រូបទង់ជាតិចក្រភពអង់គ្លេស និងសាធារណរដ្ឋឥណ្ឌា តំណាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-ឥណ្ឌា
គណៈប្រតិភូសភាចក្រភពអង់គ្លេស នៃក្រុមសមាជិកសភាចម្រុះគណបក្ស(APPG)ស្តីពីពាណិជ្ជកម្ម និងការវិនិយោគឥណ្ឌា បានអញ្ជើញដល់ទីក្រុងញូដេលី កាលពីថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣ ទៅបំពេញទស្សនកិច្ចទីក្រុងចំនួន៤ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទៅវិញទៅមក ការស្រាវជ្រាវ និងការអភិវឌ្ឍ។ គណៈប្រតិភូចម្រុះគណបក្សដឹកនាំដោយលោកស្រី Baroness Sandy Verma សមាជិកព្រឹទ្ធសភាអង់គ្លេសគ្រោងជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងមេដឹក នាំធុរកិច្ចឥណ្ឌា ដោយមានការគាំទ្រពីសហភាពសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា(FICCI)។
ការពិភាក្សានេះកើតមានឡើងក្រោយឆាកនៃកិច្ចចរចាជុំទី៨ រវាងមន្រ្តីនៃភាគីទាំងពីរឆ្ពោះទៅរកកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ ក្រៅពីញូដេលី ទស្សនកិច្ចនេះក៏នឹងដល់ទៅទីក្រុង Ahmedabad Pune និងទីក្រុង Mumbai ផងដែរ ដើម្បីកត់សម្គាល់ដំណើរទស្សនកិច្ចសភារបស់អង់គ្លេសមកកាន់ឥណ្ឌា ក្រោយគម្លាត ៦ឆ្នាំ។ ក្នុងនាមប្រធានក្រុមសមាជិកសភាចម្រុះគណបក្ស លោកស្រី Verma បានថ្លែងថា លោកស្រីមានក្តីសោមនស្សរីករាយដែលបានធ្វើជាសហប្រធានគណៈប្រតិភូ។
លោកស្រី Verma បានថ្លែងបន្តថា “វាយូរពេកហើយចាប់តាំងពីគណៈប្រតិភូសភាមកដល់ប្រទេសឥណ្ឌា កាលពី៦ឆ្នាំ មកហើយ។ យើងកំពុងទន្ទឹងរង់ចាំភ្ជាប់ទំនាក់ទំនងជាមួយមន្រ្តីជាន់ខ្ពស់ឥណ្ឌា ដើម្បីពិភាក្សាពីកិច្ចការមួយចំនួនចាប់ពី កិច្ចព្រមព្រៀង FTA ដល់ បច្ចេកវិទ្យាតៃបង និងយែនឌ័រ។ ការស្រាវ ជ្រាវ និងការអភិវឌ្ឍគឺជាវិស័យគន្លឹះនៃចំណងទាក់ទងរវាងចក្រភពអង់គ្លេស-ឥណ្ឌា ហើយគណៈប្រតិភូ នឹងស្វែងរកមធ្យោបាយបន្ថែមទៀតដើម្បីពង្រឹងចំណងទាក់ទង ជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការ សាកលវិទ្យាល័យ និងឱកាសសម្រាប់ការផ្ទេរបច្ចេកវិទ្យា“។
ក្រុមសមាជិកសភាចម្រុះគណបក្ស (APPG)ស្តីពីពាណិជ្ជកម្ម និងការវិនិយោគឥណ្ឌា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២២ ស្របគ្នានឹងខួបលើកទី៧៥ឆ្នាំ នៃឯករាជ្យជាតិឥណ្ឌា និងមានសមាសភាពសមា ជិកសភាអង់គ្លេស២៥រូប មកពីមជ្ឈដ្ឋាននយោបាយនានា។ ជាមួយនឹងគោលដៅលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌា និងអង់គ្លេសដើម្បីភាពប្រសើរឡើងនៃពលរដ្ឋទាំងពីរ កសាងនូវការរស់នៅប្រកបដោយបរិយាប័ន្នរវាងប្រទេសទាំងពីរ។ ក្រុម APPG ដែលទើបតែបង្កើតឡើងថ្មីនេះសំដៅឆ្ពោះទៅគាំទ្រការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមក៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១០-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.outlookindia.com/business/uk-parliamentary-delegation-to-discuss-trade-research-ties-in-india-news-277107?prev
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម