រមព្រៀងគ្នាបន្តពុះពារពង្រឹងចំណងទាក់ទងទ្វេភាគី។
លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានចូលជួបសម្តែងការគួរសមលោកប្រធានព្រឹទ្ធសភាអេហ្ស៊ីប ដើម្បីបញ្ជូនសារជម្រាបលាថា កិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរនឹងមានភាពស្ថិតស្ថេរចីរ កាល។ លោក Hong បានសម្តែងនូវការដឹងគុណចំពោះការគាំទ្ររបស់ប្រធានព្រឹទ្ធសភាអេហ្ស៊ីបក្នុងអំឡុងពេលនៃអាណត្តិ ៣ឆ្នាំ របស់លោក។ ការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកកម្រិតខ្ពស់ ដូចជា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង ក្នុងខែតុលា ឆ្នាំ២០២១ ដំណើរទស្សនកិច្ចរបស់ប្រធានា ធិប តីកូរ៉េខាងត្បូង ក្នុងខែមករា ឆ្នាំ២០២២ និងការសន្ទនាទូរសព្ទរវាងប្រធានាធិបតីនៃប្រទេសទាំងពីរ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ នឹងមិនអាចធ្វើទៅបានប្រកបដោយជោគជ័យនោះឡើយប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសភាអេហ្ស៊ីប ដែលតំណាងឱ្យប្រជាជនអេហ្ស៊ីបទាំងមូល។
លោកឯកអគ្គរដ្ឋទូត Hong បានលើកឡើងពីភាពចាំបាច់ក្នុងការថែរក្សាចំណងទាក់ទងទ្វេភាគីប្រកបដោយចីរភាព ដែលអាចសម្រេចបានតាមរយៈការបន្តផ្លាស់ប្តូរមនុស្ស និងមនុស្សទៅវិញទៅមក។ សម្រាប់ភាគីអេហ្ស៊ីប លោក Abdel-Wahab Abdel-Razeq បានសង្កត់ធ្ងន់ថា លោកឯកអគ្គរដ្ឋទូត Hong បានខិតខំប្រឹងប្រែងឥតនឿយហត់ ដើម្បីនាំមកនូវកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឈានដល់កម្រិតខ្ពស់បំផុត។ លោកប្រធានព្រឹទ្ធសភាអេហ្ស៊ីបរូបនេះ បានសន្យាថាសម្រាប់ភាគីខាងលោក លោកនឹងបន្តកិច្ចសហប្រតិបត្តិការបែបនេះ និងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកបន្តវេនពីលោក Hong (ឯកអគ្គរដ្ឋទូតថ្មី) លើកិច្ចការដែលពាក់ព័ន្ធ រួមទាំង ការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកនៃគណៈប្រតិភូសភាមកពីប្រទេសរបស់យើងទាំងពីរផងដែរ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៣-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.egypttoday.com/Article/1/124555/Korean-Ambassador-Speaker-of-Senate-agree-to-continue-striving-for
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម