logo logo
banner1
ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ បញ្ចប់ស្ថានភាពអាសន្នថ្នាក់ជាតិជំងឺកូវីដ-១៩
 

លោក Joseph Robinette Biden Jr. ​ប្រធានាធិបតីសហរដ្ឋអាម៉េរិក ទី៤៦

លោក Joseph Robinette Biden Jr. ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយស្វែងរកបញ្ចប់ការឆ្លើយតបស្ថានភាពអាសន្នថ្នាក់ជាតិ​ចំពោះជំងឺ​រាតត្បាតជាសកល កូវីដ-១៩។ ថ្មីៗនេះ លោក Biden ធ្លាប់បានជំទាស់នឹងសេចក្តីព្រាងច្បាប់មួយនេះដែលស្នើឡើងដោយសមាជិក សភាគណបក្សសាធារណរដ្ឋ  ប៉ុន្តែលោកបានថ្លែងថា លោកនឹងមិនប្រើសិទ្ធិវេតូនោះទេ។

សេតវិមានបានផ្សព្វផ្សាយថា កាលពីថ្ងៃអង្គារ ទី១១​ មេសា ឆ្នាំ២០២៣ លោកប្រធានាធិបតីបាន  ចុះហត្ថលេខាក្លាយជាច្បាប់ លើសេចក្តីព្រាងច្បាប់ H.J.Res.7  ដែលបញ្ចប់ស្ថានភាពអាសន្នថា្នក់ជាតិ ពាក់ព័ន្ធនឹងជំងឺរាតត្បាតជាសកលកូវីដ-១៩។ ការលុបចោលការឆ្លើយតបស្ថានភាពអាសន្នចំពោះវីរូសកូវីដ-១៩ ក៏មានន័យថា ជាការបញ្ចប់នូវគោលនយោបាយអន្តោប្រវេសន៍ Title 42 ផងដែរ ដែលគោលនយោ បាយនេះអនុញ្ញាតឱ្យមានការបណ្តេញចេញមនុស្សដែលឆ្លងព្រំដែន​សហរដ្ឋ​អាម៉េរិក​-ម៉ិកស៊ិក ដោយខុសច្បាប់។ វីរូសកូវីដ-១៩ ត្រូវបានប្រកាសថាជា ស្ថានភាពអាសន្នសុខភាពសាធារណៈ ដោយរដ្ឋមន្រ្តីក្រសួង សុខាភិបាលនៃរដ្ឋបាលរបស់លោកអតីត​ប្រធានាធិបតី Donald John Trump កាលពីថ្ងៃទី៣១ ខែមករា  ឆ្នាំ២០២០ ហើយលោក Trump បានប្រកាសស្ថានភាពអាសន្ន នៅខែមីនា ឆ្នាំដដែល។ លោក Biden  បានពង្រីកការប្រើប្រាស់អំណាចគ្រាអាសន្ន ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១។

ការឆ្លើយតបស្ថានភាពអាសន្នថ្នាក់ជាតិចំពោះជំងឺកូវីដ-១៩ អនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ប្រយុទ្ធប្រឆាំងនឹងវីរូសនេះ ដើម្បីគាំទ្រដល់សេដ្ឋកិច្ច សុខភាព និងប្រព័ន្ធសង្គម។​​ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ សភាតំណាងស.រ.អាបានអនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសដែលស្នើឡើងដោយលោក Paul Gosar ក្នុងសំឡេងគាំទ្រ ២២៩ ទល់នឹង១៩៧សំឡេង។ ក្រោយមកក្នុងខែមីនា ឆ្នាំដដែល ព្រឹទ្ធសភាបានការអនុម័តជាចុងក្រោយលើសេចក្តីព្រាងច្បាប់ដោយ ៦៨សំឡេង រួមមាន សមាជិកព្រឹទ្ធសភា​ពាក់កណ្តាលបានបោះឆ្នោតគាំទ្រ និងជំទាស់ ២៣សំឡេង។

បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងស.រ.អា មានពលរដ្ឋអាម៉េរិកជាង ១.១៣លាននាក់បានបាត់បង់ជីវិត​ ដោយសារជំងឺកូវីដ-១៩ ចាប់តាំងពីជំងឺរាតត្បាត​សកលមួយនេះចាប់ផ្តើមឡើងកាលពីជាង ៣ឆ្នាំមុន។ រដ្ឋបាលលោក Biden បានព្យាយាមវិលត្រឡប់ទៅរកស្ថានការណ៍ដូចធម្មតាវិញ ចាប់តាំងពីខ្លួនដឹងច្បាស់ថា សភា​សហរដ្ឋអាម៉េរិកនឹងគាំទ្រការបញ្ចប់ស្ថានភាពអាសន្នថ្នាក់ជាតិជំងឺកូវីដ-១៩៕

http://ព័ត៌មានសភាទ្វីបអាម៉េរិក ១២-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.livemint.com/news/world/us-president-joe-biden-signs-legislation-ending-covid-national-emergency-11681177937832.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`