លោកស្រី Katerina Sakellaropoulou ប្រធានាធិបតីនៃសាធារណរដ្ឋក្រិក
កាលពីថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ លោកស្រី Katerina Sakellaropoulou ប្រធានាធិបតី នៃសាធារណរដ្ឋក្រិកបានអនុម័តយល់ព្រមលើសំណើសុំរំលាយសភា របស់លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីក្រិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។
សភានៃសាធារណរដ្ឋក្រិកបានរំលាយជាផ្លូវការនៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ដែលជាការបោះឆ្នោតជ្រើសតាំងសមាជិកសភា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។ លោក Mitsotakis បានស្នើឱ្យរំលាយសភានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ លោកស្រីប្រធានាធិបតី Sakellaropoulou បានថ្លែងថា “លោកស្រីសង្ឃឹមថា យើងនឹងមានស្ថានភាពស្ងប់ស្ងាត់ និងប្រកបដោយផ្លែផ្កា នៅអំឡុងពេលមុនពេលបោះឆ្នោត ដើម្បីភាពល្អប្រសើរសម្រាប់ប្រទេសជាតិរបស់យើង”។ នេះបើយោងតាមសារព័ត៌មាន Reuters។ លោក Mitsotakis បានប្រកាសកាលបរិច្ឆេទថ្មី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ កាលពីអំឡុងខែមីនា ឆ្នាំ២០២៣។ រដ្ឋាភិបាលបច្ចុប្បន្នរបស់លោក Mitsotakis នឹងផុតអាណត្តិនៅក្នុងខែកក្កដា ឆ្នាំ២០២៣។
“ការបោះឆ្នោត គឺជាការប្រារព្ធពិធីដ៏អស្ចារ្យមួយនៃប្រជាធិបតេយ្យ។ លោក Mitsotakis បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយតាមរយៈសេចក្តីថ្លែងការណ៍មួយ។ លោករំពឹងថា ការបោះឆ្នោតនឹងមិនមានបញ្ហាអ្វីកើតមានឡើង។ ការបោះឆ្នោតនឹងធ្វើឡើងក្រោមប្រព័ន្ធតំណាងសមាមាត្រថ្មីមួយនៅ ក្នុងសភាក្រិក ៣០០អាសនៈ ដែលនឹងបង្កភាពលំបាកដល់ដល់គណបក្សណាមួយក្នុងការទទួលបាន សំឡេងភាគច្រើន ហើយក៏ទំនងជានឹងធ្វើឱ្យការបោះឆ្នោតមាន ២ជុំ។ ការបោះឆ្នោតជុំចុងក្រោយប្រហែល ជានឹងធ្វើឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២៣។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Mitsotakis នាពេល ថ្មីៗនេះបានប្រឈមនឹងសម្ពាធពាក់ព័ន្ធនឹងការដោះស្រាយគ្រោះថ្នាក់រថភ្លើងបុកគ្នាស្លាប់។ ការទទួលខុស ត្រូវក្នុងការដោះស្រាយបញ្ហាដូចជា អតិផរណា តម្លៃម្ហូបអាហារឡើងខ្ពស់ រឿងអាស្រូវលួចថតសំឡេង និងបញ្ហាផ្សេងៗទៀត ដែលធ្វើឱ្យគណបក្សរបស់លោកនាយករដ្ឋមន្រ្តីក្រិករូបនេះ ហាក់ស្ថិតនៅឆ្ងាយពីភាព ប្រាកដប្រជាក្នុងការទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាថ្ងៃទី២១ ខែឧសភា៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៤-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.politico.eu/article/greece-katerina-sakellaropoulou-kyriakos-mitsotakis-legislative-election-confirmed-for-may-21/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម