លោក Alain Rechard សមាជិកព្រឹទ្ធសភាបារាំង និងលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់
លោក Joseph Wu រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋចិន(កោះតៃវ៉ាន់) បានថ្លែងកាលពី ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ថា គណៈប្រតិភូសមាជិកសភានៃសាធារណរដ្ឋបារាំងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងពេលឆាប់ៗនេះ។ សារព័ត៌មាន Bloomberg បានស្រង់សម្តីរបស់លោក Wu ថា ក្រុមសមាជិកសភាបារាំងត្រូវបានគេរំពឹងថានឹងចុះចតនៅក្នុងទីក្រុងតៃប៉ិ នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។ ព្រឹទ្ធសភា និងរដ្ឋសភាបារាំងគឺជាអ្នកគាំទ្រកោះតៃវ៉ាន់យ៉ាងក្លៀវក្លា។ រដ្ឋាភិបាលតៃវ៉ាន់នឹង“ពិនិត្យមើលជាមួយក្រុមសមាជិកសភាបារាំង ដើម្បីរកមើលថាតើ តៃវ៉ាន់ត្រូវការការគាំទ្របន្ថែមប្រភេទណាទៀត”។
ដំណឹងនៃទស្សនកិច្ចរបស់គណៈប្រតិភូសភាបារាំងបានកើតមានឡើង នៅចំពេលនៃការរិះគន់ជាសកលលើការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីបារាំង Emmanuel Jean-Michel Frédéric Ma cron ដែលបានបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការចូលពាក់ព័ន្ធនឹងជម្លោះនៅច្រកសមុទ្ទតៃវ៉ាន់។ ថ្លែងទៅកាន់សារព័ត៌មាន Politico លោក Macron បានឱ្យដឹងថា “សំណួរដែលអឺរ៉ុបចាំបាច់ត្រូវតែឆ្លើយ…នោះគឺថាតើវាជាផលប្រយោជន៍របស់យើងក្នុងការពន្លឿនវិបត្តិស្តីពីតៃវ៉ាន់? ចម្លើយគឺទេ អ្វីដែលអាក្រក់បំផុតដែលយើងត្រូវគិតនោះគឺថា អឺរ៉ុប ត្រូវតែក្លាយជាអ្នកតាមពីក្រោយប្រធានបទនេះ ហើយយើងគ្រាន់តែធ្វើតាមរបៀបវារៈរបស់សហរដ្ឋអាម៉េរិក និងការប្រតិកម្មជ្រុលហួសហេតុរបស់ចិនបានហើយ”។
លោក Macron បានថ្លែងបន្តថា “គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត” ដែលអឺរ៉ុបកំពុងតែប្រឈមនោះគឺថា “យើងជាប់ទាក់ទិនក្នុងវិបត្តិមួយដែលមិនមែនជារបស់យើង ដែលរារាំងដល់ការកសាងស្វ័យភាពជាយុទ្ធសាស្រ្តរបស់ ខ្លួន”។ ស្វ័យភាពជាយុទ្ធសាស្រ្តសម្រាប់អឺរ៉ុប និងសម្រាប់បារាំង ដើម្បីក្លាយជាមហាអំណាចទី៣។ គួរបញ្ជាក់ ផងដែរថា កាលពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ សម្ព័ន្ធភាពអន្តរសភាស្តីពីចិន(IPAC) បានសរសេរលិខិតមួយរិះគន់យ៉ាងចាស់ដៃលើលោក Macron ដែលមិនអើពើចំពោះតៃវ៉ាន់។ ការកត់សម្គាល់របស់លោក Ma cron ជាការមិនអើពើដល់តួនាទីរបស់តៃវ៉ាន់ក្នុងសេដ្ឋកិច្ចសកល និងធ្វើឱ្យអន្តរាយដល់ “ការប្តេជ្ញាចិត្តជាច្រើនទសវត្សរ៍មកហើយ របស់សហគមន៍អន្តរជាតិក្នុងការថែរក្សាសន្តិភាពនៅច្រកសមុទ្ទតៃវ៉ាន់”។
កាលពីសប្តាហ៍មុន លោក Macron បានបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋប្រជាមានិត ចិន ជាទីដែលលោកបានជួបជាមួយលោក Xi Jinping មេដឹកនាំចិន។ មេដឹកនាំនៃប្រទេសទាំងពីរបានជជែកពិភាក្សាគ្នា ពីសង្រ្គាមនៅអ៊ុយក្រែន និងពីកិច្ចការច្រកសមុទ្ទតៃវ៉ាន់ ក្នុងចំណោមប្រធានបទផ្សេងៗទៀត៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១២-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4860485
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម