គណបក្សប្រឆាំងជប៉ុនស្នើឱ្យកែប្រែច្បាប់ដើមនៃសេចក្តីព្រាងច្បាប់ស្តីពី សហគមន៍ភេទទី៣
គណបក្សប្រឆាំងធំជាងគេក្នុងប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន បានឱ្យដឹងថា ខ្លួនគ្រោងដាក់ស្នើសេចក្តីព្រាងច្បាប់ឯករាជ្យមួយទៅសភា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសហគមន៍ភេទទី៣ (LGBTQ community)។ គណបក្សនេះ បានរងការរិះគន់លើការកែសម្រួលពាក្យពេចន៍នៃសេចក្តីព្រាងដើម ពីសំណាក់រាជរដ្ឋាភិបាលចម្រុះកំពុងកាន់អំណាច។
កាលពីថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក Izumi Kenta ប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន បានបង្ហាញពីទស្សនៈរបស់គណបក្សលោក ក្នុងពេលដែលលោកជួបជាមួយលោក Rahm Emanuel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន។ លោក Izumi បានថ្លែងថា សេចក្តីព្រាងច្បាប់ដែលទើបបានពិនិត្យពិភាក្សារួចនេះ បានបង្ហាញឱ្យឃើញពីការប្រាសចាកពីគោលបំណងដើម។
កាលពីសប្តាហ៍មុន លោក Emanuel បានបង្ហោះវីដេអូមួយនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោក ជាឃ្លីបវីដេអូ ជាសារគាំទ្រលើសិទ្ធិរបស់សហគមន៍ភេទទី៣ របស់បេសកកម្មការទូតនៃប្រទេសនានាប្រចាំប្រទេសជប៉ុន។ ប្រេសិតនានាមកពីបេសកកម្មការទូត១៥ប្រទេស បានសម្តែងជំហរប្រឆាំងចំពោះការរើសអើងនៅក្នុវឃ្លីបវីដេអូនោះ។ លោក Izumi បានថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មាននានា បន្ទាប់ពីកិច្ចប្រជុំនោះថា សហគមន៍ភេទទី៣ នេះ កំពុងសម្តែងការខកចិត្ត និងអស់សង្ឃឹម ចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលកែសម្រួលដោយរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច។ លោក Izumi បានបន្ថែមទៀតថា សមាជិកក្រុមភេទទី៣នេះ បានឱ្យដឹងថា ពួកគាត់មិនចង់ឱ្យសេចក្តីព្រាងច្បាប់ដើមនេះ កែប្រែឡើយ។
ក្រុមសមាជិកសភាឯករាជ្យ បានព្រាងសេចក្តីព្រាងច្បាប់ដើមនេះ អស់រយៈពេល ២ ឆ្នាំមកហើយ។ ប៉ុន្តែ គណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរី និងដៃគូសម្ព័ន្ធភាពគណបក្សរបស់ខ្លួន គឺគណបក្ស Komeito បានកែសម្រួលសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៩-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www3.nhk.or.jp/nhkworld/en/news/20230518_12/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម