លោក Ruslan Oleksiyovych Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន
លោក Ruslan Oleksiyovych Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន បានអំពាវនាវទៅកាន់ ប្រធានសភាចំនួន ១០ប្រទេស និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) ឱ្យជួយចាត់វិធានការបន្ទាន់ តាមដែលអាចធ្វើបាន ដើម្បីជំរុញឱ្យសហព័ន្ធរុស្ស៊ីដកកងទ័ពចេញពីរោងចក្រថាមពលបរមាណូ ក្នុងដែនដីអ៊ុយក្រែន។ លោក Stefanchuk បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា “ថ្ងៃនេះ ពិភពប្រជា ធិបតេយ្យ មិនអាចធ្វើជាមើលមិនឃើញ ចំពោះសកម្មភាពបែបភេរវនិយមរបស់រុស្ស៊ីមកលើអ៊ុយក្រែននោះឡើយ។ លោកជឿជាក់ថា យើងនឹងបានឃើញ ជនសមគំនិតទាំងឡាយ នៃឧក្រិដ្ឋកម្មដ៏រន្ធត់មួយនេះនឹងត្រូវបានផ្តន្ទាទោសក្នុងពេលឆាប់ៗនេះ”។ លោក Stefanchuk បានបញ្ជាក់អះអាងបែបនេះ នៅក្នុង សេចក្តីអំពាវនាវរបស់លោកទៅកាន់ប្រធានសភា ១០ប្រទេស។
លោក Ruslan Oleksiyovych Stefanchuk បានអំពាវទៅកាន់ប្រទេសជាដៃគូទាំង១០ រួមមាន អាហ្សង់ទីន ប្រេស៊ីល ក្វាតេម៉ាឡា ហុងឌូរ៉ាស ដូមីនិក កូស្តារីកា ប៉ារ៉ាហ្គាយ ប៉ាណាម៉ា ប៉េរូ និងអ៊ុយរូហ្គាយ និងទីភ្នាក់ងារ IAEA ដើម្បីចាត់វិធានការទាំងឡាយដែលអាចធ្វើបានជាបន្ទាន់ ដើម្បីធ្វើឱ្យរុស្ស៊ីដកកងទ័ព ចេញពីរោងចក្របរមាណូរបស់អ៊ុយក្រែន និងជួយធ្វើឱ្យរោងចក្រទាំងនេះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរបស់អ៊ុយក្រែនស្ថិតក្រោមការការពារ។ លោកសូមថ្លែងអំណរគុណដល់សហសេវិកទាំងអស់ដែល ផ្តល់ការគាំទ្រឥតងាករេចំពោះអ៊ុយក្រែន ជាពិសេស ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក៏ដូចជា ការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសយើង។ ក្នុងពេលជាមួយគ្នា លោក សូមគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើសកម្មភាពដោយឥតរួញរា និងដ៏សកម្មរបស់សហគមន៍ពិភពលោក ដើម្បីរារាំងជនឈ្លានពានរុស្ស៊ី និងដើម្បីបញ្ចប់សង្រ្គាម។
លោក Ruslan Oleksiyovych Stefanchuk បានថ្លែងបន្ថែមថា លោករំពឹងថា ប្រទេសអាហ្សង់ទីន ប្រេស៊ីល ក្វាតេម៉ាឡា ហុងឌូរ៉ាស ដូមីនិក កូស្តារីកា ប៉ារ៉ាហ្គាយ ប៉ាណាម៉ា ប៉េរូ និងអ៊ុយរូហ្គាយ នឹងរួមគ្នាដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលនឹងរារាំងប្រទេសមួយនេះពីការបន្តធ្វើឧក្រិដ្ឋកម្មសង្រ្គាមមកលើប្រទេសអ៊ុយក្រែន និងប្រជាជនរបស់យើង។ មានសេចក្តីរាយការណ៍ថា កងទ័ពរុស្ស៊ីបានចាប់យករោងចក្រថាមពលបរមាណូ Zaporizhahia កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បុគ្គលិករោងចក្រនេះ នៅតែបន្តបំពេញការងារ របស់ខ្លួន ប៉ុន្តែត្រូវបានបង្ខំឱ្យសម្របសម្រួលសកម្មភាពរបស់ខ្លួនតាមបញ្ជារបស់ជនឈ្លានពាន។ ដោយ សារតែការបាញ់ផ្លោងរបស់សត្រូវ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ខ្សែបញ្ជូនថាមពលតង់ស្យុងខ្ពស់ ៧៥០គីឡូវ៉ុលអំពែ នៅទីក្រុង Kakhovka ដែលផ្គត់ផ្គង់ភ្លើងអគ្គិសនីចេញពីរោងចក្រថាមពលបរមាណូ Zaporizhahia ត្រូវរងការខូចខាត។ នៅថ្ងៃទី១ នៃការចូលឈ្លានពានប្រទេសអ៊ុយក្រែន កងទ័ពរុស្ស៊ីបានចាប់យករោងចក្រថាមពលបរមាណូ Chornobyl៕
http://ព័ត៌មានសភាអន្តរជាតិ ២១-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1103877370/Ukraine-Stefanchuk-calls-on-parliaments-of-10-countries-to-make-Russia-withdraw-troops-from-NPPs&source=32
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម