ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភាឌូម៉ាសហព័ន្ធរុស្ស៊ី
កាលពីថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ សមាជិកសភាសហព័ន្ធរុស្ស៊ីបានបោះឆ្នោតឱ្យផ្តន្ទា ទោសអស់មួយជីវិតចំពោះជនទាំងឡាយណាដែលត្រូវចោទប្រកាន់ពីបទក្បត់ជាតិ ដែលជាផ្នែកមួយនៃការជំរុញព្រមគ្នា ចាប់តាំងពីរដ្ឋាភិបាលទីក្រុងមូស្គូបានឈ្លានពានប្រទេសអ៊ុយក្រែន ដើម្បីបង្កើនការដាក់ទោសលើអ្នកប្រឆាំង និងយល់ឃើញថាជាជនក្បត់ជាតិ ។
សភាឌូម៉ា ឬសភាជាន់ទាបរុស្ស៊ីក៏បានបោះឆ្នោតផងដែរលើការបង្កើនទោសដល់កម្រិតអតិបរមា ចំពោះអំពើភេរវនិយម និងការបំផ្លិចបំផ្លាញមួយចំនួន និងដាក់ចេញនូវច្បាប់ថ្មីមួយដែលនឹងផ្តន្ទាទោស ដល់ជនទាំងឡាយណាដែលជួយដល់ការអនុវត្តសេចក្តីសម្រេចផ្លូវច្បាប់ របស់អង្គការអន្តរជាតិណាមួយ ដែលមិនមានរុស្ស៊ីនៅក្នុងនោះ ដោយត្រូវជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។ ការចាត់វិធានការបែបនេះ គឺជា ការឆ្លើយតបដោយផ្ទាល់ទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ដែលបានចេញដីកាចាប់ខ្លួនលោក Vladimir Vladimirovich Putin ប្រធានាធិបតីរុស្ស៊ី កាលពីខែមីនា ឆ្នាំ២០២៣ ជាប់ពាក់ព័ន្ធនឹងការនិរទេសកុមារអ៊ុយក្រែនទៅកាន់រុស្ស៊ី។
ការធ្វើវិសោធនកម្មច្បាប់ ចាំបាច់ត្រូវទទួលការអនុម័តពីក្រុមប្រឹក្សាសហព័ន្ធ(សភាជាន់ខ្ពស់រុស្ស៊ី)នៅមុនពេលចុះហត្ថលេខាក្លាយជាច្បាប់ដោយលោកប្រធានាធិបតី Putin បានកើតមានឡើងក្នុងពេលដែលក្រុមសិទ្ធិមនុស្សបានថ្លែងថា អាជ្ញាធររុស្ស៊ីកំពុងតែបង្កើនយុទ្ធនាការដើម្បីបង្រ្កាបសំឡេងប្រឆាំងដែល នៅសេសសល់តិចតួចនៅក្នុងប្រទេស។ ការផ្តន្ទាទោសអតិបរមាបច្ចុប្បន្នចំពោះទោសក្បត់ជាតិត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ។ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍ តុលាការទីក្រុងមូស្គូបានផ្តន្ទាទោសសកម្មជននយោបាយ គណបក្សប្រឆាំងលោក Vladimir Kara-Murza ជាប់ពន្ធនាគារ២៥ឆ្នាំ ពីបទក្បត់ជាតិ និងបទចោទផ្សេងៗទៀត ដែលជាការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរបំផុតដែលធ្វើឡើងចំពោះអ្នករិះគន់វិមានក្រឹមឡាំង ចាប់តាំងពីរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។
រុស្ស៊ីថា ច្បាប់បែនេះគឺមានភាពចាំបាច់ដើម្បីការពារប្រទេសជាតិពីការជ្រៀតចូលពីភ្នាក់ងារសំងាត់របស់អ៊ុយក្រែន និងប្រទេសលោកខាងលិច។ លោក Vasily Piskarev សមាជិកសភារុស្ស៊ីបានថ្លែងថា“វិសោធនកម្មមានភាពចាំបាច់ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក ដែលប្រទេសរបស់យើងពេលនេះកំពុងតែប្រឈមពីអ៊ុយក្រែន និងមានការគាំទ្រពីប្រទេសលោកខាងលិច”៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៩-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.reuters.com/world/europe/russian-parliament-votes-introduce-life-sentences-treason-2023-04-18/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម