ប្រជាពលរដ្ឋថៃចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកសភាតំណាងរាស្ត្រ ៥០០ រូប
រាជធានីបាងកក៖ កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ព្រះរាជាណាចក្រថៃ បានចាប់ផ្តើមបោះឆ្នោតសកល ដើម្បីជ្រើសតាំងសមាជិកសភាតំណាងរាស្ត្រសម្រាប់នីតិកាលថ្មី នឹងឈានទៅបង្កើតរាជរដ្ឋាភិបាលនៃសភានីតិកាលថ្មី។ ប្រជាជនប្រហែល ៥២ លាននាក់មានសិទ្ធិទៅបោះឆ្នោត មុនការបិទបញ្ចប់នៅម៉ោង ៥៖០០ ល្ងាច។ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ប្រជាជនជាង ២ លាននាក់ បានបោះឆ្នោតពិសេសមុនគេ ។
នេះគឺជាការបោះឆ្នោតជ្រើសតាំងសមាជិកសភាតំណាងរាស្ត្រចំនួន ៥០០ រូប ដែលក្នុងនោះ ៤០០ រូប ត្រូវជ្រើសតាំងចេញពីមណ្ឌលបោះឆ្នោតនៅទូទាំងប្រទេស ហើយ ១០០ រូបទៀត ត្រូវជ្រើសតាំងចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយទាំងអស់នៅទូទាំងប្រទេស តាមប្រព័ន្ធ សមាមាត្រ។ ការបោះឆ្នោតតាមមណ្ឌលសភាទាំងនេះ អាសនៈ ៤០០ នេះ មានបេក្ខជនចូលរួម ៤,៧១០ រូប កំពុងប្រកួតប្រជែងយកអាសនៈ។ ក្នុងបញ្ជីគណបក្សនយោបាយទូទាំងប្រទេស មានបេក្ខជនចូលរួមចំនួន ១,៩០០ រូប មកពីគណបក្សនយោបាយចំនួន ៦៧។ អ្នកបោះឆ្នោតម្នាក់ៗ នឹងទទួលបានសន្លឹកឆ្នោត ២ សន្លឹក, សន្លឹកឆ្នោតទី១ សម្រាប់បោះឆ្នោតជ្រើសតាំងសមាជិកសភានៅតាមមណ្ឌល និង ១ សន្លឹកទៀត សម្រាប់បញ្ជីឈ្មោះគណបក្សនយោបាយ។
នៅក្នុងរាជធានីបាងកក អ្នកបោះឆ្នោតបានចាប់ផ្តើមបោះឆ្នោតបណ្តើរៗ បន្ទាប់ពីស្ថានីយបោះឆ្នោតបានបើកទ្វារនៅវេលាម៉ោង ៨៖០០ ព្រឹក។ ក្នុងចំណោមអ្នកបោះឆ្នោតទាំងនោះ មានអ្នកបោះឆ្នោតលើកដំបូងម្នាក់ គឺលោក Natchanon Prasansri ដែលប្រហែលជាទើបចូលរៀនមហាវិទ្យាល័យ។ និស្សិតវ័យ ១៨ ឆ្នាំ រូបនេះ បាននិយាយនៅខាងក្រៅស្ថានីយបោះឆ្នោតក្នុងស្រុក Vadhana ថា «ការបោះឆ្នោតនេះ គឺមានសារៈសំខាន់ណាស់ ពីព្រោះវាជាអនាគត និងជាសិទ្ធិរបស់យើងទាំងអស់គ្នា។ យើងត្រូវជ្រើសរើសតំណាងដែលយើងពេញចិត្ត និងមានទំទុកចិត្ត ពីព្រោះគណបក្សនយោបាយជាច្រើន មានគោលនយោបាយច្រើន ហើយក៏ជាកត្តាសម្រេចជោគវាសនារបស់ប្រទេសជាតិផងដែរ»។
លោក Natchanon បានថ្លែងប្រាប់សារព័ត៌មាន CNA ថា រាជរដ្ឋាភិបាលថ្មីនៅពេលខាងមុខនេះ ត្រូវដោះស្រាយជាបន្ទាន់លើបញ្ហាផ្សេងៗ រួមមាន ការបំពុលបរិយាកាស និងសាធារណការ ដែលលោក ត្រូវពឹងផ្អែកទាំងស្រុងលើការធ្វើដំណើរទៅធ្វើការ។ «លោកកម្រចេញក្រៅផ្ទះរបស់លោកណាស់ ដោយសារការបំពុលបរិយាកាសនេះ»៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៥-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.channelnewsasia.com/asia/thailand-general-election-polls-open-politics-parliament-lower-house-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម