
ថ្ងៃសុក្រ ទី១៩ ខែឧសភា ជាថ្ងៃចាប់ផ្តើសម័យប្រជុំនិទាឃរដូវ របស់សន្និបាតសភាអង្គការណាតូ ដោយមានកិច្ចប្រជុំវិសាមញ្ញរវាងគណៈកម្មាធិការអចិន្រ្តៃយ៍របស់អង្គការនេះ ជាមួយក្រុមប្រឹក្សាអន្តរសភា អ៊ុយក្រែន-ណាតូ។ គណៈកម្មាធិការអចិន្រ្តៃយ៍សន្និបាតសភាអង្គការណាតូ ជាក្រុមអភិបាលរបស់សន្និបាតនេះ ចំណែកក្រុមប្រឹក្សាអន្តរសភាអ៊ុយក្រែន-ណាតូ ជាក្រុមការងារទ្វេភាគី សម្រាប់កិច្ចទំនាក់ទំនាក់រវាង សន្និបាតអង្គការណាតូ និងរដ្ឋសភាប្រទេសអ៊ុយក្រែន(សភាមួយថ្នាក់)។ កិច្ចប្រជុំនេះមានការចូលរួមពី សមាជិកសភាចំនួន៥១រូប មកពីប្រទេសជាសមាជិកអង្គការណាតូ និងព្រះរាជាណាចក្រស៊ុយអ៊ែត និងសមាជិកសភា១០រូប របស់ប្រទេសអ៊ុយក្រែន។ ការពិភាក្សានេះ ផ្តោតលើការបង្កើនការគាំទ្រចំពោះប្រទេសអ៊ុយក្រែន និងលើលទ្ធផលរំពឹងទុកសម្រាប់កិច្ចប្រជុំកំពូលអង្គការណាតូ នៅរដ្ឋធានីវីលនីញូស នៃសាធារណរដ្ឋលីទុយអានី ថ្ងៃទី១១-១២ ខែកក្កដា ខាងមុខ។
លោកស្រីJoelle Garriaud Maylam សមាជិកសភាសាធារណរដ្ឋបារាំង និងជាប្រធានសន្និបាតសភាអង្គការណាតូ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំថា៖ ”កិច្ចប្រជុំរបស់យើងក្នុងប្រទេសលុចសំបួរថ្ងៃនេះ ប្រព្រឹ- ត្តិចំពេលវេលាសំខាន់មួយ ជាពេលដែលស្មារតីប្រយុទ្ធតស៊ូរបស់ប្រទេសអ៊ុយក្រែន ឡើងខ្ពស់ជាងពេលណាណាទាំងអស់។ ការគាំទ្ររបស់យើងចំពោះប្រទេសអ៊ុយក្រែន និងការប្រយុទ្ធរបស់អ៊ុយក្រែនដើម្បីសេរីភាព នឹងគ្មានថ្ងៃថមថយឡើយ។ កិច្ចខិតខំរបស់យើងនឹងបន្តជានិរន្តរ ហើយយើងនឹងបន្តឈរជាមួយប្រទេសអ៊ុយក្រែន ដោយសាមគ្គីភាព និងទឹកចិត្តមុះមុត រហូតដល់សង្គ្រាមនេះត្រូវបានបញ្ចប់។”
លោកAudronius Azubalis សមាជិករដ្ឋសភា(សភាមួយថ្នាក់)ប្រទេសលីទុយអានី និងជាសហប្រធានក្រុមប្រឹក្សាអន្តរសភាអ៊ុយក្រែន-ណាតូ បានលើកឡើងថា៖ ”ការរួបរួមគ្នាជាធ្លុងមួយរបស់សមាជិកអង្គការណាតូ កាន់តែច្រើន គឺកាន់តែមានសារៈសំខាន់ ក្នុងការបង្កើនការគាំទ្រចំពោះប្រទេសអ៊ុយក្រែន នៅគ្រប់កម្រិត ទាំងកម្រិតនយោបាយ យោធា ជំនួយមនុស្សធម៌ ហិរញ្ញវត្ថុ និងច្បាប់។” ជាពិសេស លោកAudr onius បានទទូចឱ្យសម្ព័ន្ធមិត្ត បង្កើនល្បឿនដឹកជញ្ជូនសម្ភារៈយោធា ដែលប្រទេសអ៊ុយក្រែនកំពុងត្រូវការជាចាំបាច់ ដើម្បីប្រយុទ្ធរំដោះទឹកដីដែលមានព្រំដែនទទួលស្គាល់ដោយអន្តរជាតិ ក្នុងនោះរួមមានការផ្តល់កាំភ្លើងធំរយៈឆ្ងាយ រថក្រោះ និងយន្តហោះចម្បាំង។”
លោកOleksanr Korniyenko អនុប្រធានរដ្ឋសភាប្រទេសអ៊ុយក្រែន និងជាសហប្រធានក្រុមប្រឹក្សាអន្តរសភាអ៊ុយក្រែន-ណាតូ បានសង្កត់ធ្ងន់ថា ស្ថានភាពនៅសមរភូមិនាពេលនេះ មានសភាពតានតឹង (diffiicult) និងស្រួចស្រាល់(dynamic) ប៉ុន្តែអ៊ុយក្រែន នៅតែបន្តប្រយុទ្ធយ៉ាងមុះមុត ដើម្បីសេរីភាពរបស់ខ្លួន។ លោកOleksanr បានថ្លែងថា៖ ”គោលដៅរួមរបស់យើងទាំងអស់គ្នានៅទីនេះ គឺជ័យជម្នះរបស់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ី។ ដើម្បីឈ្នះសង្រ្គាមនេះ អ៊ុយក្រែនត្រូវការការជួយគាំទ្រពីអ្នកទាំងអស់គ្នា។ អ៊ុយក្រែនត្រូវការបន្ថែមទៀតនូវជំនួយជាហិរញ្ញវត្ថុ អាវុធ គ្រាប់រំសេវ និងទណ្ឌកម្មធ្ងន់ធ្ងរជាងមុនលើរុស្ស៊ី។ ពេលប្រទេសអ៊ុយក្រែនបានទទួលជ័យជោគជ័យ អ៊ុយក្រែននឹងពឹងអាស្រ័យលើការចូលរួមពីប្រទេសនានា ដើម្បីកសាងប្រទេសខ្លួនឡើងវិញ។ សង្រ្គាមដែលអ៊ុយក្រែនកំពុងប្រយុទ្ធនៅពេលនេះ មិនមែនតែក្នុងបុព្វហេតុការពារទឹកដីខ្លួនឡើយ ប៉ុន្តែក៏ក្នុងបុព្វហេតុការពារអឺរ៉ុបទាំងមូលដែរ ហើយទីបញ្ចប់នៃសង្គ្រាមនេះ គឺជាការកំណត់នូវជោគវាសនារបស់អ៊ុយក្រែន និងប្រទេសជាច្រើនទៀត។
លោកស្រីJoelle Garriaud Maylam បានថ្លែងបន្តទៀតថា៖ ”ការដាក់សម្ពាធរបស់យើងលើទីក្រុងមូស្គូ នឹងបន្តកើនថែមទៀត។ ការដាក់សម្ពាធនេះ ក៏រួមមានផងដែរ នូវការមិនឱ្យប្រទេសរុស្ស៊ីរួចខ្លួនឡើយ ពីឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងដែលរុស្ស៊ីបាននិងកំពុងប្រព្រឹត្តិក្នុងប្រទេសអ៊ុយក្រែន។ វាគឺជាឧក្រិដ្ឋកម្ម សង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយក៏អាចជាទង្វើប្រល័យពូជសាសន៍ ដែរ។”
ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងខែកក្កដា ខាងមុខ លោកស្រី Joelle Garriaud Maylam បានថ្លែងថា៖”កិច្ចប្រជុំកំពូលនេះ គួរប្រើពាក្យពេចន៍ច្បាស់ៗថា ប្រទេសអ៊ុយក្រែន គឺស្ថិតក្នុងក្រុមគ្រួសារអឺរ៉ុប និងក្រុមគ្រួសារអឺរ៉ុប-អាត្លង់ទិក ហើយប្រទេសនេះនឹងក្លាយជាសមាជិកអង្គការណាតូ។ យើងនឹងឈរនៅខាងអ៊ុយក្រែន ដើម្បីជួយត្រួសត្រាយផ្លូវឱ្យអ៊ុយក្រែនក្លាយជាសមាជិកអង្គការណាតូ។” សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២២ សន្និបាតសភាអង្គការណាតូ បានផ្តល់អនុសាសន៍ឱ្យប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ យល់ព្រមលើជំហានបន្ទាប់របស់អ៊ុយក្រែន ក្នុងដំណើរនៃការក្លាយទៅជាសមាជិកអង្គការណាតូ។
កិច្ចប្រជុំរបស់សន្និបាតសភាអង្គការណាតូខាងលើនេះ ក៏បានពិភាក្សាផងដែរអំពីជំហានជាក់ស្តែង បន្ថែមទៀត ក្នុងការលើកកម្ពស់កម្រិតនៃទំនាក់ទំនងណាតូ-អ៊ុយក្រែន។ ឧទាហរណ៍ លោកAudronius Azubalis បានស្នើថា ប្រទេសអ៊ុយក្រែនគួរទទួលបានសិទ្ធិចូលក្នុងក្រុមយោធា និងនយោបាយរបស់អង្គការ ណាតូ។ លោកAudronius Azubalis ក៏បានស្នើដែរ ឱ្យសមាជិកសភាទាំងអស់ប្រើប្រាស់ក្រុមប្រឹក្សាអន្តរសភាអ៊ុយក្រែន-ណាតូ ឱ្យអស់ពីប្រសិទ្ធភាព។
នៅថ្ងៃចន្ទ ទី២២ ខែឧសភា ខាងមុខនេះ កិច្ចប្រជុំពេញអង្គរបស់សន្និបាតសភាអង្គការណាតូ គ្រោងអនុម័តសេចក្តីប្រកាសពិសេស (special declaration) មួយដែលព្រាងដោយលោកMichal Szczerba សមាជិកសភាសាធារណរដ្ឋប៉ូឡូញ និងជាអនុប្រធានសន្និបាតសភាអង្គការណាតូ ដែលនឹងលើកអនុសាស ន៍ឱ្យរដ្ឋាភិបាល និងសភានៃប្រទេសជាសមាជិកអង្គការណាតូ បង្កើនការគាំទ្រចំពោះប្រទេសអ៊ុយក្រែន។
លោក Oleksii Reznikov រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសអ៊ុយក្រែន នឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំពេញអង្គរបស់សន្និបាតសភាអង្គការណាតូនៅថ្ងៃចន្ទ ទី២២ ខែឧសភា ហើយនៅចុងសប្តាហ៍នេះ លោកស្រីOleksandra Matvii chuk នាយកមជ្ឈមណ្ឌលអ៊ុយក្រែនសម្រាប់សេរីភាពជនស៊ីវិល និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិសភាព ឆ្នាំ២០២២ នឹងពិភាក្សាការងារមួយចំនួនជាមួយសមាជិកសន្និបាតសភាអង្គការណាតូ…៕
http://ព័ត៌មានពីសហភាពអន្តរសភា ២១-០៥-២៣- តូនី ប្រែសម្រួលពី៖https://www.nato-pa.int/news/strong-message-solidarity-ukraine-first-day-nato-pa-spring-session