លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន
កាលពីថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣ សាធារណរដ្ឋប្រជាមានិតចិន បានប្រឆាំងនឹងកិច្ចប្រជុំដែល បានគ្រោងទុករវាងលោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក និងលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ ដោយបាននិយាយថា ទីក្រុងប៉េកាំងនឹង “ការពារយ៉ាងម៉ឺងម៉ាត់” បូរណភាពទឹកដីរបស់ខ្លួន។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឱ្យដឹងថា “យើងជំរុញឱ្យសហរដ្ឋអាមេរិកគោរព គោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៅក្នុងសេចក្តីថ្លែងការណ៍រួមទាំងបី ចិន-អាមេរិក មិនអនុញ្ញាតឱ្យ លោកស្រី Tsai ការធ្វើដំណើរឆ្លងទៅកាន់សហរដ្ឋអាមេរិក និងមិនរៀបចំឱ្យមានកិច្ចប្រជុំ ឬទំនាក់ទំនងណាមួយរវាងលោកស្រី Tsai និងឥស្សរជននយោបាយ និងមន្ត្រីរបស់អាមេរិក”។ លោកស្រី Mao បានប្រាប់អ្នក សារព័ត៌មាន ទៅតាមប្រតិចារិកនៃព័ត៌មានសង្ខេបរបស់លោកស្រីនៅទីក្រុងប៉េកាំង ដែលក្រោយមកត្រូវបាន បង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្រសួងថា “ភាគីចិននឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាព នេះ ខណៈពេលដែលខ្លួនកំពុងបង្កើន និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព ព្រមទាំងបូរណភាពទឹក ដី”។ ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជា “ខេត្តបំបែកចេញ” ខណៈពេលដែលតៃប៉ិបានទទូចទាមទារឯករាជ្យ តាំងពីឆ្នាំ១៩៤៩ ។ ទីក្រុងប៉េកាំង មិនបានច្រានចោលលទ្ធភាពនៃការប្រើកម្លាំងដើម្បីបង្រួបបង្រួម ប្រទេសកោះជាមួយដីគោកនោះទេ។ លោកស្រី Mao បានមានប្រសាសន៍ថា រដ្ឋាភិបាលទីក្រុងប៉េកាំង “ប្រឆាំងដាច់ខាតចំពោះការរៀបចំរបស់សហរដ្ឋអាមេរិកនូវការធ្វើដំណើរឆ្លងកាត់” របស់លោកស្រី Tsai ទៅកាន់សហរដ្ឋអាមេរិក និងជំនួបរវាងលោកស្រី Tsai និងលោក McCarthy ដែលជាមន្ត្រីជាន់ខ្ពស់ទីបីរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក ព្រោះទង្វើនេះវាបំពានយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ និងបទប្បញ្ញត្តិរបស់ចិននៅក្នុងសេចក្តីថ្លែងការណ៍ រួមទាំងបីចិន-អាមេរិក និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។
កាលពីសប្តាហ៍មុន ប្រទេសចិនបានប្តេជ្ញាចាត់វិធានការតបតចំពោះកិច្ចប្រជុំណាមួយរវាងលោកស្រី Tsai និងមន្ត្រីអាមេរិកក្នុងអំឡុងពេលធ្វើដំណើរទៅកាន់អាមេរិកកណ្តាល ដោយបញ្ជាក់ថា កិច្ចប្រជុំបែបនេះ នឹង “បំផ្លាញសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់”។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ទីក្រុងប៉េកាំងមិនគួរប្រើការឆ្លងកាត់នេះជាលេសដើម្បីបង្កើនសកម្មភាពឈ្លានពាននៅជុំវិញច្រក សមុទ្រនោះទេ….៕
http://ព័ត៌មានសភាទ្វីបអាមេរិក ០៥-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.aa.com.tr/en/americas/-will-resolutely-defend-territorial-integrity-china-says-of-taiwan-president-s-meeting-with-us-house-speaker/2863538
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម