លោក Vuong Dinh Hue ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គពិសេសនៃរដ្ឋសភាអំណាចប្រជាជនគុយបា
កាលពីរសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) លោក Vuong Dinh Hue ប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គពិសេស នៃរដ្ឋសភាអំណាចប្រជាជនគុយបានីតិកាលទី១០ និងការប្រារព្ធខួបលើកទី៦២ នៃជ័យជំនះ Giron នៅ វិមានសន្និបាត Havana។
ក្នុងសម័យប្រជុំដែលបានផ្សាយបន្តផ្ទាល់ដោយស្ថានីយទូរទស្សន៍ជាតិរបស់សាធារណរដ្ឋគុយបា គេ ឃើញវត្តមានលោក Miguel Diaz-Canel Bermudez លេខាទីមួយនៃបក្សកុម្មុយនិស្ត និងជាប្រធានាធិបតី គុយបា, លោក Esteban Lazo Hernandez ប្រធានសភានៃអំណាចប្រជាជនគុយបា និងសមាជិកសភា ទាំងអស់។ លោក Hue បានសម្តែងនូវកិត្តិយសដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍សំខាន់ៗរបស់ប្រទេសទាំងពីរ រួមមានខួបលើកទី៦២ នៃជ័យជំនះ Giron និងការប្រកាសពីលក្ខណៈសង្គមនិយមនៃបដិវត្តគុយបា, ខួប ៧០ ឆ្នាំ ចាប់តាំងពីការវាយប្រហារលើបន្ទាយ Moncada, ខួបលើកទី៦០ នៃការបង្កើតគណៈកម្មាធិការសាមគ្គី ភាពជាមួយវៀតណាមខាងត្បូងរបស់គុយបានៃសមាគមមិត្តភាពវៀតណាម-គុយបា និងរំលឹកខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំគុយបាលោក Fidel Castro Ruz នៅវៀតណាម និងទៅ កាន់តំបន់រំដោះនៅវៀតណាមខាងត្បូងក្នុងសម័យសង្គ្រាម។ លោក Hue បានថ្លែងអំណរគុណចំពោះបក្ស និងរដ្ឋគុយបាដែលបានផ្តល់ឱកាសឱ្យលោក ធ្វើជាភ្ញៀវបរទេសដំបូងគេក្នុងការថ្លែងសុន្ទរកថានៅមុខរដ្ឋសភា នៃអំណាចប្រជាជនគុយបា បន្ទាប់ពីសភាបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋថ្មីនៃប្រជាជាតិអាមេរិកឡាទីន។ លោកបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង ៦៤ឆ្នាំ ដ៏រុងរឿងនៃបដិវត្តគុយបា (ចាប់តាំងពីខែមករា ឆ្នាំ១៩៥៩) វៀតណាមមានមោទនភាពដែលមានរយៈពេល ៦៣ឆ្នាំ នៃការឈរក្បែរគុយបា។ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៦០ រដ្ឋបាលដែលដឹកនាំដោយ Fidel Castro បានប្រែក្លាយប្រទេសគុយបា ទៅជាប្រទេសដំបូង គេនៅអឌ្ឍគោលលោកខាងលិច ដែលបានបង្កើតទំនាក់ទំនងការទូតពេញលេញជាមួយវៀតណាម។
ក្នុងពិធីទទួលស្វាគមន៍គណៈប្រតិភូវៀតណាម លោក Hernandez បានសង្កត់ធ្ងន់ថា វៀតណាមនិង គុយបាមានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងមិត្តភាពដែលមិនអាចបំបែកបាន។ លោក Hernandez បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក Hue ក្នុងការលើកកម្ពស់ទំនាក់ទំនងពិសេស និង ទំនាក់ទំនងសភានៃប្រទេសទាំងពីរ….៕
http://ព័ត៌មានសភាទ្វីបអាមេរិក ២១-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-addresses-special-session-of-cuban-parliament/251880.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម