ក្រុមហ៊ុនទាហានស៊ីឈ្នួលប្រយុទ្ធរបស់សហព័ន្ធរុស្ស៊ី Wagner Group
កាលពីថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ សភានៃសាធារណរដ្ឋបារាំងបានអំពាវនាវឱ្យសហភាព អឺរ៉ុបចាត់បញ្ចូលជាផ្លូវការថា ក្រុមទាហានស៊ីឈ្នួលរបស់សហព័ន្ធរុស្ស៊ី (Wagner Group) ថាជាអង្គការភេរវករ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអង់គ្លេស The Guardian ដែលទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Ukrinform បានទទួល។ លោក Benjamin Haddad សមាជិកសភាបារាំងបានថ្លែងក្នុងសភាថា “មិនថាពួកគេធ្វើការនៅទីណា សមាជិក Wagner Group បានបង្កនូវអស្ថិរភាព និងអំពើហិង្សានៅទីនោះ ពួកគេសម្លាប់ និងធ្វើទារុណកម្ម។ ពួកគេសម្លាប់រង្គាល បំផ្លិចបំផ្លាញ និងឆក់ប្លន់។ ពួកគេសំឡុតបំភិតបំភ័យ គំរាមកំហែង និងដោយគ្មានការដាក់ទោសនោះឡើយ”។
លោក Haddad បានថ្លែងបន្ថែមថា កងកម្លាំង Wagner មិនមែនជាក្រុមទាហានស៊ីឈ្នួលធម្មតាដែលស្រេកឃ្លានដើម្បីតែលុយនោះឡើយ។ ពួកគេដើរតាមយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយពីប្រទេសម៉ាលីមកអ៊ុយក្រែនគាំទ្រគោលនយោបាយដ៏គគ្លើនរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin មកលើតម្លៃប្រជាធិបតេយ្យរបស់យើង។ នាថ្ងៃអង្គារ ខែឆ្នាំដដែលនោះ សភាជាន់ទាប ឬរដ្ឋសភាបារាំង បានបោះឆ្នោតលើសេចក្តីសម្រេចមួយទទួលស្គាល់ថា Wagner Group គឺជាអង្គការភេរវករ។ សេចក្តីសម្រេចនេះក៏ធ្វើឡើងដើម្បីជំរុញទឹកចិត្តឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេស ដាក់បញ្ចូល Wagner Group ទៅក្នុងបញ្ជីផ្លូវការរបស់ខ្លួនជាអង្គការភេរវករ។
បើតាមសារព័ត៌មានអង់គ្លេស The Times បានរាយការណ៍ និងតាមប្រភពមួយនៅក្នុងរាជរដ្ឋា ភិបាលអង់គ្លេស ទីក្រុងឡុងដ៏ក៏មានបំណងដាក់បញ្ចូល Wagner Group ទៅក្នុងបញ្ជីផ្លូវការរបស់ខ្លួនជាអង្គការភេរវករផងដែរ។ ប្រភពដដែលបានថ្លែងថា ក្រសួងអន្តោប្រវសន៍ និងសន្តិសុខ ច្បាប់ និងសណ្តាប់ធ្នាប់ចក្រភពអង់គ្លេស(UK Home office) បានធ្វើការងារនេះ ជាង ២ខែមកហើយ ហើយការចាត់បញ្ចូលក្រុមនេះក្នុងបញ្ជីអង្គការភេរវករ ទំនងជានឹងធ្វើឡើងក្នុងប៉ុន្មានសប្តាហ៍ទៀត។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអឺរ៉ុបបានប្រកាសជាផ្លូវការ ពីការសម្រេចចិត្តក្នុងការអនុវត្តវិធានការប្រឆាំងនឹង Wagner Group ដែលរដ្ឋាភិបាលវិមានក្រឹមឡាំង បានប្រើប្រាស់ពួកគេយ៉ាងសកម្មក្នុងសង្រ្គាមឈ្លានពានលើប្រទេសអ៊ុយក្រែន ក៏ដូចជា ក្នុងប្រតិបត្តិការយោធានៅក្នុងតំបន់ដទៃៗទៀត ជាពិសេស នៅក្នុងបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១១-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ukrinform.net/rubric-polytics/3707162-french-parliament-calls-on-eu-to-recognize-wagner-group-as-terrorist-organization.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម