លោក You Si-kun ប្រធានសភាតៃវ៉ាន់(កណ្តាលស្តាំ) ទទួលស្វាគមន៍គណៈប្រតិភូសភាកាណាដា
ការិយាល័យពាណិជ្ជកម្មកាណាដានៅទីក្រុងតៃប៉ិបានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ គណៈប្រតិភូសភាកាណាដាមួយក្រុមដែលមានសមាជិកចំនួន ១០នាក់ បានមកដល់កោះតៃវ៉ាន់ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ ដែលនឹងរួមបញ្ចូលទាំងកិច្ចប្រជុំជាមួយលោកស្រីប្រធា-នាធិបតី Tsai Ing-wen (蔡英文) និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់តៃវ៉ាន់ដទៃទៀត។
លោក John McKay ប្រធានគណៈកម្មាធិការការពារជាតិរបស់សភាកាណាដាបានប្រាប់សារព័ត៌មាន CNA ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី០៧ ខែមេសា ថា គណៈប្រតិភូពហុបក្សដែលធ្វើទស្សនកិច្ចរួមមាន សមាជិកសភាជាន់ខ្ពស់ជាច្រើនរូបក្នុងគណៈកម្មាធិការការពារជាតិ និងទំនាក់ទំនងការបរទេស រួមមាន លោក Stéphane Bergeron អនុប្រធានគណៈ កម្មាធិការកិច្ចការបរទេស និងការអភិវឌ្ឍអន្តរជាតិ និងលោក Ken Hardie ប្រធានគណៈកម្មាធិការពិសេសស្តីពីទំនាក់ទំនងរវាងកាណាដា និងសាធារណរដ្ឋប្រជាមានិតចិន។ ការិយាល័យពាណិជ្ជកម្មកាណាដានៅទីក្រុងតៃប៉ិ បាននិយាយនៅក្នុងគេហទំព័រហ្វេសប៊ុកថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ក្រុមសមាជិកសភានឹងជួបពិភាក្សាការងារជាមួយលោកស្រី ប្រធានាធិបតី Tsai និងលោកអនុប្រធានាធិបតី Lai Ching-te (賴清德) ក៏ដូចជាជាមួយអ្នកតំណាងសហគមន៍ធុរកិច្ច និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក។ ក្រុមសមាជិកសភាក៏គ្រោងនឹងអញ្ជើញទៅទស្សនា សារមន្ទីរព្រះបរមរាជវាំងជាតិ និងការតាំងពិព័រណ៍សិល្ប: ជនជាតិដើមភាគតិចកាណាដា នៅសារមន្ទីរ Shung Ye នៃជនជាតិដើមភាគតិច Formosan ទីក្រុងតៃប៉ិ។
នេះគឺជាដំណើរទស្សនកិច្ចជាលើកទីពីររបស់ក្រុមសមាជិកសភាកាណាដា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូដែលដឹកនាំដោយសមាជិកសភាលោក Judy Sgro មកពីគណបក្សសេរីនិយម កាលពីខែតុលា ឆ្នាំមុន ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១១-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://focustaiwan.tw/politics/202304100015
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម