logo logo
banner1
សមាជិកសភាអឺរ៉ុប បើកភ្លើងបៃតង ចំពោះផែនការទេសន្តរប្រវេសន៍
 

រូបភាពទីស្នាក់ការកណ្តាលសភាអឺរ៉ុប

កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ សមាជិកសភាអឺរ៉ុប បានអនុម័តគាំទ្រសំណើមួយចំនួន ដើម្បីបញ្ចប់ភាពជាប់គាំងជាច្រើនឆ្នាំមកហើយ​ពាក់ព័ន្ធនឹងការ​ស្វែង​រកមធ្យោបាយបែបណា ដើម្បីគ្រប់គ្រងទេសន្តរប្រវេសន៍ឱ្យបានល្អបំផុត។ ការគ្រប់គ្រងទេសន្តរប្រវេសន៍គឺជាបញ្ហាដ៏ឈឺក្បាលមួយដែល បានបង្កឱ្យមានវិបត្តិនយោបាយ​ដ៏ធំ​បំផុតនៅក្នុងប្លុកអឺរ៉ុប។

សំណើត្រូវបានបោះឆ្នោតអនុម័តជាបន្តបន្ទាប់ ដោយសំឡេងភាគច្រើនប្រមាណជា ២ភាគ៣ រួមមាន ផែនការបន្ទាន់មួយដែលអាចនឹងតម្រូវឱ្យប្រជាជាតិសហភាពអឺរ៉ុប​ទាំង ២៧ ត្រូវជួយដល់ប្រទេសជាសមាជិកណាមួយ ដែលសមត្ថភាពនៃការទទួលយកទេសន្តរប្រវេសន៍មានចំនួនច្រើនលើសលប់ដោយការមកដល់ភ្លាមៗ។ វិធានការនេះ​បង្កើតបាននូវជំហរមួយសម្រាប់សភាអឺរ៉ុបដើម្បីចរចាជាមួយប្រទេស ជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែពេលវេលាមានមិនយូរទេ។ ប្រទេសជាសមាជិកពេលនេះមានពេល ១ឆ្នាំ ដើម្បីបញ្ចប់កំណែទម្រង់ប្រព័ន្ធផ្តល់សិទ្ធិជ្រកកោនដ៏អន់ថយរបស់ខ្លួន នៅមុនពេលការបោះឆ្នោតទូទាំង អឺរ៉ុបដែលនឹងធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ២០២៤។ បើមិន​ដូច្នោះទេ គម្រោងមួយនេះអាចនឹងត្រូវបោះ បង់ចោល ឬផ្លាស់ប្តូរទាំងស្រុងនៅពេលដែលគណៈកម្មការអឺរ៉ុបថ្មី ដែលជាអង្គនីតិប្រតិបត្តិរបស់សហភាពអឺរ៉ុប និងសមាជិក​សភាអឺរ៉ុបថ្មីចូលកាន់តំណែង។

ការបែកបាក់អឺរ៉ុបពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍បានកើតមានឡើងក្នុងឆ្នាំ២០១៥ ដែលនៅពេលនោះមានមនុស្សជាង ១លាននាក់ ភាគច្រើនជាជនជាតិស៊ីរីដែលរត់​ភៀស​ខ្លួន​ពីសង្រ្គាម ស្វះស្វែងរកទីជម្រក។ មជ្ឈមណ្ឌលទទួលជនភៀសខ្លួននៅកោះក្រិក និងនៅអ៊ីតាលីត្រូវបានពេញហូរហៀរ។ ក្នុងពេល ដែលទេសន្តរប្រវេសន៍ផ្លាស់ទី​ទៅភាគខាង​ជើងរាប់ម៉ឺននាក់ មានប្រទេសខ្លះដូចជា អូទ្រីស ហុងគ្រី និងប្រទេសស្លូវើនីបានសាងសង់របង និងរបាំង។ មនុស្សជាច្រើនសង្ឃឹមស្វែងរកបានទីជម្រកសុវត្ថិភាព ឬជីវិតប្រសើរជាងមុន ដូចជានៅក្នុងប្រទេសអាល្លឺម៉ង់ ឬស៊ុយអែតជាដើម។

ក្រោមបញ្ញត្តិបច្ចុប្បន្នរបស់សហភាពអឺរ៉ុប ប្រទេសដែលជនទេសន្តរប្រវេសន៍ទៅដល់មុនគេត្រូវទទួល ខុសត្រូវចំពោះពួកគេ។ ប្រទេសក្រិក អ៊ីតាលី និងប្រទេសម៉ាលត៍ដ៏តូច​មួយបាន​ថ្លែងថា វាមិនយុត្តិធម៌ទេ។ ពួកគេបានទាមទារឱ្យមានការគាំទ្រ និងសាមគ្គីភាពពីដៃគូក្នុងសហភាពអឺរ៉ុប។ ប៉ុន្តែប្រទេសចំនួន៧ ផ្សេងទៀតនៅក្នុងប្លុកអឺរ៉ុបបាន​បដិសេធក្នុងការទទួលយកចំនួនកូតាទេសន្តរប្រវេសន៍ជាកាតព្វកិច្ចនោះ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២១-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.alarabiya.net/News/world/2023/04/20/EU-lawmakers-give-greenlight-to-migration-plan



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`