logo logo
banner1
សមាជិកសភា ១៣៣រូប មកពីសន្និបាតសភាក្រុមប្រឹក្សាអឺរ៉ុប និងសន្និបាត សភាអង្គការ OSCE នឹងត្រួតពិនិត្យមើលការបោះឆ្នោត នៅក្នុងប្រទេសតួកគី
 

សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងសមាជិកសភាតួកគី

សមាជិកសភាសរុបចំនួន ១៣៣រូប តំណាងសន្និបាតសភាក្រុមប្រឹក្សាអឺរ៉ុប(PACE) និងសន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងអឺរ៉ុប (OSCE-PA)នឹងត្រួតពិនិត្យមើលការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងសមាជិកសភានៃសាធារណរដ្ឋតួកគី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។  គណៈប្រតិភូមួយក្រុមដែល​មាន​សមាជិក ៣៣រូប មកពីសន្និបាតសភា PACE ដឹកនាំដោយលោក Frank Schwabe សមាជិកសភាអឺរ៉ុបមកពីប្រទេសអាល្លឺម៉ង់ និងជាប្រធានក្រុមជនសង្គមនិយម ប្រជាធិបតេយ្យនិងបៃតងនឹងទៅដល់តួកគី នៅថ្ងៃទី១២-១៥ ខែឧសភា ឆ្នាំ២០២៣។  នេះបើតាមសេចក្តីថ្លែងការណ៍ មួយរបស់សន្និបាតសភាក្រុមប្រឹក្សាអឺរ៉ុប (PACE)។

សមាជិក ១រូប នៃគណៈកម្មការ Venice ដែលជាក្រុមអ្នកជំនាញការច្បាប់ឯករាជ្យរបស់ក្រុមប្រឹក្សាអឺរ៉ុបនឹងផ្តល់ការគាំទ្រដល់ក្រុមត្រួតពិនិត្យការបោះឆ្នោត។ កន្លងមក គណៈប្រតិភូចម្រុះគណបក្សរបស់ សន្និបាតសភា PACE រួមមាន សមាជិក ៦រូប ដែលដឹកនាំដោយលោក Schwabe បានមកត្រួតពិនិត្យមើលមុនការ​បោះឆ្នោតនៅក្នុង​ប្រទេស​តួកគី កាលពីថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៣។ រដ្ឋាភិបាល   ទីក្រុងអង់ការ៉ាថ្មីៗនេះបានរារាំងសមាជិកសភាដាណឺម៉ាកលោក Soren Sondergaard និងសមាជិក​សភា​ស៊ុយអែតលោក Kadir Kasirga ដែលត្រូវបានតែងតាំងជាសមាជិកបេសកកម្មអ្នកសង្កេតការណ៍បោះឆ្នោតរបស់សន្និបាតសភា OSCE-PA ពីការត្រួតពិនិត្យការបោះឆ្នោត។

សន្និបាតសភា OSCE-PA បានថ្លែងថា ខ្លួននឹងដាក់ពង្រាយបេសកកម្មសង្កេតការណ៍បោះឆ្នោត ដោយ មានសមាជិកជាង ១០០នាក់ ទៅកាន់តួកគី។ លោក Michael Georg Link សមាជិកសភាមកពី ប្រទេសអាល្លឺម៉ង់ត្រូវបានតែងតាំងជាអ្នកសម្របសម្រួលពិសេសរបស់អង្គការ OSCE និងលោកស្រី Farah Karimi សមាជិកសភាមកពីប្រទេស​ហូឡង់ នឹងធ្វើជាប្រធានគណៈប្រតិភូសន្និបាតសភា OSCE-PA។ យោងតាមបញ្ជីឈ្មោះប្រកាសដោយអាជ្ញាធរបោះឆ្នោតតួកគី មានបេក្ខជនចំនួន ៤រូប មានលក្ខណៈសម្បតិ្ត​គ្រប់គ្រាន់ជាបេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីតួកគី។

លោកប្រធានាធិបតី Recep Tayyip Erdoğan កំពុងស្វែងរកការជាប់ឆ្នោតជាថ្មី លោក Kemal Kılıçdaroğlu មេដឹកនាំគណបក្សប្រឆាំងដ៏ធំជាងគេ CHP លោក Muharrem İnce មេដឹកនាំគណបក្ស មាតុភូមិ និងលោក Sinan Oğan បេក្ខជនរបស់ក្រុមគណបក្សស្តាំនិយមជ្រុលចំនួន៤ គឺជាបេក្ខជនទាំង ៤រូប ដែលមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីតួកគី៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១០-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://stockholmcf.org/133-parliamentarians-from-pace-osce-to-monitor-elections-in-turkey/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`