លោក Vyacheslav Volodin ប្រធានសភាឌូម៉ា (សភាជាន់ទាប) សហព័ន្ធរុស្ស៊ី
លោក Vyacheslav Volodin ប្រធានសភាសហព័ន្ធរុស្ស៊ីបានអំពាវនាវឱ្យដាក់ពង្រាយអាវុធដែលមានសមត្ថភាពអាចបញ្ឈប់ និងកម្ចេចរបបភេរវករទីក្រុងកៀវ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានអ្នកបើក(drone) មកលើវិមានក្រឹមឡាំង ដោយចោទប្រកាន់ទៅលើប្រទេសអ៊ុយក្រែន។ ជាការគំរាមសងសឹកចំពោះអ្វីដែលខ្លួនបានហៅថាជា “សកម្មភាពភេរវករ” រុស្ស៊ីបានចោទថាអ៊ុយក្រែនកំពុងព្យាយាមប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ២គ្រឿង ដើម្បីវាយប្រហារលើវិមានក្រឹមឡាំង នាពេលរាត្រី ក្នុងបំណងសម្លាប់លោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបដិសេធការអះអាងរបស់រដ្ឋាភិបាលទីក្រុងមូស្គូ។ លោកបានថ្លែងថា “យើងមិនបានវាយប្រហារ លោក Putin ឬទីក្រុងមូស្គូនោះឡើយ”។ អ្នកនាំពាក្យរបស់លោក Putin គឺលោក Dmitry Peskov បានថ្លែងប្រាប់ទីភ្នាក់ងារសារព័តមានរុស្ស៊ី RIA Novosti ថា ប្រធានាធិបតីរុស្ស៊ីមិនបានស្ថិតនៅក្នុងវិមានក្រឹមឡាំងនៅពេលនោះទេ ប៉ុន្តែលោកស្ថិតនៅក្នុងអាគារ Novo-Ogaryovo ដែលស្ថិតនៅក្រៅទីក្រុងមូស្គូ។ការសន្មតពីការវាយប្រហារលើវិមានក្រឹមឡាំងដែលអាជ្ញាធររុស្ស៊ីបានអះអាង បានកើតមានឡើងនៅពេលរាត្រី ប៉ុន្តែមិនបានផ្តល់ភស្តុតាង និងមិនមានការបញ្ជាក់អះអាងដោយឯករាជ្យណាមួយនោះឡើយ។
វិមានក្រឹមឡាំងបានពន្យារពេលក្នុងការរាយការណ៍ពីឧបទ្ទហេតុ និងពេលវេលានៃការផ្សព្វផ្សាយ វីដេអូនៃឧបទ្ទហេតុ ដែលទាមទារឱ្យមានការត្រួតពិនិត្យមើលឡើងវិញលើវីដេអូនោះ។ យន្តហោះគ្មាន មនុស្សបើកត្រូវបានស្ទាក់ចាប់ដោយយោធារុស្ស៊ី និងបុគ្គលិកសន្តិសុខ នៅមុនពេលយន្តហោះនេះអាចវាយប្រហារបាន និងគ្មាននរណាម្នាក់រងរបួសនោះទេ នេះបើតាមវិមានក្រឹមឡាំង។ បើតាមគេហទំព័ររបស់វិមានក្រឹមឡាំង មិនមានគ្រោះថ្នាក់ណាមួយកើតមានឡើងនោះទេ នៅពេលដែលកម្ទេចកំទីយន្តហោះគ្មានមនុស្សបើកបានធ្លាក់មកលើដី។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានសហរដ្ឋអាម៉េរិក AP លោក Zelenskyy បានបដិសេធការជាប់ពាក់ព័ន្ធណាមួយក្នុងការវាយប្រហារ ក្នុងគ្រាដែលលោកកំពុងស្ថិតនៅក្នុងទីក្រុងហែលសិនគី ប្រទេសហ្វាំងឡង់ដើម្បីពិភាក្សាជាមួយមេដឹកនាំទាំង៥ នៃប្រជាជាតិតំបន់ណ័រឌិក។ លោក Zelenskyy បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា “យើងមិនបានវាយប្រហារលោក Putin ឬទីក្រុងមូស្គូឡើយ។ យើងប្រយុទ្ធដើម្បីតែទឹកដីរបស់យើង យើងកំពុងតែការពារភូមិឋាន និងទីក្រុងរបស់យើងតែប៉ុណ្ណោះ”៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៥-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.republicworld.com/world-news/russia-ukraine-crisis/russia-parliament-speaker-calls-for-destruction-of-ukraine-terrorist-regime-articleshow.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម