logo logo
banner1
សមាជិកសភាអឺរ៉ុប អំពាវនាវឱ្យបារាំងប្រកាសថា ឯកអគ្គរដ្ឋទូតចិនជាបុគ្គលដែលគេមិនស្វាគមន៍ ពាក់ព័ន្ធនឹងការកត់សម្គាល់លើបញ្ហាគ្រីមៀ
 

លោក Lu Shaye ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំសាធារណរដ្ឋបារាំង

កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ មានសមាជិកសភាអឺរ៉ុបប្រមាណជា ៨០រូប បានអំពាវនាវទៅកាន់សាធារណរដ្ឋបារាំងប្រកាសថា លោក Lu Shaye ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅសាធារណរដ្ឋបារាំង ជាបុគ្គលដែលគេមិនស្វាគមន៍  ចំពោះពាក្យសម្តីរបស់លោកដែលបានថ្លែងពាក់ព័ន្ធ​នឹងឧបទ្វីប​គ្រីមៀ និងពីឋានៈមិនស្របច្បាប់នៃអធិបតេយ្យភាពរបស់សាធារណរដ្ឋមួយចំនួន នៃអតីតសហភាពសូវៀត។ សេចក្តីអំពាវនាវខាងលើនេះ ត្រូវបានសារព័ត៌មាន​ចេញផ្សាយប្រចាំថ្ងៃរបស់បារាំង  Le Monde  ធ្វើការផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ​ ទី២៣ ខែមេសា ឆ្នាំ២០២៣ កន្លងមក។

នៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រសួងការបរទេសបារាំង មានចុះហត្ថលេខាពីសមាជិកសភាអឺរ៉ុប ជិត ៨០រូប បានធ្វើការកត់សម្គាល់ថា “សេចក្តីថ្លែងការណ៍ដ៏គគ្លើនរបស់​លោកឯកអគ្គរដ្ឋទូតចិនរូបនេះ បានរំលោភបំពានទៅនឹងច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់បណ្តាប្រទេសដែលជាដៃគូអឺរ៉ុបរបស់បារាំង”។ “មិនថា ចិន ឬប្រទេសដទៃទៀតណាមួយក៏ដោយ គ្មានសិទ្ធិចោទសួរអំពី អធិបតេយ្យភាពរបស់ប្រទេសដទៃនោះឡើយ”។ នេះគឺជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរលើ​ប្រវត្តិសាស្រ្ត វប្បធម៌ និងមូលដ្ឋានគ្រឹះនៃបូរណភាពរបស់ប្រជាជាតិដទៃ។ ការកត់សម្គាល់របស់លោកឯកអគ្គរដ្ឋទូតចិន រូបនេះ ធ្វើឡើងក្នុងបំណងធ្វើឱ្​យអន្តរាយដល់​គោលការណ៍គ្រឹះនៃចំណងទាក់ទងការទូត។

លិខិតដដែលខាងលើ មានខ្លឹមសារបន្តថា អធិបតេយ្យភាពរបស់ប្រទេសនីមួយៗ មិនមែនជារបស់លេងកំសាន្តការទូតនោះទេ ប៉ុន្តែគឺជាធាតុផ្សំជាមូលដ្ឋាននៃ​ចំណង​ទាក់ទងអន្តរជាតិ ច្បាប់អន្តរជាតិ និង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ សមាជិកសភាអឺរ៉ុបបានសង្កត់ធ្ងន់ថា ក្នុងពេលដែលសង្រ្គាមកំពុងតែកើតមានធ្ងន់ធ្ងរនៅក្នុងអឺរ៉ុប ដោយសារការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីមកលើបូរណភាពទឹកដីរបស់អ៊ុយក្រែន វាជាការចាំបាច់ណាស់ដែលពិភពប្រជាធិបតេយ្យត្រូវបញ្ជូនសញ្ញាដ៏​ដាច់ណាត់មួយ​ទៅកាន់បណ្តាប្រទេសផ្តាច់ការ ដើម្បីការពារអធិបតេយ្យភាពរបស់សម្ព័ន្ធមិត្តខ្លួន។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ការិយាល័យប្រធានាធិបតីប្រទេសអ៊ុយក្រែន បានប្រតិកម្ម តបទៅនឹងសេចក្តីថ្លែងការណ៍របស់លោកឯកអគ្គរដ្ឋទូតចិន​ប្រចាំប្រទេស​បារាំង ថានឹងបង្កឱ្យមានភាពវឹកវរជាអន្តរជាតិ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៥-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ukrinform.net/rubric-polytics/3699734-ep-calls-on-france-to-declare-china-ambassador-persona-non-grata-over-crimea-remark.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`