
ការស្ទង់មតិបានបង្ហាញថា ភាគច្រើនបំផុតនៃប្រជាជននៃសាធារណរដ្ឋតួកគី ចង់ឱ្យស្រ្តីច្រើនជាងពេលបច្ចុប្បន្ន មានវត្តមានក្នុងវិស័យនយោបាយរបស់ប្រទេសនេះ ប៉ុន្តែបញ្ហានៃចំនួនស្រ្តីដ៏ស្តួចស្តើង នៅក្នុងសភានៃប្រទេសនេះ នឹងនៅតែបន្តមាន។ នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា នេះ ប្រជាជនតួកគី ប្រមាណ៦០លាននាក់ នឹងត្រូវទៅបោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងសមាជិកសភា។
យោងតាមទិន្នន័យនៅដើមខែនេះ របស់អង្គការBen Secerim ដែលបានបង្កើតឡើងកាលពីពីរឆ្នាំមុន ក្នុងទិសដៅដើម្បីជំរុញការចូលរួមរបស់ស្រ្តីក្នុងវិស័យនយោបាយ បានបង្ហាញថា គឺមានស្រ្តីតែ២០រូបប៉ុណ្ណោះ ដែលឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកសភា ដែលមានឈ្មោះថា The Turkish Grand National Assembly ហើយបើយោងតាមលំដាប់លេខរៀង នៃបេក្ខជនឈរឈ្មោះបោះឆ្នោតដែលគណបក្សនយោបាយនីមួយៗនោះ គឺសង្ឃឹមថាប្រហែលជាមានស្រ្តីប្រមាណ៤រូប តែប៉ុណ្ណោះ ដែលមានវាសនាក្លាយជាសមាជិកសភា។ លោកស្រីNilden Bayazit ប្រធានអង្គការBen Secerim បាន ថ្លែងថា៖”នេះមិនមែនជារឿងសប្បាយឡើយ សម្រាប់ពួកយើង។ វាជាជញ្ជាំង(ឧបសគ្គ)ដ៏ធំសម្រាប់បេក្ខជនជានារី ហើយសូម្បីតែគណបក្សដែលគេចាត់ទុកថា ជាគណបក្សសេរីនិយមជាងគេ ក៏មានបញ្ហានេះកើតឡើងដែរ។ ទាំងនេះបានបង្ហាញថា នៅមានឧបសគ្គជាច្រើនសម្រាប់ស្រ្តីក្នុងឆាកនយោបាយ ហើយអ្នកនយោបាយទាំងអស់ ហាក់គ្មានចេតនាធ្វើឱ្យស្ថានភាពនេះមានភាពប្រសើរឡើងឡើយ។
ចំនួនដ៏ស្តួចស្តើងនៃស្រ្តីចូលរួមឈរឈ្មោះសម្រាប់ការបោះឆ្នោតនាពេលនេះ បាននាំឱ្យមានការអាក់ អន់ស្រពន់ចិត្ត ពីសំណាក់អ្នកដែលចង់ឱ្យមានស្រ្តីជាតំណាងច្រើនក្នុងសភា ពីព្រោះក្នុងការបោះឆ្នោតលើកនេះ អ្នកបោះឆ្នោតជាស្រ្តីមានរហូតដល់៧០.៧%។ គូសបញ្ជាក់ដែរថា ស្រ្តីក្នុងប្រទេសតួកគី ចាប់ផ្តើម មានសិទ្ធិបោះឆ្នោតក្នុងឆ្នាំ១៩៣៤។ សភាតួកគីមានសមាជិកសរុប៦០០នាក់ មានអាណត្តិ៥ឆ្នាំ។
សម្រាប់ការបោះឆ្នោតឆ្នាំនេះ គណបក្សកាន់អំណាចរបស់លោកRecep Tayyip Erdogan គឺគណ-បក្សយុត្តិធម៌ និងការអភិវឌ្ឍ បានដាក់បេក្ខជនជាស្រ្តីចំនួន១១៣រូប (១៨.៨%) ខណៈដែលគណបក្សប្រ ឆាំងដ៏ធំ គឺគណបក្សសាធារណរដ្ឋប្រជាមានិត បានដាក់បេក្ខជនជាស្រ្តីចំនួន១៥៦រូប (២៦%)។ គណបក្សកម្មករតួកគី បានបេក្ខជនជាស្រ្តីច្រើនជាងគេ គឺចំនួន៤០.៥%។ មានបេក្ខជនជាស្រ្តីតែ១១រូប ដែលឈរលេខរៀងទី១ នៅក្នុងបញ្ជីបេក្ខជនរបស់គណបក្សប្រឆាំង និងតែ៤រូបប៉ុណ្ណោះ នៅក្នុងបញ្ជីបេក្ខជនរបស់គណបក្សកាន់អំណាច។
ជាបញ្ហាទូទៅនៅក្នុងពិភពលោក
ភាពជាតំណាងដ៏តិចតួចរបស់ស្រ្តីនៅក្នុងសភាជាតិ មិនមែនកើតមានឡើងតែនៅក្នុងប្រទេសតួកគី ឡើយ។ ទិន្នន័យរបស់សហភាពអន្តរសភា (IPU) បានបង្ហាញថា មានតែសភានៃប្រទេសចំនួន៥ប៉ុណ្ណោះ ដែលមានសមាជិកា៥០% ឬលើសពីនេះ។ លទ្ធផលការបោះឆ្នោតក្នុងឆ្នាំ២០១៨ ក្នុងប្រទេសតួកគី បាននាំឱ្យសភាប្រទេសនេះមានសមាជិកា១៧.៤% និងធ្វើឱ្យសភាប្រទេសនេះជាប់ចំណាត់ថ្នាកទី១៣២ នៃសភាដែលមានសមាជិកាច្រើនក្នុងពិភពលោក។ មជ្ឈដ្ឋានខ្លះបានទម្លាក់បញ្ហានេះ ទៅលើវប្បធម៌បិតាធិបតេយ្យ (Patriarchy) ក្នុងសង្គមតួកគី ប៉ុន្តែខ្លះថាឥរិយាបថ (Attitudes) គឺជាដើមចមនៃបញ្ហា។
ការស្រាវជ្រាវមួយរបស់អង្គការBen Secerim និងស្ថាប័នKonda(ស្ថាប័នស្ទង់មតិ) កាលពីឆ្នាំ២០ ២២ បានបង្ហាញថា ៦២%នៃអ្នកឆ្លើយតបនឹងការស្ទង់មតិ បានលើកឡើងថា អ្នកនយោបាយជាស្រ្តីអាចជួយប្រទេសតួកគីឱ្យអភិវឌ្ឍ និងសង្គម បានប្រសើរជាងនេះ។ អ្នកឆ្លើយតបក្នុងចំនួនប្រហាក់ប្រហែល នឹងចំនួនខាងលើនេះ បានគាំទ្រឱ្យកំណត់កូតានៃចំនួនសមាជិកាសភាពីគណបក្សនយោបាយទាំងអស់។ ជិត៣ភាគ៤ នៃអ្នកឆ្លើយតបនឹងការស្ទង់មតិ បានលើកឡើងថា ពួកគេពេញចិត្តគាំទ្រឱ្យស្រ្តីក្នុងក្រុមគ្រួសាររបស់ពួកគេចូលរួមក្នុងនយោបាយ។
លោកស្រីBayazit ប្រធានអង្គការBen Secerim បានថ្លែងបន្ថែមទៀតថា៖ ”វត្តមានដ៏តិចតួចរបស់ស្រ្តីក្នុងវិស័យនយោបាយ បង្កឱ្យមានបញ្ហាច្រើនលើសពីបញ្ហាវិសមភាពនៃភាពជាតំណាង។ អ្នកនយោបាយ ជាស្រ្តី គឺតម្រូវការមួយរបស់សង្គមជាធិបតេយ្យ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុ លុបបំបាត់អំពើពុករលួយកែទម្រង់គោលនយោបាយអប់រំ និងរៀបចំគោលនយោបាយសម្រាប់ក្រុមគ្រួសារ ទូទៅ។”
តាំងពីយូរណាស់មកហើយ ស្រ្តីតួកគីបានដើរតួនាទីយ៉ាងស្វិតស្វាញក្នុងយុទ្ធនាការផ្សេងៗ ពាក់ ព័ន្ធនឹងបញ្ហាសង្គម។ រៀងរាល់ឆ្នាំនៃទិវាអន្តរជាតិស្រ្តី ថ្ងៃ៨ ខែមីនា គេឃើញស្រ្តីតួកគីរាប់ពាន់នាក់រៀបចំក្បួននៅលើដងផ្លូវ ធ្វើការទាមទារសិទ្ធិ និងសមភាព។
កាលពីឆ្នាំ២០២១ ប្រទេសតួកគីបានដកខ្លួនចេញពីអនុសញ្ញាអ៊ីស្តង់ប៊ូល ស្តីពីការពារស្រ្តីពីអំពើហិង្សា ដែលការធ្វើដូច្នេះ បាននាំឱ្យសកម្មជនសង្គមស៊ីវិលមានការខ្លាចរអាជាងមុន ក្នុងការធ្វើសកម្មភាព ពាក់ព័ន្ធនឹងការទប់ស្កាត់អំពើហិង្សាលើស្រ្តី។ រដ្ឋាភិបាលតួកគី បានចេញសេចក្តីថ្លែងការណ៍ មួយពាក់ព័ន្ធនឹងការដកខ្លួននោះថា៖ ”ការសម្រេចចិត្តដកខ្លួនពីសន្ធិសញ្ញាអ៊ីស្តង់ប៊ូល មិនមែនមានន័យថាសាធារណរដ្ឋតួកគីមិនបន្តការពារស្ត្រីឡើយ។ ទោះបីប្រទេសតួកគី ដកខ្លួនចេញពីអនុសញ្ញានេះក៏ដោយ ក៏រដ្ឋាភិបាលតួកគី នឹងមិនបោះបង់ឡើយនូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពីហិង្សាក្នុងគ្រួសារ…៕
http://ព័ត៌មានពីសហភាពអន្តរសភា ១៤-០៥-២៣- តូនី ប្រែសម្រួលពី៖https://www.aljazeera.com/news/2023/5/10/women-face-political-barriers-ahead-turkey-elections