logo logo
banner1
វិធីសាស្រ្តចំនួន៣ ដែលអ្នកអាចអនុវត្ត ដើម្បីឱ្យសភារបស់អ្នក​បំភាយកាបូនតិចជាងមុន
 

ផែនដីកំពុងកើនកំដៅ ហើយកំពុងកើនយ៉ាងលឿន។ របាយការណ៍របស់ក្រុមការងារអន្តររដ្ឋាភិបាល ផ្នែកបម្រែបម្រួលអាកាសធាតុ (IPCC) ដែលជាអង្គភាពមួយរបស់​អង្គការសហប្រជាជាតិ សម្រាប់វាយតម្លៃវិទ្យាសាស្រ្តពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ បានបង្ហាញថា ការរក្សាកម្រិតសីតុណ្ហភាពរបស់ផែនដីឱ្យលើសតែ១.៥អង្សាសេ បើធៀបនឹងកម្រិតសីតុណ្ហភាពមុនយុគសម័យឧស្សាហកម្ម គឺទាមទារឱ្យកាត់ បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងលក្ខណៈស៊ីជម្រៅ ឆាប់រហ័ស និងប្រកបដោយចីរភាព លើគ្រប់វិស័យ ដែលពាក់ព័ន្ធ។ ដើម្បីសម្រេចបានគោលគោលដៅនេះ បរិមាណនៃឧស្ម័នផ្ទះកញ្ចក់ នៅត្រឹមពេលនេះ គួរតែកំពុងតែធ្លាក់ចុះ ហើយគួតែបន្តធ្លាក់ចុះ​ឱ្យបាន​ជិតពាក់កណ្តាល យ៉ាងយូរត្រឹមឆ្នាំ២០៣០។

សភា និងអ្នកធ្វើការនៅសភា អាចធ្វើសកម្មភាពឈានគេលើទិដ្ឋភាពជាច្រើន។ ជំហានដំបូង ពួកគេអាចកាត់បន្ថយការបញ្ចេញកាបូននៅទីកន្លែងធ្វើការងាររបស់ពួកគេ តាមរយៈការអនុវត្តសកម្មភាពចំនួន១០ដែលធ្វើសភាពមានលក្ខណៈបៃតងជាងមុន(10 Actions for Greener Parliament) ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ដោយសហភាពអន្តរសភា (IPU)។ មានជំហានចំនួន៣ ដើម្បីចាប់ផ្តើម៖

១.កំណត់គោលដៅនៃការបញ្ចេញឧស្ម័នស្មើសូន្យ ឱ្យបានច្បាស់លាស់(Set clear net-zero targets)  

ដើម្បីឈានទៅសម្រេចបាននូវគោលដៅអាកាសធាតុ គេចាំបាច់ត្រូវកំណត់ឱ្យបាននូវផែនការនានា ជាផែនការដែលមានភាពច្បាស់លាស់ មានពេលវេលាជាក់លាក់ និងអាចវាស់វែងបាន។ បន្ទាប់មកទៀត គេចាំបាច់ត្រូវកំណត់នូវយុទ្ធសាស្រ្តដែលមានចីរភាព ដើម្បីសម្រេចផែនការទាំងនោះ។ ដើម្បីឱ្យគោលដៅនៃការ​បញ្ចេញឧស្ម័ន​ស្មើសូន្យ (Net-zero) ក្លាយជាការពិត សហភាពអន្តរសភា សូមផ្តល់អនុសាសន៍ឱ្យ សភាគួរបង្កើតក្រុមការងារផ្ទៃក្នុង ឬក្រុមការងារវាយតម្លៃវឌ្ឍនភាព ហើយក្រុម​ការងារនេះត្រូវមានប្រព័ន្ធតាមដានវឌ្ឍនភាពការងារ ធ្វើសវនកម្មការងារជារៀងរាល់ឆ្នាំ និងហើយផ្តល់របាយការណ៍សវនកម្មនេះជូនសមាជិកសភា។ ក្រុមការងារនេះ ក៏មានភារកិច្ចផងដែរក្នុងការវាយតម្លៃជាប្រចាំ អំពីគ្រោះថ្នាក់ធំៗដែលអាចកើតមានឡើងដោយសារបម្រែបម្រួលអាកាសធាតុ និងកំណត់ផ្នែកមួយចំនួនដែល​ត្រូវមាន​ភាពធន់នឹងការគំរាមកំហែងពីអាកាសធាតុ។

ដើម្បីឱ្យគោលដៅនៃការប្រែក្លាយសភាទៅជាសភាបៃតង ក្លាយជាគោលដៅរបស់ស្ថាប័ន គេចាំបាច់ត្រូវការការប្តេជ្ញាចិត្តផ្នែកនយោបាយលើគោលដៅនេះ និងជាការ​បេ្តជ្ញាចិត្តផ្លូវការ។

លោកAvi Dichter សមាជិកសភាប្រទេសអ៊ីស្រាអែលបានថ្លែងថា    ការយកចិត្តទុកដាក់ដ៏ខ្លាំងពីសំណាក់អតីតប្រធានសភាមុនៗ និងប្រធានសភាបច្ចុប្បន្ន លើសកម្មភាព​អាកាសធាតុ (Climate Action) បានធ្វើឱ្យសកម្មភាពអាកាសធាតុ ក្លាយជាវប្បធម៌មួយរបស់សភាអ៊ីស្រាអែល។

២. ធ្វើឱ្យអាគារធ្វើការមានប្រសិទ្ធផល ក្នុងការប្រើប្រាស់ថាមពល(Building Efficiency)

សភាដែលមានបំណងបញ្ចេញឧស្ម័នស្មើសូន្យ គួរចាប់ផ្តើមធ្វើការងារនេះពីសភាខ្លួនឯងតែម្តង។ របាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (The International Energy Agency) បានបង្ហាញថា ក្នុង ឆ្នាំ២០២១ សកម្មភាពនានានៅក្នុងអាគារ បានបង្កើតឱ្យមានរហូតដល់២៧%នៃការបញ្ចេញឧស្ម័នសរុប ទូទាំងពិភពលោក។ ដោយសារសភានៃប្រទេសជាច្រើនជាសំណង់អាគារចាស់ៗ ដូច្នេះហើយការប្រើប្រាស់ថាមពលនៅក្នុងអាគារទាំងអស់នោះ មិនអំណោយផលឡើយ ចំពោះការអនុវត្ត​គោលការណ៍ប្រើប្រាស់ថាមពលសន្សំសំចៃ។ ដូច្នេះគឺសភាខ្លួនឯងតែម្តង ដែលត្រូវចាត់វិធានការនានា ដើម្បីជួយកាត់បន្ថយការបំភាយកាបូន។ វិធានការទាំងនោះរួមមាន ប្រើប្រាស់ថាមពលកកើតឡើងវិញជំនួសឱ្យការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ការកំណត់ជាថ្មីនូវបទដ្ឋាននៃការបញ្ចេញឧស្ម័នស្មើសូន្យសម្រាប់អាគារ ការពិនិត្យមើលទំ ហំសំរាមដែលសភាបង្កើត និងការបង្កើតឱ្យបាននូវប្រព័ន្ធដែលប្រសិទ្ធភាពសម្រាប់កែច្នៃសំរាម។

ឧទាហរណ៍ សភានៃសាធារណរដ្ឋឥណ្ឌា។ យោងតាមលោកSasmit Patra សមាជិកព្រឹទ្ធសភាឥណ្ឌា សភាឥណ្ឌាបានប្រើប្រាស់ប្រព័ន្ធរក្សាទុកទឹកភ្លៀងដើម្បីប្រើប្រាស់ និងបានប្រើប្រាស់ថាមពលព្រះ អាទិត្យ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធផលនៃសកម្មភាពអាកាសធាតុ។ ដូចគ្នានេះដែរ សភាប្រទេសអ៊ីស្រាអែល កំពុងប្រើប្រាស់នូវប្រព័ន្​ធចាប់សកម្មភាព (movement sensor) ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ថាមពលដើម្បីម៉ាស៊ីនត្រជាក់ និងអំពូលភ្លើង នៅពេលសមាជិកសភាចាកចេញពីកន្លែងធ្វើការ។ សភាអ៊ីស្រាអែល ក៏បានបំពាក់ផងដែរនូវបន្ទះផ្ទាំងសូឡានៅលើដំបូលអាគារសភា។

៣. យកចិត្តទុកដាក់បន្ថែមទៀតលើការធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន (Going the extra mile for green travel)

ជាធម្មតា ការធ្វើដំណើរគឺរឿងដ៏ចាំបាច់មួយ សម្រាប់សមាជិកសភាបំពេញការងាររបស់ខ្លួន ប៉ុន្តែការធ្វើដំណើរនេះ គឺប្រភពដ៏ចម្បងមួយនៃការបញ្ចេញកាបូន។ ដើម្បីកាត់​បន្ថយការបញ្ចេញកាបូននៅពេលធ្វើដំណើររបស់សភា សភាអាចវិនិយោគលើមធ្យោបាយធ្វើដំណើរដែលមិនបញ្ចេញឧស្ម័ន អាចកាត់បន្ថយការធ្វើដំណើរមិនចាំបាច់​តាមផ្លូវ​អាកាសនិងតាមរថភ្លើង និងអាចប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលដើរថាមពលអគ្គិសនីខ្លះនិងឥន្ធនៈហ្វូស៊ីលខ្លះ(Hybrid)។

លោកScott Simpson សមាជិកសភាប្រទេសនូវែលសេឡង់ បានឱ្យដឹងថា ភាគច្រើននៃសមាជិកសភាប្រទេសនូវែលសេឡង់ ប្រើប្រាស់រថយន្តដើរដោយ​ថាមពល​អគ្គិសនី១០០%។ ចំណែកលោកស្រី Mee ra Al Suwaidi សមាជិកសភាអេមីរ៉ាតអារ៉ាប់រួមវិញ លោកស្រីបានថ្លែងថា សមាជិកសភានៃប្រទេសរបស់លោកស្រីមួយចំនួន​ប្រើរថយន្តដែលដើរដោយថាមពលអគ្គិសនី១០០% ហើយខ្លះទៀតប្រើរថយន្តដែលដើរដោយថាមពលអគ្គិសនីផង និងឥន្ធនៈហ្វូស៊ីលផង។

យើងអាចចាប់ផ្តើមសកម្មភាពអាកាសធាតុ នៅកន្លែងធ្វើការងារ និងកន្លែងរស់នៅ

សហភាពអន្តរសភា (IPU) បានបង្កើតនូវយុទ្ធនាការថ្មីមួយ ឈ្មោះថា សភាសម្រាប់ភពផែនដី Parliament for the Plant។ យុទ្ធនាការនេះ ត្រូវបានបង្កើតឡើងដើម្បីកៀរគរ​សភាទាំងអស់ រួមគ្នាធ្វើសកម្ម ភាពអាសន្នរបស់អាកាសធាតុ(Climate Emergency)។ សមាជិកសភាទូទាំងពិភពលោក អាចធ្វើ​សកម្ម ភាពដើម្បីកាត់បន្ថយដាន​ជើងកាបូន​ (Carboon Footprint)នៅតាមសភារៀងៗខ្លួន តាមរយៈការផ្លាស់ប្តូរឥរិយាបថប្រចាំថ្ងៃ ការបង្កើនប្រសិទ្ធផលនៃការប្រើប្រាស់ថាមពលនៅក្នុងអាគារធ្វើការ និងការកាត់បន្ថយ​ការ​បង្កើតការបញ្ចេញឧស្ម័ន ដោយសារការធ្វើដំណើររបស់ខ្លួន។ ការអនុវត្តដូចបានរៀបរាប់ខាងលើ គឺប្រៀប បាននឹងសមាជិកសភាកំពុងបង្ហាញនូវទឹកចិត្តមុតមាំរបស់ខ្លួន ក្នុងការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ និងជាការលើកទឹកចិត្តឱ្យអ្នកដទៃធ្វើសកម្មភាពដូចខ្លួន ដែរ៕

http://ព័ត៌មានពីសហភាពអន្តរសភា ០១-០៥-២៣- តូនី ប្រែសម្រួលពី៖https://www.ipu.org/news/news-in-brief/2023-04/three-ways-you-can-decarbonize-your-parliament



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`