គណៈប្រតិភូសមាជិកសភាស៊ុយអែត អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ Taoyuan កោះតៃវ៉ាន់
គណៈប្រតិភូសមាជិកសភានៃព្រះរាជាណាចក្រស៊ុយអែតមួយក្រុម បានអញ្ជើញដល់កោះតៃវ៉ាន់ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ ដែលក្នុងអំឡុងពេលនោះ គណៈប្រតិភូសមាជិកសភានឹងមានជំនួបជាមួយលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។
ក្រសួងការបរទេសកោះតៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូសមាជិកសភាស៊ុយអែត បានអញ្ជើញដល់កោះតៃវ៉ាន់នាថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ហើយនឹងបញ្ចប់ទស្សនកិច្ច នៅថ្ងៃសៅរ៍ចុងសប្តាហ៍។ សមាជិកសភាស៊ុយអែតនឹងចូលជួបលោក Wellington Koo អគ្គលេខា ធិការក្រុមប្រឹក្សាសន្តិសុខជាតិ លោក Tsai Chi-chang អនុប្រធានសភាតៃវ៉ាន់ និងលោក Joseph Wu រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ ក្នុងអំឡុងពេលស្នាក់អាស្រ័យនៅដីកោះមួយនេះ។ គណៈប្រតិភូសមាជិកសភា ក៏នឹងមានជំនួបជាមួយក្រសួងកិច្ចការសេដ្ឋកិច្ច ក្រសួងសុខាភិបាល និងសុខុមាលភាព ព្រមទាំងស្ថាប័ន វេជ្ជសាស្រ្ត អប់រំ និងវប្បធម៌ ដើម្បីយល់ដឹងពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅក្នុងកោះតៃវ៉ាន់ផងដែរ។
នេះគឺជាក្រុមសមាជិកសភាស៊ុយអែតដំបូងគេដែលបានបំពេញទស្សនកិច្ចក្នុងកោះតៃវ៉ាន់ គិតចាប់ តាំងពីខែមេសា ឆ្នាំ២០២២មក។ ក្រសួងបានពណ៌នាថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកសភាស៊ុយអែតបានបង្ហាញនូវចំណងទាក់ទងដ៏កក់ក្តៅរវាងស៊ុយអែត និងតៃវ៉ាន់ ដោយបានកត់សម្គាល់ថា លោក Ulf Kristersson នាយករដ្ឋមន្រ្តីស៊ុយអែតបានសម្តែងនូវក្តីបារម្ភពាក់ព័ន្ធនឹងការគំរាមកំហែងពីយោធាចិនចំពោះតៃវ៉ាន់ នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់សភាជាលើកដំបូងរបស់លោក កាលពីខែតុលា ឆ្នាំ២០២២កន្លងមក។
ពាក់ព័ន្ធនឹងគោលនយោបាយការបរទេស លោក Kristersson បានថ្លែងថា ស៊ុយអែតកំពុងតែ ប្រឈមមុខនឹងបញ្ហាប្រឈមគោលនយោបាយការបរទេស សន្តិសុខ និងការពារជាតិដ៏ធ្ងន់ធ្ងរនៃយុគសម័យទំនើប។ វោហាសាស្រ្តថ្មីៗបំផុតរបស់ចិនទៅកាន់កោះតៃវ៉ាន់គឺគួរឱ្យបារម្ភ ហើយការគំរាមកំហែងប្រើកម្លាំងយោធាគឺមិនអាចទទួលយកបានឡើយ។ លោក Kristersson បានថ្លែងបន្ថែមថា ប្រទេសស៊ុយអែតនឹងមិនទទួលយកបានជាដាច់ខាតដែលរដ្ឋមួយ បំពានលើប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិស្វ័យសម្រេចរបស់រដ្ឋដទៃ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៦-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://focustaiwan.tw/politics/202305150003
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម