ទិដ្ឋភាពទូទៅ នៅក្នុងកិច្ចប្រជុំសភាអឺរ៉ុបនៅក្នុងទីក្រុងស្រ្តាសបួរ នៃសាធារណរដ្ឋបារាំង
សភាអឺរ៉ុបកំពុងតែបើកកិច្ចប្រជុំរយៈពេល ៣ថ្ងៃ ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនអ៊ីរ៉ង់ចំពោះការតស៊ូពុះពាររបស់ពួកគេប្រឆាំងនឹងរដ្ឋាភិបាលសាធាណរដ្ឋឥស្លាមអ៊ីរ៉ង់ ដើម្បីសេរីភាព និងប្រជាធិបតេយ្យ។ ថ្ងៃទី១ នៃកិច្ចប្រជុំបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ បានធ្វើឡើងរួមគ្នារវាងអនុគណៈ កម្មាធិការសិទ្ធិមនុស្ស និងគណៈកម្មាធិការកិច្ចការបរទេស ក្រោមកិច្ចសម្របសម្រួលរបស់ប្រតិភូសម្រាប់ចំណងទាក់ទងជាមួយអ៊ីរ៉ង់នៃសភាអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកស្វះស្វែងរក “មធ្យោបាយក្នុងការគាំទ្រសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យនៅក្នុងប្រទេសអ៊ីរ៉ង់”។
លោក Udo Bullmann ប្រធានអនុគណៈកម្មាធិការសិទ្ធិមនុស្សបានថ្លែងថា “យើងរួមសាមគ្គីយ៉ាងពេញទំហឹងជាមួយប្រជាជនអ៊ីរ៉ង់ដ៏ក្លាហាន ដែលបានប្រឈមគ្រោះថ្នាក់ដល់ជីវិតដោយបានចុះផ្លូវតវ៉ា និងបញ្ចេញមតិដើម្បីសេរីភាព និងយុត្តិធម៌ម្តងហើយម្តងទៀត”។ ដូច្នឹងយើងមិនត្រូវ និងនឹងមិនធ្វើឱ្យពួកគាត់អស់សង្ឃឹមនោះឡើយ។ អំពើជិះជាន់នឹងមិនអាចឈ្នះរហូតទេ យើងការពារសេចក្តីថ្លៃថ្នូរ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស យើងឈរនៅជាមួយប្រជាជនអ៊ីរ៉ង់។ សមាជិកសភាអឺរ៉ុបបានថ្លែងថា កម្មវត្ថុនៃកិច្ចប្រជុំសភាគឺដើម្បី ស្វែងរកមធ្យោបាយក្នុងការគាំទ្រសិទ្ធិមនុស្ស ស្ត្រី និងសង្គមស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយមានវាគ្មិនជាភ្ញៀវមកពីអ៊ីរ៉ង់ មកពីគ្រប់មជ្ឈដ្ឋាន និងដើម្បីឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងអនាគតនៃចលនាប្រជាធិបតេយ្យអ៊ីរ៉ង់។
សកម្មជនសិទ្ធិមនុស្ស អ្នកនិពន្ធ អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវសង្គមវិទ្យាយែនឌ័រ អតីតអ្នកទោសនយោបាយ ទីប្រឹក្សាជាន់ខ្ពស់របស់អតីតនាយករដ្ឋមន្រ្តីអ៊ីរ៉ង់ សុទ្ធតែត្រូវបានអញ្ជើញមកធ្វើជាវាគ្មិននៅក្នុងកិច្ចប្រជុំសភាអឺរ៉ុប។ លោកស្រី Hanna Neumann តំណាងរបស់អាល្លឺម៉ង់នៅក្នុងសភាអឺរ៉ុបដែលលោកស្រីបានគាំទ្រយ៉ាងសកម្មដល់ចលនាបាតុកម្មអ៊ីរ៉ង់ ជាពិសេសចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២មក ក៏បានឡើងមានមតិនៅក្នុងកិច្ចប្រជុំសភាអឺរ៉ុបផងដែរ។ លោកស្រីបានថ្លែងថា បាតុកម្មតវ៉ា និងការតាមបង្ក្រាបបាតុករកាន់តែធ្វើឱ្យគេយល់កាន់តែច្បាស់ពីអំពើឃោរឃៅរបស់របបដឹកនាំអ៊ីរ៉ង់។
សមាជិកសភាអឺរ៉ុបដទៃទៀត ក៏បានអំពាវនាវផងដែរឱ្យផ្តល់សេរីភាពដល់អ្នកទោសនយោបាយរាប់រយ នាក់ ជាពិសេស ស្រ្តី ក្រុមជនជាតិភាគតិច និងអ្នកដែលរួចរស់ជីវិតពីការធ្វើទារុណកម្ម។ សមាជិកសភាអឺរ៉ុបក៏បានបញ្ជាក់ជាថ្មីពីការអំពាវនាវរបស់ខ្លួនឱ្យសហភាពអឺរ៉ុបបន្ថែមឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់(IRGC) ទៅក្នុងបញ្ជីអង្គការភេរវករ ក្រោយពី៣ខែ បន្ទាប់ពីសម័យប្រជុំពេញអង្គសភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៧-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.iranintl.com/en/202304253816
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម