លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីក្រិក និងជាប្រធានគណបក្សប្រជាធិបតេយ្យថ្មី(ND)
គណបក្សអភិរក្សក្រិកទទួលបានសិទ្ធិអំណាចដ៏ជាក់លាក់មួយពីប្រជាជនក្រិក ដើម្បីបន្តកិច្ចខិតប្រឹងប្រែងផ្លាស់ប្តូរប្រទេសជាតិជាមួយនឹងរដ្ឋាភិបាលថ្មីដ៏ខ្លាំងក្លាមួយ។ លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិកបានថ្លែងបែបនេះ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យថ្មី (ND) របស់លោកបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាយ៉ាងលើសលប់។
ក្រសួងមហាផ្ទៃក្រិកបានបញ្ចេញលទ្ធផលផ្លូវការក្រោយរាប់សន្លឹកឆ្នោតបាន ៩៦% ថា គណបក្សប្រជាធិបតេយ្យថ្មី (ND)ទទួលបានសំឡេងឆ្នោត ៤០.៧៩% ត្រូវជា ១៤៥អាសនៈ ក្នុងសភានីតិកាលថ្មី ៣០០ អាសនៈ។ គណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្ស SYRIZA-Progressive Alliance ទទួលបាន ២០.០៥% ត្រូវជា ៧២អាសនៈ ខណៈដែល ៣គណបក្ស ផ្សេងទៀតដែលបានឆ្លងផុតកម្រិតអប្បបរមា ៣% ក៏នឹងអាចឈានជើងចូលក្នុងសភានីតិកាលថ្មីផងដែរ។ លទ្ធផលនៃសន្លឹកឆ្នោតគឺបង្ហាញយ៉ាងច្បាស់ថា គណបក្ស ND ទទួលបានការគាំទ្រពីប្រជាជន ដើម្បីដឹកនាំដោយភាពម្ចាស់ការ និងភាពខ្លាំងក្លា។ លោក Mitsotakis បានថ្លែងបែបនេះប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយនៅឯទីស្នាក់ការគណបក្ស ភ្លាមៗបន្ទាប់ពីទទួលបានទូរសព្ទអបអរសាទរពីលោក Alexis Tsipras មេដឹកនាំគណបក្ស SYRIZA-Progressive Alliance ។
លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា គណបក្ស PASOK-KINAL ទទួលបានជ័យជម្នះធំបំផុតលំដាប់ ទី៣ ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដែលទទួលបានសំឡេង ១១.៥២% ត្រូវជា ៤១អាសនៈ។ គណបក្ស ២ទៀតដែលអាចឈានជើងចូលសភា គឺគណបក្សកុម្មុយនិស្តក្រិក (KKE) ទទួលបាន ៧.២១% ត្រូវជា ២៦អាសនៈ និងគណបក្សស្តាំនិយម Elliniki Lysi ទទួលបាន៤.៥% ត្រូវជា ១៦អាសនៈ។ ចំនួនអ្នកចេញទៅបោះឆ្នោតមាន ៦០.២៦%។ ដោយមិនអាចទទួលបានសំឡេងភាគច្រើនដាច់ខាត គណបក្ស ND ត្រូវស្វះស្វែងរកការបង្កើតរដ្ឋាភិបាលចម្រុះមួយ ប៉ុន្តែជម្រើសមួយនេះត្រូវបានបដិសេធរួចទៅហើយ ក្នុងអំឡុងពេលយុទ្ធនាការមុនការបោះឆ្នោត ហើយលោក Mitsotakis បានថ្លែងថា គណបក្សប្រជាធិបតេយ្យថ្មី(ND)នឹងស្វែងរកឱ្យបានសំឡេងភាគច្រើនដាច់ខាត នៅក្នុងការបោះឆ្នោតជុំទី២។
លទ្ធផលផ្លូវការរំពឹងថានឹងប្រកាសនៅថ្ងៃចន្ទសប្តាហ៍ក្រោយ បន្ទាប់ពីនោះ លោកស្រី Katerina Sakellaropoulou ប្រធានាធិបតីក្រិកនឹងផ្តល់សិទ្ធិអំណាចដល់មេដឹកនាំគណបក្សទទួលបានសំឡេងច្រើនជាងគេបង្កើតរដ្ឋាភិបាលថ្មី។ ក្រោមច្បាប់រដ្ឋធម្មនុញ្ញក្រិក មេដឹកនាំគណបក្សទទួលបានសំឡេងច្រើនជាងគេទាំង ៣ គណបក្ស មានពេល ៣ថ្ងៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ។ ប្រសិនបើមិនអាចបង្កើតរដ្ឋាភិបាលចម្រុះបានទេរដ្ឋាភិបាលចាំផ្ទះនឹងរៀបចំការបោះឆ្នោតជាលើកទី២ នៅត្រឹមដើមខែកក្កដា ឆ្នាំ២០២២៣។ បើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានការបោះឆ្នោតជុំចុងក្រោយអាចនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៣-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://ommcomnews.com/world-news/greek-conservatives-win-general-elections-fall-short-of-majority
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម