លោកស្រី Marketa Pekarova Adamova ប្រធានសភានៃសាធារណរដ្ឋឆែក(រូបទី៣ រាប់ពីស្តាំ)
ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) លោកស្រី Marketa Pekarova Adamova ប្រធានសភានៃសាធារណរដ្ឋឆែកបានសង្កត់ធ្ងន់ពីកំណើនជាអតិបរមានៃចំណងទាក់ទងក្នុងវិស័យសេដ្ឋកិច្ច និងសន្តិសុខរវាងប្រជាជាតិអឺរ៉ុបខាងកើតមួយនេះនិងកូរ៉េ ខាងត្បូង ជាពិសេសក្នុងគោលដៅរួមដើម្បីធានាថា ភាពភ័យរន្ធត់នៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានបញ្ឈប់ និងមិនត្រូវឱ្យកើតមានឡើងជាថ្មីនៅក្នុងផ្នែកណាមួយដទៃទៀតនៃពិភពលោកនោះឡើយ។
លោកស្រី Adamova បានចូលជួបលោក Han Duck-soo នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង និងលោក Kim Jin-pyo ប្រធានសភាកូរ៉េខាងត្បូងនៅក្នុងទីក្រុងសេអ៊ូល មុនពេលហោះហើរទៅកាន់តៃវ៉ាន់ ដើម្បីជួបជាមួយលោកស្រីប្រធានាធិបតី Tsai Ing-wen និងលោក Yu Shyi-kun ប្រធានសភាតៃវ៉ាន់។លោកស្រី Adamova បានថ្លែងថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន មិនត្រឹមតែធ្វើឱ្យអឺរ៉ុបរួបរួមគ្នាទេ ប៉ុន្តែថែមទាំង បានបង្ហាញពីភាពចាំបាច់ក្នុងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នា នៅទ្វីបអាស៊ីផងដែរ។ “ការឆ្លើយតបពីពិភពប្រជាធិបតេយ្យសេរី ទៅកាន់ការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីលើអ៊ុយក្រែន គឺច្បាស់លាស់ខ្លាំងណាស់ ពីព្រោះរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់បានធ្វើការឆ្លើយតប ដូចៗគ្នា។ នេះគឺជាការឆ្លើយតបដ៏ខ្លាំងក្លា មិនមែនទៅកាន់តែរុស្ស៊ីមួយទេ តែក៏ទៅកាន់ចិនផងដែរ ព្រោះថា យើងនឹងការពារមិនមែនត្រឹមតែសមាជិករបស់យើង សមាជិករបស់អង្គការណាតូ ឬសមាជិកសហភាពអឺរ៉ុបនោះទេ ក៏ប៉ុន្តែគឺយើងនឹងការពារប្រទេសទាំងអស់ដែលមានចិត្តគំនិតដូចគ្នា ក្នុងក្របខ័ណ្ឌសេរីភាពប្រជាធិបតេយ្យ និងការគោរពច្បាប់អន្តរជាតិ”។
កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអឺរ៉ុប និងអាស៊ីស្តីពីកិច្ចការសន្តិសុខ គឺជាសកម្មភាពដ៏គួរឱ្យស្វា គមន៍ រួមទាំង ការចូលរួមរបស់មេដឹកនាំនៅអាស៊ីប៉ាស៊ីហ្វិកទាំង៤ នៅឯកិច្ចប្រជុំកំពូលអង្គការណាតូ។ លោកប្រធានាធិបតី Yoon Suk Yeol បានចូលរួមក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២២ ជាការកត់សម្គាល់ ជាលើកដំបូងដែលប្រមុខរដ្ឋកូរ៉េខាងត្បូងបានតំណាងនៅឯវេទិកាបែបនេះ និងទទួលបានការអញ្ជើញពីអគ្គលេខាធិការអង្គការណាតូ ជាថ្មីម្តងទៀតសម្រាប់ឆ្នាំ២០២៣នេះ។
លោកស្រី Adamova និងគណៈប្រតិភូសភាសមាជិកឆែកក៏បានជួបជាមួយក្រុមនិស្សិតនៅក្នុងប្រទេសកូរ៉េដែលកំពុងតែសិក្សាភាសាឆែក ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកស្រី និងបាន ពិភាក្សាការងារពីកិច្ចសហប្រតិបត្តិការរវាងមនុស្ស និងមនុស្ស នៃប្រទេសទាំងពីរផងដែរ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១១-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://koreajoongangdaily.joins.com/2023/04/10/national/diplomacy/korea-czech-parliament/20230410140431605.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម