ការឈ្លានពានខុសច្បាប់ និងមិនសមហេតុផលជាថ្មីរបស់សហព័ន្ធរុស្ស៊ី លើប្រទេសអ៊ុយក្រែន បានធ្វើឱ្យយុទ្ធសាស្រ្តតំបន់សមុទ្ទខ្មៅ កាន់តែមានសារៈសំខាន់ខ្លាំង និងត្រូវការការកែសម្រួល ជាចាំបាច់ដើម្បីឆ្លើយតបនឹងក្របខណ្ឌបរិយាកាសសន្តិសុខអឺរ៉ុប-អាត្លង់ទិក។ ប្រឈមមុខនឹងមហិច្ឆតាបែបច្រឡោងខាម និងបែបចក្រពត្តិនិយមរបស់ទីក្រុងមូស្គូ សម្ព័ន្ធមិត្តអង្គការណាតូ បានលើកម្ពស់យ៉ាងខ្លាំងនូវសមត្ថភាពការពារខ្លួន និងអនុភាពរបស់ខ្លួន។ ប្រទេសជាសម្ព័ន្ធមិត្តអង្គការណាតូ ក៏បានពង្រឹងផងដែរនូវភាពធន់របស់ខ្លួនទាំងក្នុងកម្រិតជាតិ និងកម្រិតក្រុមនៅតំបន់ខាងកើត និងបានជួយប្រទេសអ៊ុយក្រែនក្នុងការតស៊ូដោយស្របច្បាប់ទប់ទល់នឹងការឈ្លានពាន និងក្នុងការការពារអធិបតេយ្យភាព។ ប្រទេសរូម៉ានី ដើរតួនាទីសំខាន់ណាស់ក្នុងសម្របសម្រួល និងជាទីពឹងដ៏សំខាន់មិនប្រែប្រួលមួយ របស់សម្ព័ន្ធអង្គការណាតូ នៅក្នុងតំបន់សមុទ្ទខ្មៅ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៃគណៈកម្មាធិការប្រជាធិបតេយ្យ និងសន្តិសុខរបស់សន្និបាតសភាអង្គការណាតូ ទៅកាន់រដ្ឋធានីប៊ុយការ៉េស និងទីក្រុងកាន់តង់ហ្សាប្រទេសរូម៉ានី ថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ គឺជាសារដ៏សំខាន់ បញ្ជាក់អំពីសារៈសំខាន់នៃសន្តិសុខក្នុងតំបន់សមុទ្ទខ្មៅ។ គណៈប្រតិភូនេះ ដឹកនាំដោយលោកRodrigue Demeuse សមាជិកសភាព្រះរាជាណាចក្របែលហ្ស៊ិក និងចូលរួមដោយសមាជិកសភានៃប្រទេសចំនួន៧ ក្នុងអង្គការណាតូ។
ការពិតណាស់ ប្រធានបទដ៏សំខាន់មួយនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះ គឺការពង្រឹង ភាពធន់ក្នុងកម្រិតជាតិ និងកម្រិតក្រុមនៃប្រទេសសមាជិកអង្គការណាតូ ដើម្បីឆ្លើយបនឹងស្នៀតបែបប្រសង្ករណ៍(Hybrid tactics)របស់ប្រទេសរុស្ស៊ី។ ឧត្តមសេនីយ៍Constantin Spinu ប្រធាននាយកដ្ឋានព័ត៌ មាន និងទំនាក់ទំនងសាធារណៈ នៃក្រសួងការពារជាតិប្រទេសរូម៉ានី បានទទូចថា ប្រទេសសមាជិកអង្គការណាតូ ចាំបាច់ត្រូវបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការកាត់បន្ថយការគំរាមកំហែងពីផ្នែកខាងក្រៅ ពង្រឹងសមត្ថភាពក្នុងការងើបឡើងវិញឱ្យបានរហ័ស និងលើកកម្ពស់សមត្ថភាពក្នុងការឆ្លើយតបឱ្យបានសមស្របចំពោះការគំរាមកំហែងនានា។ ប្រទេសរូម៉ានី ធ្លាប់ស្គាល់អស់ហើយនូវយុទ្ធសាស្រ្តនិងឧបករណ៍សង្គ្រាមបែបប្រសង្ករណ៍(Hybrid warfare strategies and tools)របស់ប្រទេសរុស្ស៊ី តួយ៉ាងដូចជា ការប្រើប្រាស់ព័ត៌មានមិនពិត ការប្រើប្រាស់ថាមពល និងស្បៀងអាហារជាឧបករណ៍សង្រ្គាម និងវាយប្រហារ
តាមប្រព័ន្ធអ៊ីនធឺណិត។ ឧត្តមសេនីយ៍Remus Bondor ប្រធាននាយកដ្ឋានផែនការយុទ្ធសាស្រ្តនៃក្រសួងការពារជាតិប្រទេសរូម៉ានី បានថ្លែងថា ប្រឈមមុខនឹងការគំរាមកំហែង ដ៏ច្រើនសណ្ឋាននិងស្មុគស្មាញបែបនេះ ប្រទេសរូម៉ានីបានប្រមូលនិងច្របាច់បញ្ចូលគ្នានូវបទពិសោធន៍ដែលទទួលបានពីពេលមុន មកចងក្រងជាផែនការ និងឯកសារយុទ្ធសាស្រ្តសម្រាប់ពង្រឹងភាពធន់របស់ប្រទេស។
វឌ្ឍនភាព និងការអនុវត្តរបស់ប្រទេសរូម៉ានី នូវរបៀបវារៈស្រ្តី សនិ្តភាព និងសន្តិសុខ (The Women, Peace and Security Agenda) គឺជាវិធីសាស្រ្តបន្ថែមមួយជួយពង្រឹងភាពធន់របស់សង្គមរូម៉ានី។ លោកស្រីAna Catauta សមាជិកគណៈប្រតិភូសភារូម៉ានី ប្រចាំសន្និបាតសភាអង្គការណាតូ និងជាប្រធានគណៈ កម្មាធិការរួមរដ្ឋសភា-ព្រឹទ្ធសភាប្រទេសរូម៉ានី ផ្នែកទំនាក់ទំនងជាមួយអង្គការUNESCO បានថ្លែងប្រាប់ គណៈប្រតិភូសន្និបាតសភាអង្គការណាតូថា ប្រទេសរូម៉ានីបានសម្រេចនូវវឌ្ឍនភាពដ៏ធំធេង លើការបង្កើនចំនួនស្រ្តីក្នុងតួនាទីនៃការធ្វើការសម្រេចចិត្តនៅក្នុងស្ថាប័នធំៗរបស់ប្រទេស និងបានទទួលជោគជ័យក្នុងការដាក់បញ្ចូលស្រ្តីនៅក្នុងការងារទាំងអស់នៃវិស័យសន្តិសុខ។ លោកស្រីNicoleta Pauliuc ដែលស្រ្តីទីមួយ ក្នុងតំណែងជាប្រធានគណៈកម្មាធិការការពារជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិរបស់ព្រឹទ្ធសភាប្រទេសរូម៉ានី បានថ្លែងសង្កត់ធ្ងន់អំពីភាពសំខាន់ចាំបាច់ នៃវត្តមានរបស់បុរស-ស្រ្តីក្នុងវិស័យ នយោបាយ និងការពារជាតិ និងអំពីទំនាក់ទំនងដ៏ខ្លាំងក្លារវាងភាពធន់របស់សង្គមនិងការចូលរួមដោយស្មើភាពនៃយេនឌ័រ។
ក្នុងដំណើរទស្សនកិច្ចខាងលើនេះ គេបានឮមន្រ្តីជាន់ខ្ពស់ជាច្រើនទៀតរបស់ប្រទេសរូម៉ានី បញ្ជាក់អំពីការគាំទ្រផ្នែកនយោបាយដោយឥតងាករេ ចំពោះទីក្រុងកៀវ។ លោក Iulian Chifu ទីប្រឹក្សាផ្នែកសន្តិសុខ និងកិច្ចការយុទ្ធសាស្រ្តរបស់នាយករដ្ឋមន្រ្តីប្រទេសរូម៉ានី បានគូសបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសអ៊ុយក្រែន ត្រូវតែឈ្នះសង្រ្គាមនេះ។ ការចរចាផ្នែកការទូត មិនអាចចាប់ផ្តើមមុនពេលដែលប្រទេសអ៊ុយក្រែនឈ្នះសង្រ្គាមឡើយ ប្រសិនបើមិនដូច្នេះទេ ប្រទេសរុស្ស៊ីនឹងប្រើប្រាស់ឱកាសនេះ ដើម្បីកសាងឡើងវិញនូវសមត្ថភាពយោធានិងសមត្ថភាពវាយប្រហារ ជាថ្មីម្តងទៀត។ អាជ្ញាធរប្រទេសរូម៉ានី បានធ្វើការថ្កោលជាបន្តបន្ទាប់ចំពោះសកម្មភាពឧក្រិដ្ឋរបស់វិមានក្រឹមឡាំង បានអំពាវនាវឱ្យរឹតបន្តឹងការដាក់ទណ្ឌកម្មលើប្រ ទេសរុស្ស៊ី និងបានសម្តែងការគាំទ្ររបស់ខ្លួនចំពោះសមាហរណកម្មអឺរ៉ុប-អាត្លង់ទិក…៕
http://ព័ត៌មានពីសភាអង្គការណាតូ ១៦-០៤-២៣- តូនី ប្រែសម្រួលពី៖ https://www.nato-pa.int/news/allied-lawmakers-visit-romania-shines-spotlight-crucial-importance-black-sea-security
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម