
សន្និបាតអន្តរសភាលើកទី១៤៤ នឹងប្រព្រឹត្តិទៅនៅនូហ្សាឌួ(Nusa Dua)កោះបាលី ពីថ្ងៃទី២០-ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រោមការៀបចំរបស់សភាសាធារណរដ្ឋឥណ្ឌូនេស៊ី។ សន្និបាតនេះនឹងមានការចូលរួមដោយផ្ទាល់ពីសមាជិកសភាជាច្រើនរយនាក់ មកពីប្រទេសនានាជុំវិញពិភពលោក ក្រោមប្រធានបទ”ខិតទៅកាន់ចំណុចសូន្យ៖ កៀរគរសភានៃប្រទេសនានា ឱ្យធ្វើសកម្មភាពលើបញ្ហាបម្រែបម្រួល អាកាសធាតុ” (Getting to zero: Mobilizing parliaments to act on climate change)។
ភាពអាសន្នផ្នែកអាកាសធាតុ(The Climate Emergency)កំពុងបង្កផលប៉ះពាល់ ដល់គ្រប់តំបន់នៃពិភពលោក ហើយភាពអាសន្ននេះកំពុងវិវឌ្ឍធ្ងន់ធ្ងរឡើងៗយ៉ាងលឿន។ ការស្រាវជ្រាវថ្មីៗចុងក្រោយ ដោយគណៈអន្តររដ្ឋាភិបាលទទួលបន្ទុកការងារបប្រែបម្រួលអាកាសធាតុ(The Inter government Pa nel on Climate Change)បានបង្ហាញថា ប្រសិនបើមិនធ្វើការកាត់បន្ថយជាបន្ទាន់នូវការបំភាយឧស្ម័នផ្ទះកញ្ចក់(Greenhouse gas)ទេ នោះគោលដៅរបស់ពិភពលោកក្នុងការរក្សាកំណើនកំដៅអាកាសធាតុមិនឱ្យលើសពី២ដឺក្រេអង្សាសេ នឹងមិនអាចសម្រេចទៅបានឡើយ នាពេលអនាគត។
សមាជិកសហភាពអន្តរសភានឹងធ្វើការពិចារណាថា តើសភាត្រូវធ្វើសកម្មភាពចាំបាច់អ្វីខ្លះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយភាពអាសន្នផ្នែកអាកាសធាតុ និងដើម្បីអនុវត្តនូវកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ? តើសភាត្រូវធ្វើដូចម្តេចដើម្បីប្រើប្រាស់នូវពេលវេលានៃការស្រាកស្រាន្តពីជំងឺកូវីដ-១៩ ដើម្បីបង្កើនល្បឿននៃការជួយដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ? តើសភាត្រូវមានវិធីសាស្រ្តដូចម្តេច ដើម្បីធានាថាសកម្មភាពនៃការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុរបស់រដ្ឋាភិបាលពិតជាបានគិតគូរដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងសង្គម ដែលក្នុងនោះរួមមានផងដែរនូវស្រ្តី និងកុមារ?
សមាជិកសភាចូលរួមក្នុងសន្និបាតសហភាពអន្តរសភាលើកទី១៤៤ នេះក៏នឹងបានស្តាប់ផងដែរអំពីសក្ខីកម្ម ដែលផ្តល់ដោយសកម្មជនអាកាសធាតុ និងតំណាងមកពីប្រទេសដែលប្រឈមផ្ទាល់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ជាពិសេសរដ្ឋជាដែនកោះតូច(ប្រទេស)កំពុងអភិវឌ្ឍ។
ជាមួយនឹងការគិតគូរផងដែរដល់សង្រ្គាមក្នុងសាធារណរដ្ឋអ៊ុយក្រែន សមាជិកសហភាពអន្តរសភា
ត្រូវបានគេរំពឹងផងដែរថា នឹងធ្វើការអនុម័តលើសេចក្តីសម្រេចដ៏គួរឱ្យសម្គាល់មួយស្តីពី ការគិតគូរជាថ្មី និងការកំណត់ឡើងវិញនូវវិធីសាស្រ្តនៃដំណើការសន្តិភាព ដើម្បីរក្សាឱ្យបាននូវសន្តិភាពជានិរន្តរ៍។ សេចក្តីសម្រេចនេះ ត្រូវបានគេរំពឹងថា គឺជាការបញ្ជាក់សាឡើងវិញនូវគោលការណ៍គ្រឹះនៃការបង្កើតសហភាពអន្តរសភា ដែលផ្តោតសំខាន់លើការជ្រើសយកការជជែកពិភាក្សាគ្នា ដើម្បីដោះស្រាយជម្លោះអន្តរជាតិ។ ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិយម និងការធានាការគោរពច្បាប់អន្តរជាតិ ក៏ជាប្រធានបទដ៏សំខាន់ នៃកិច្ចពិភាក្សានៅក្នុងសន្និបាតលើកទី១៤៤នេះដែរ។
នៅក្នុងអំឡុងមហាសន្និបាតនេះ សហភាពអន្តរសភានឹងចេញផ្សាយនូវឯកសារចំនួន២ សម្រាប់ស មាជិកសភា រួមមាន៖(១)សៀវភៅក្បួនខ្នាត ស្តីអំពីការពង្រឹងប្រុងប្រៀបទុកជាមុនផ្នែកសន្តិសុខសុខាភិបាល(Handbook on Strengthening Health Security Preparedness) ដែលសៀវភៅនេះត្រូវបានចងក្រងឡើង ដោយមានកិច្ចសហការពីអង្គការសុខភាពពិភពលោក(WHO) និង(២)របាយការណ៍សភាពិភពលោកលើកទី៣ ស្តីអំពីការចូលរួមរបស់សាធារណជនក្នុងការងារសភា(The Third Global Parlia mentary Report on Public Engagement in the Work of Parliament) ដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង ដោយមានកិច្ចសហការពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP)។
គណៈកម្មាធិការសិទ្ធិមនុស្សរបស់សមាជិកសភា(របស់សហភាពអន្តរសភា) ក៏នឹងធ្វើការពិចារ ណាផងដែរ អំពីករណីថ្មីៗចុងក្រោយនេះនៃការរំលោភសិទ្ធិមនុស្សរបស់សមាជិកទូទាំងពិភពលោក រួមមានករណីកើតឡើងនៅក្នុងប្រទេសបេឡារុស អេក្វាទ័រ អេស្វាទីនី(Eswatini) មីយ៉ាន់ម៉ា និងវ៉េណេស៊ុយអេឡា៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ២០-០៣-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/press-releases/2022-03/ipu-assembly-aims-intensify-parliamentary-action-climate-emergency