សន្និបាតអង្គការសុខភាពពិភពលោក (WHA)
ក្រុមមិត្តភាពសភានៃសាធារណរដ្ឋឡេតូនី-កោះតៃវ៉ាន់ បានសរសេរលិខិតមួយផ្ញើទៅកាន់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ស្នើឱ្យកោះតៃវ៉ាន់ បានចូលក្នុងស្ថាប័នសុខាភិបាលសកលមួយនេះ។
ក្រុមសមាជិកសភាឡេតូនីបានថ្លែងថា ខ្លួនការពារសិទ្ធិសុខភាពរបស់តៃវ៉ាន់ និងគាំទ្រឱ្យតៃវ៉ាន់ ចូលរួមក្នុងកិច្ចប្រជុំ សកម្មភាព និងយន្តការនានារបស់អង្គការ WHO ព្រមទាំងដាក់បញ្ចូលជាអ្នកសង្កេតការណ៍នៅឯសន្និបាតសុខភាពពិភពលោក (WHA) លើកទី៧៦។ សហគមន៍អន្តរជាតិគួរតែអាចទទួលបានផលប្រយោជន៍ពីបទពិសោធមកពីគ្រប់ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំង ភាពជោគជ័យរបស់ តៃវ៉ាន់ក្នុងការរួមចំណែកដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩។ ការដែលអង្គការ WHO បន្តផាត់ ចោលតៃវ៉ាន់ បានឆ្លុះបញ្ចាំងនូវភាពបរាជ័យរបស់ខ្លួនក្នុងការអនុវត្តនូវគោលការណ៍នៃភាពជាសកល និងសមភាពដែលបានចារឹកនៅក្នុងធម្មនុញ្ញអង្គការ WHO ក៏ដូចជា បទដ្ឋានក្រមសីលធម៌របស់អង្គការនេះ។
លិខិតដដែលខាងលើបានកោតសរសើរដល់សមិទ្ធផលរបស់តៃវ៉ាន់ក្នុងវិស័យសុខាភិបាល ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ កោះតៃវ៉ាន់បានបរិច្ចាគម៉ាស ៥៥លាន និង ឧបករណ៍វេជ្ជសាស្រ្តផ្សេងៗទៀត ដូចជា ទែម៉ូម៉ែត្រវាស់កម្តៅ សម្លៀកបំពាក់ពេទ្យ សម្លៀកបំពាក់ការពារមេរោគ ឧបករណ៍អុកស៊ីហ្សែន ឧបករណ៍ធ្វើតេស្ត PCR និងស្រោមដៃទៅកាន់ប្រទេស និងអង្គការអន្តរជាតិជាង៨០។ លើសពីនេះទៀត តៃវ៉ាន់បានផ្តល់សម្ភារៈវេជ្ជសាស្រ្ត ២៧តោន និងជំនួយមនុស្សធម៌ ៧០០តោនដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីសហព័ន្ធរុស្ស៊ីបានចូលឈ្លានពាន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក។ ប្រជាជាតិអាស៊ីខាងកើតមួយនេះបានបន្តទាមទារចូលរួមយ៉ាងសំខាន់ក្នុងសកម្មភាពទាំងអស់របស់ អង្គការសុខភាពពិភពលោក (WHO)។
សន្និបាតសុខភាពពិភពលោកលើកទី៧៦ (WHA) គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ បើទោះបីជាមិនបានទទួលការអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសុខភាពសកលមួយនេះក៏ដោយ ក៏កោះតៃវ៉ាន់នឹងបញ្ជូនគណៈប្រតិភូមួយក្រុមដឹកនាំដោយលោក Hsueh Jui-yuan រដ្ឋមន្រ្តីក្រសួងសុខាភិបាលតៃវ៉ាន់ទៅចូលរួមក្នុងសន្និបាត៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៦-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4892258
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម