logo logo
banner1
សភាអឺរ៉ុប គាំទ្រពាណិជ្ជកម្មរួចពន្ធជាមួយអ៊ុយក្រែន រយៈពេលមួយឆ្នាំទៀត
 

រូបភាពសភាអឺរ៉ុប

នៅឯសម័យប្រជុំពេញអង្គ នៅក្នុងទីក្រុងស្ត្រាសបួរ នៃសាធារណរដ្ឋបារាំង សភាអឺរ៉ុបបានបោះឆ្នោត គាំទ្រដោយសំឡេងភាគច្រើន ក្នុងដំណាក់កាលពិនិត្យ-ពិភាក្សាលើកទី១ ក្នុងសំឡេង៥៣៧ ទល់នឹង៤២សំឡេង និងអនុបវាទ ៣៨សំឡេង  ដើម្បីបន្តពាណិជ្ជកម្មរួចពន្ធជាមួយប្រទេសអ៊ុយក្រែន រយៈពេល  ១ឆ្នាំទៀត ដោយចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣តទៅ។

គណៈកម្មការអឺរ៉ុបបានស្នើបន្តវិធានការពាណិជ្ជកម្មសេរីភាវូបនីយកម្ម ១ឆ្នាំទៀត ពីថ្ងៃទី០៦ ខែ   មិថុនា ឆ្នាំ២០២៣។ ការបន្តបែបនេះ គឺមានភាពចាំបាច់ណាស់​ដើម្បីគាំទ្រសេដ្ឋកិច្ចអ៊ុយក្រែន ដោយសារតែការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ហើយកាលពីខែមិថុនា ឆ្នាំ២០២២ អ៊ុយក្រែនបានទទួលឋានៈជាប្រទេស​បេក្ខភាព​សមាជិកសហភាពអឺរ៉ុបរួចហើយ​។ ក្រោយពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែនពេញទំហឹង ក្រុមប្រឹក្សាអឺរ៉ុបានអះអាងជាថ្មីពីការត្រៀមរួចរាល់របស់ខ្លួនក្នុងការបន្តផ្តល់ដល់​អ៊ុយក្រែននូវ ជំនួយផ្នែកនយោបាយ និងសេដ្ឋកិច្ចដ៏ខ្លាំងក្លាមួយ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ និងថ្ងៃទី៩    ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក។

ជាការឆ្លើយតបចំពោះសំណើរបស់អ៊ុយក្រែន សុំផ្តល់ភាពងាយស្រួលល័ក្ខខ័ណ្ឌពាណិជ្ជកម្ម និងពង្រឹងចំណងទាក់ទងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅជាមួយសហភាពអឺរ៉ុបនោះ​ សហភាពអឺរ៉ុបបានចាត់វិធានការផ្តល់ភាពងាយស្រួលភស្តុភារកម្មសម្រាប់ការផ្គត់ផ្គង់ផលិតផលអ៊ុយក្រែន និងបង្កើតនូវច្រកផ្លូវសាមគ្គីមួយសម្រាប់ការ​នាំចេញទំនិញ​អ៊ុយក្រែន​ទៅកាន់ទីផ្សារពិភពលោក និងក្នុងបរិបទដែលរុស្ស៊ីបានហ៊ុមព័ទ្ធសមុទ្រខ្មៅរបស់អ៊ុយក្រែនមិនឱ្យអ៊ុយក្រែនអាចនាំចេញផលិតផលបាន។

សហភាពអឺរ៉ុប ក៏បានធ្វើឱ្យជម្រៅថែមទៀតនូវវិធានពាណិជ្ជកម្មសេរីភាវូបនីយកម្មជាមួយអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងទ្វេភាគី និងបានអនុម័តនូវបញ្ញតិ្តស្តីពីរបប​អនុគ្រោះពាណិជ្ជកម្មបណ្តោះអាសន្នកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ បញ្ញត្តិទាំងនេះបានចូលជាធរមាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ និងនៅតែមាន​ប្រសិទ្ធភាពរហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។ វិធានការពាណិជ្ជកម្មសេរីភាវូបនីយ កម្មដែលនឹងត្រូវបន្ត ១ឆ្នាំទៀត ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ពីសភាអឺរ៉ុប បានផ្តល់នូវការលុបចោលពន្ធគយទាំងអស់ ដោយអនុលោមតាមមាត្រា ៥ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប-អ៊ុយក្រែន និងអនុលោមតាម​វិធាននៃតំប​ន់ពាណិជ្ជកម្មសេរីស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ ដោយអនុវត្ត លើផលិតផល ២ប្រភេទ រួមមាន ផ្លែឈើនិងបន្លែ និងទំនិញកសិ-ឧស្សាហកម្មនិងផលិតផលកសិកម្ម៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១០-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ukrinform.net/rubric-economy/3706859-european-parliament-supports-dutyfree-trade-with-ukraine-for-another-year.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`