លោកស្រី Judit Varga រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសហុងគ្រី
រដ្ឋធានីប៊ុយដាប៉ែស៖ លោកស្រី Judit Varga រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសហុងគ្រីបានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកស្រីថា ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយគណៈកម្មការអឺរ៉ុប រដ្ឋាភិបាលនឹងបញ្ជូនសេចក្តីព្រាងច្បាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដ៏សំខាន់មួយទៅកាន់សភា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទទួលបានថវិកាជំនួយពីសហភាពអឺរ៉ុបដែលថវិកាជំនួយនេះ ត្រូវបានសហភាពអឺរ៉ុបព្យួរនាពេលកន្លងមក។
យើងទទួលបានភ្លើងបៃតងពីទីក្រុងព្រុចស៊ែល ដោយផ្អែកលើព័ត៌មានដែលយើងទទួលបានពីលោក Didier Reynders ស្នងការអឺរ៉ុបទទួលបន្ទុកវិស័យយុត្តិធម៌ ដូច្នឹងរដ្ឋាភិបាលនឹងបញ្ជូនសេចក្តីព្រាងច្បាប់ខាងលើទៅកាន់សភាក្នុងពេលនេះ។ ហុងគ្រីអាចនឹងទទួលបានទឹកប្រាក់ប្រមាណ ៥.៨ពាន់លាន អឺរ៉ូ ជាជំនួយឥតសំណង និងទឹកប្រាក់បន្ថែម ៩.៦ពាន់លានអឺរ៉ូ ជាកម្ចីការប្រាក់ទាបពីសហភាពអឺរ៉ុប ប៉ុន្តែប្លុកអឺរ៉ុបបានព្យួររាល់ការទូទាត់ណាមួយ រហូតទាល់តែរដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែសអនុវត្តន៍កំណែទម្រង់ ដើម្បីកែលម្អឯករាជ្យភាពតុលាការ និងដោះស្រាយអំពើពុករលួយ។ កញ្ចប់ប្រព័ន្ធយុត្តិធម៌ ត្រូវបានចាត់ទុកថាជាចំណុចដ៏សំខាន់មួយនៅក្នុងនីតិវិធីដើម្បីទទួលបានថវិកាពីសហភាពអឺរ៉ុប ដែលហុងគ្រីត្រូវការ ជាចាំបាច់ ក្នុងពេលដែលសេដ្ឋកិច្ចជាតិរបស់ខ្លួននៅទ្រឹង ហើយអតិផរណាឡើងខ្ពស់ដល់ ២៥%។
ហុងគ្រី និងប៉ូឡូញគឺជាសមាជិកសហភាពអឺរ៉ុបតែ២ប៉ុណ្ណោះ ដែលយឺតយ៉ាវក្នុងការទទួលបានថវិកាពីសហភាពអឺរ៉ុប នៅចំពេលដែលមានការរិះគន់ជាយូរមកហើយពីគណៈកម្មការអឺរ៉ុបថា រដ្ឋាភិបាលស្តាំនិយមនៃប្រទេសទាំងពីរ កំពុងតែបំផ្លាញប្រជាធិបតេយ្យ និងនីតិរដ្ឋ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ អ្នកចរចារបស់ហុងគ្រីជាមួយសហភាពអឺរ៉ុបបានថ្លែងថា ការដោះស្រាយបញ្ហាដែលនៅសេសសល់ជាមួយ ទីក្រុងព្រុចស៊ែលពាក់ព័ន្ធនឹងកំណែទម្រង់ប្រជាធិបតេយ្យ ដើម្បីទទួលបានថវិកាពីសហភាពអឺរ៉ុប អាចនឹងបន្តរហូតដល់រដូវក្តៅខាងមុខ។
ស្ថិតនៅក្នុងអំណាចជាង ១ទសវត្សរ៍ លោក Viktor Orban នាយករដ្ឋមន្រ្តីហុងគ្រីមានជម្លោះយ៉ាងល្វីងជូរចត់ជាច្រើនជាមួយសហភាពអឺរ៉ុប និងអង្គនីតិប្រតិបត្តិរបស់សហភាពអឺរ៉ុប គឺគណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងការរឹតបន្តឹងរបស់រដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែសលើសិទ្ធិរបស់ជនទេសន្តរប្រវេសន៍ ក៏ដូចជា រឹតបន្តឹងការត្រួតពិនិត្យពីរដ្ឋលើអង្គការក្រៅរដ្ឋាភិបាល ក្រុមបញ្ញវន្ត និងវិស័យតុលាការ។ល។៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៨-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://kdal610.com/2023/04/27/hungary-govt-to-submit-judicial-bill-to-parliament-to-unlock-eu-funds-minister/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម