បំផ្ទុះនុយក្លេអ៊ែរនៅកន្លែងសាកល្បងយោធាអាមេរិកក្នុងរដ្ឋ Nevada ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៥៧
សមាជិកសភាគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាង និងនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកបាន ដាក់សេចក្តីស្នើច្បាប់ ដែលនឹងបង្ខំសេតវិមានឱ្យស្វែងរកការយល់ព្រមពីសភា មុននឹងបញ្ជាឱ្យមានការវាយ ប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ សមាជិកសភាទាំងអស់នោះទទូចថាប្រធានាធិបតីមិនគួរមានសិទ្ធិជាឯកតោភាគី ដើម្បីចាប់ផ្តើមសង្គ្រាមនុយក្លេអ៊ែនោះទេ។
សេចក្តីស្នើច្បាប់ផ្តួចផ្តើមឡើងដោយលោក Ed Markey សមាជិកព្រឹទ្ធសភា និងលោក Ted Lieu សមាជិក សភាតំណាង កាលពីថ្ងៃសុក្រ ទី១៤ ខែមេសា បានឱ្យដឹងថា ច្បាប់ “រឹតបន្តឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាលើកទីមួយ” នឹងហាមឃាត់ប្រធានាធិបតីអាមេរិកពី “ការចាប់ផ្តើមប្រើប្រាស់នុយក្លេអ៊ែរដោយគ្មានការអនុញ្ញាតជាមុនពីសភា”។ សេចក្តីព្រាងច្បាប់បញ្ជាក់ឡើងវិញដែរនូវអំណាចសង្រ្គាមរបស់សមាជិកសភា ដែល មានចែងក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។ លោក Markey បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្មានប្រធានាធិបតីណាមួយមានសិទ្ធិ ឬសិទ្ធិអំណាចរដ្ឋធម្មនុញ្ញដើម្បីប្រកាសសង្គ្រាមជាឯកតោភាគី ដែលអនុញ្ញាតឱ្យមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរជាលើកដំបូងឡើយ”។ លោក Lieu បានបន្ថែមថា “គ្មាននរណាម្នាក់គួរមានសមត្ថភាពក្នុងការចាប់ផ្តើមសង្រ្គាមដែលនឹងបញ្ចប់ជីវិត ដូចដែល យើងដឹងនោះទេ”។ សមាជិកសភាទាំងពីររូបបានបន្តចោទប្រកាន់លោក Vladimir Putin ប្រធានាធិបតីសហ ព័ន្ធរុស្ស៊ីពី “ការគំរាមកំហែងនុយក្លេអ៊ែរ” ដោយលើកហេតុផលថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ “គឺមាន សភាពធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបាន” ការលើកឡើងបែបនេះគឺនៅចំពេលជម្លោះដែលកំពុងផ្ទុះឡើងនៅក្នុង ប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ។ អ្នកនាំ ពាក្យវិមាន Kremlin លោក Dmitry Peskov កាលពីពេលថ្មីៗនេះបានថ្លែងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធ មិត្តរបស់ខ្លួន “ងាយនឹងមានប្រតិកម្មខ្លាំង” លើប្រធានបទអាវុធនុយក្លេអ៊ែរ។
សមាជិកសភាគណបក្សប្រជាធិបតេយ្យទាំងពីររូបខាងលើ បានដាក់សេចក្តីស្នើសេចក្តីព្រាងច្បាប់ស្រដៀងគ្នានេះជាច្រើនដងរួចមកហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយម្នាក់ៗកំពុងស្វែងរកការរឹតត្បិតអំណាចរបស់ប្រធានាធិបតីក្នុងការបើកការវាយប្រហារនុយក្លេអ៊ែរ ប៉ុន្តែពួកគេមិនបានសម្រេចទេ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១៧-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.rt.com/news/574780-democrats-president-nuclear-powers/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម