logo logo
banner1
គណៈប្រតិភូសមាជិកសភាបារាំង បំពេញទស្សនកិច្ចកោះតៃវ៉ាន់ ដើម្បី បង្ហាញការគាំទ្រ ក្រោយការកត់សម្គាល់របស់លោកប្រធានាធិបតី Macron
 

គណៈប្រតិភូសមាជិកសភាបារាំង បំពេញទស្សនកិច្ចកោះតៃវ៉ាន់ ដើម្បីបង្ហាញការគាំទ្រដល់កោះតៃវ៉ាន់

គណៈ​ប្រតិភូសមាជិកសភានៃសាធារណរដ្ឋបារាំងមួយក្រុមបានអញ្ជើញដល់កោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ  ទី១៧  ខែមេសា  ឆ្នាំ២០២៣   ដើម្បីបញ្ជាក់អះអាងជាថ្មីពីការគាំទ្រ​របស់​​ពួកគេចំពោះកោះមួយនេះ។ ដំណើរ ទស្សនកិច្ចរយៈពេល ៤ថ្ងៃ របស់សមាជិករដ្ឋសភាបារាំងបានកើតមានឡើងក្នុងពេលកើនឡើងភាពតានតឹងក្នុងតំបន់ បន្ទាប់ពីការ​កត់សម្គាល់របស់លោក Emmanuel Macron ប្រធានាធិបតីបារាំង ដែលបានថ្លែងថា អឺរ៉ុបគួរតែចៀសវាងការចូលទៅពាក់ព័ន្ធក្នុងជម្លោះក្នុងតំបន់។

លោក Eric Bothorel ប្រធានក្រុមមិត្តភាពសភាបារាំង-តៃវ៉ាន់បានថ្លែងថា “នេះគឺជាអ្វីដែលយើងចង់បង្ហាញជាថ្មីម្តងទៀត។ ពេលនេះជាពេលដែលមានសារៈសំខាន់​ជាងពេលណាទាំងអស់សម្រាប់យើងដើម្បីមកទីនេះ ព្រោះយើងចង់នៅជាមួយអ្នក យើងនៅជិតអ្នក យើងនឹងជាមិត្តនឹងគ្នាយូរអង្វែង”។ នេះបើតាមសេចក្តីរាយការណ៍ដែល​សារព័ត៌មានសិង្ហបុរី CNA បានស្រង់សម្តីពីមន្រ្តីកោះតៃវ៉ាន់។ នៅពេលសាកសួរពីការកត់សម្គាល់នាពេលថ្មីៗនេះរបស់លោក Macron ដែលបានថ្លែងថា អឺរ៉ុបគួរតែចៀស​វាងការ​ចូលទៅពាក់ព័ន្ធនៅក្នុងជម្លោះដែលកំពុងតែកើតមានរវាងចិន និងសហរដ្ឋអាម៉េរិកពីបញ្ហាតៃវ៉ាន់ នោះលោក Bothorel បានថ្លែងថា ជំហររបស់បារាំងក្នុងការ​គាំទ្រស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្ទតៃវ៉ាន់មិនមានអ្វីប្រែប្រួលនោះឡើយ។

លោក Bothorel បានថ្លែងថា ប្រសិនបើមានអ្វីមួយកើតមានឡើងចំពោះតៃវ៉ាន់ នោះវានឹងផ្លាស់ប្តូរ ពិភពលោក។ ការមកដល់របស់គណៈប្រតិភូសមាជិកសភាបារាំង បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានដំឡើងសាច់ដុំរបស់ខ្លួនដោយបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់ច្រកសមុទ្ទតៃវ៉ាន់​ដើម្បីឆ្លើយតប​ទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ទៅកាន់សហរដ្ឋអាម៉េរិកកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។ តៃវ៉ាន់គឺជាចំណុចដ៏​សំខាន់មួយនៃការប្រទាំងប្រទើសរវាងចិន និងអាម៉េរិក។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់មួយ និងជាសម្ព័ន្ធមិត្តយោធាក៏ខ្លាំងក្លា​ជាយូរមក​ហើយរបស់កោះតៃវ៉ាន់។

ចិនបានចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្តបំបែកខ្លួនមួយ ដែលកម្លាំងគណបក្សអ្នកជាតិនិយមចិន (Kuomin tang) បានភៀសខ្លួនទៅកាន់ទីនោះ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលជាមួយ​បក្សកុម្មុយនិស្តចិនក្នុងឆ្នាំ១៩៤៩។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានថ្លែងថា ចិនរក្សាសិទ្ធិក្នុងការប្រើប្រាស់កម្លាំងដើម្បីបង្រួបបង្រួមតៃវ៉ាន់ជាមួយចិនដីគោកវិញ។ គួររំលឹក​ផងដែរ​ថា ក្នុងឆ្នាំ១៩៧៩ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានផ្តាច់ចំណងការទូតជាមួយ ទីក្រុងតៃប៉ិ ដើម្បីគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង ដែលជាផ្នែកមួយនៃគោលនយោបាយ​ចិនតែមួយ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៨-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.laprensalatina.com/french-mps-visit-taiwan-in-show-of-support-after-macron-remarks/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`