លោក Mafred Weber ស្នើឱ្យលោកស្រី Roberta Metsola បង្កើនល្បឿនបោះឆ្នោតលើផលិតកម្មអាវុធនៅអឺរ៉ុប
លោក Mafred Weber ប្រធានគណបក្សប្រជាជនអឺរ៉ុប (EPP) ចង់ឱ្យសភាអឺរ៉ុបប្រើប្រាស់នីតិវិធី លឿនបំផុតមួយដើម្បីបោះឆ្នោតលើផែនការបង្កើនសព្វាវុធ និងផលិតគ្រាប់កាំភ្លើងដើម្បីជួយដល់ប្រទេស អ៊ុយក្រែនឱ្យបានឆាប់បំផុតនៅក្នុងខែនេះ។ លោក Weber បានថ្លែងបែបនេះនៅក្នុងលិខិតមួយផ្ញើទៅ កាន់លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប។
លោក Weber បានសេរសេរក្នុងលិខិតរបស់លោកថា “ដោយសារតែមានតម្រូវការបន្ទាន់ ដើម្បី ជួយដល់អ៊ុយក្រែនបំពេញស្តុកគ្រាប់កាំភ្លើងរបស់ខ្លួន ក្រុមសមាជិកសភា EPP សូមស្នើឱ្យមាននីតិវិធីបន្ទាន់មួយ អនុលោមតាមវិធានលេខ ១៦៣ នៃបទបញ្ជាផ្ទៃក្នុងរបស់សភាអឺរ៉ុប”។ ពេលវេលានៅសល់មិនច្រើនទេ ដែលសហភាពអឺរ៉ុបបានសន្យាផ្គត់ផ្គង់ដល់អ៊ុយក្រែននូវ គ្រាប់ផ្លោង ១លានគ្រាប់ នៅឆ្នាំ២០២៤ ប៉ុន្តែមានការបារម្ភថា សហភាពអឺរ៉ុបមិនអាចធ្វើតាមការសន្យារបស់ខ្លួនបានដើម្បីផលិតតាមបរិមាណដែលត្រូវការ។ រដ្ឋមន្រ្តីនៃសហភាពអឺរ៉ុប កាលពីខែមីនា ឆ្នាំ២០២៣ បានស្នើឱ្យទីក្រុងព្រុចស៊ែលរិះរកវិធីធ្វើច្បាប់មួយដោយប្រើប្រាស់ថវិការបស់សហភាពអឺរ៉ុប ដើម្បីបង្កើនសមត្ថភាពផលិតកម្មវិស័យការពារជាតិនៅក្នុងអឺរ៉ុប ឱ្យសម្រេចបានតាមគោលដៅ។
កាលពីសប្តាហ៍មុន គណៈកម្មការអឺរ៉ុបបានអនុម័តផែនការបង្កើនសមត្ថភាពផលិតគ្រាប់កាំភ្លើង ដោយចាក់បញ្ចូលថវិកា ៥០០លានអឺរ៉ូពីថវិកាសហភាពអឺរ៉ុប ទៅក្នុងរោងចក្រផលិតគ្រាប់ផ្លោងដើម្បីបង្កើនការផលិតសព្វាវុធ និងថវិកាប្រមាណជា ៥០០លានអឺរ៉ូផ្សេងទៀត បានមកពីប្រទេសជាសមាជិក សហភាពអឺរ៉ុប និងពីប្រភពផ្សេងៗទៀត។ សេចក្តីព្រាងច្បាប់ដែលគេឱ្យឈ្មោះថាជា “ច្បាប់គាំទ្រការផលិតគ្រាប់កាំភ្លើង” (ជាការប្រញាប់) ដើម្បីផលិតគ្រាប់កាំភ្លើង១លានគ្រាប់ ក្នុងរយៈពេល ១ឆ្នាំ។ សមាជិកសភាអឺរ៉ុបនឹងពិភាក្សាលើសំណើរបស់គណៈកម្មការអឺរ៉ុប នៅក្នុងសម័យប្រជុំពេញអង្គសភាអឺរ៉ុប ប៉ុន្តែវាគ្រាន់តែជាការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើកដំបូងប៉ុណ្ណោះ តើវាអាចប្រែក្លាយទៅជាការពិភាក្សាដេញដោលពីការបង្កើនល្បឿនលើសេចក្តីព្រាងច្បាប់ឬយ៉ាងណា ក្នុងពេលដែលលោក Weber ចង់ឱ្យសមាជិកសភាបោះឆ្នោតឱ្យបានឆាប់បំផុតថាតើត្រូវប្រើប្រាស់នីតិវិធីលឿនបំផុតមួយ ឬយ៉ាងណា។
មេដឹកនាំក្រុមនយោបាយ គ្រោងពិភាក្សាលើសំណើខាងលើនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ហើយការបោះឆ្នោតចុងក្រោយ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ខាងលើនេះ អាចនឹងធ្វើឡើងនៅចុងខែឧសភានេះ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៩-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.politico.eu/article/eu-parliament-speed-up-ammo-deal-manfred-weber-european-people-party-president-roberta-metsola/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម