logo logo
banner1
ការបោះឆ្នោតសភាអឺរ៉ុប នីតិកាលថ្មីនឹងធ្វើឡើងរវាងថ្ងៃទី០៦ និងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤
 

លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប

ការបោះឆ្នោតសភាអឺរ៉ុប ត្រូវបានគេចាត់ទុកថាជាការបោះឆ្នោតពហុជាតិដ៏ធំបំផុតមួយនៅក្នុង   ពិភពលោក។ ការបោះឆ្នោតនីតិកាលថ្មី ដើម្បីជ្រើសតាំងសមាជិកសភា ៧០៥រូប នៅក្នុងសភាអឺរ៉ុបនឹងត្រូវធ្វើឡើងនៅរវាងថ្ងៃទី០៦ និងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

កាលបរិច្ឆេទបណ្តោះអាសន្នដែលជ្រើសរើសដោយឯកអគ្គរដ្ឋទូត មកពីបណ្តារដ្ឋជាសមាជិកសហ ភាពអឺរ៉ុបទាំង២៧ប្រទេស ក្នុងអំឡុងពេលនៃកិច្ចប្រជុំនាថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយនឹង ក្លាយជាកាលបរិច្ឆេទផ្លូវការនៅសប្តាហ៍ក្រោយ  បន្ទាប់ពីរដ្ឋមន្រ្តីអឺរ៉ុបប្រថាប់ត្រាលើសេចក្តីសម្រេច។ ការ បោះឆ្នោតបានធ្វើ​ឡើង​ជារៀងរាល់​ ៥ឆ្នាំម្តង ក្នុងអំឡុងពេល ៤ថ្ងៃ និងត្រូវបានគេចាត់ទុកថាជាការបោះឆ្នោតពហុជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក៖ អ្នកមានសិទ្ធិបោះឆ្នោតជាង ៤០០លាន​នាក់​មកពីសញ្ជាតិផ្សេងៗគ្នា ត្រូវបានអំពាវនាវឱ្យទៅបោះឆ្នោតជ្រើសរើសតំណាងនយោបាយរបស់ពួកគេ នៅក្នុង សភាអឺរ៉ុបក្នុងពេលតែមួយ។

ការបោះឆ្នោតសមាជិកសភាអឺរ៉ុប ក៏នឹងផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុបផងដែរ  មានន័យថាការងារទទួលខុសត្រូវបច្ចុប្បន្ន​របស់​លោកស្រី  Ursula  von der  Leyen និង លោក Charles Michel នឹងនៅទំនេរ។ ការបោះឆ្នោតនីតិកាលមុនធ្វើឡើងកាលពីឧសភា ឆ្នាំ២០១៩ មានអ្នកចេញទៅបោះឆ្នោត ៥០.៦៦% កើន៨ពិន្ទុ បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៤។ លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុបបានបង្ហោះសារជាវីដេអូរយៈពេល ១នាទី នៅក្នុងគណនីបណ្តាញសង្គម Twitter របស់លោកស្រីដោយលើកទឹកចិត្តឱ្យអ្នកបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោត និងក្លាយជាផ្នែកមួយនៃការអនុវត្តប្រជាធិបតេយ្យ​ដ៏ធំ​បំផុតនៅក្នុងអឺរ៉ុប។ “សហភាពអឺរ៉ុប មិនល្អឥតខ្ចោះនោះទេ ប៉ុន្តែវាវិវត្តន៍ជាបន្តបន្ទាប់  ពិភពលោកកំពុងតែផ្លាស់ប្តូរ ហើយយើងត្រូវតែផ្លាស់ប្តូរតាម”។ យើងត្រូវតែធ្វើ​កំណែទម្រង់ យើងមិនត្រូវខ្លាចការផ្លាស់ប្តូរនោះទេ យើងត្រូវតែទទួលយកវា។

ការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន វិបត្តិនៃការទ្រទ្រង់ជីវភាពរស់ប្រចាំថ្ងៃ ការផ្គត់ផ្គង់ថាមពលបម្រែបម្រួលអាកាសធាតុ និងបញ្ហាទេសន្តរ​ប្រវេសន៍ គឺជាបញ្ហាដ៏លេចធ្លោ នៅក្នុង យុទ្ធនាការឃោសនាបោះឆ្នោតសភាអឺរ៉ុបនាពេលខាងមុខ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៨-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euronews.com/my-europe/2023/05/17/the-next-elections-to-the-european-parliament-will-be-held-between-6-and-9-june-2024



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`