រូបភាពសភាឌូម៉ា(សភាជាន់ទាប) នៃសហព័ន្ធរុស្ស៊ី
រដ្ឋធានីមូស្គូ៖ គណៈកម្មាធិការសន្តិសុខ សុវត្ថិភាព និងប្រឆាំងអំពើពុករលួយ នៃសភាឌូម៉ា(សភាជាន់ទាបសហព័ន្ធរុស្ស៊ី) បានថ្លែងកាលពីថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣ ថា សមាជិកសភាសហព័ន្ធ រុស្ស៊ីនឹងស្នើធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌដើម្បីរឹតបន្តឹងការផ្តន្ទាទោសចំពោះអំពើភេរវនិយម រួមទាំង ការបន្ថែមបញ្ជីឈ្មោះនៃបទឧក្រិដ្ឋដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតអស់មួយជីវិត។
លោក Vasily Ivanovich Piskaryov ប្រធានគណៈកម្មាធិការសន្តិសុខ សុវត្ថិភាព និងប្រឆាំងអំពើពុករលួយនៃសភាឌូម៉ាបានបង្ហោះសារនៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា “នៅក្នុងពេលឆាប់ៗនេះ យើងនឹងស្នើធ្វើវិសោធនកម្មដើម្បីរឹតបន្តឹងការផ្តន្ទាទោសចំពោះអំពើភេរវកម្ម។ ក្រមព្រហ្មទណ្ឌបច្ចុប្បន្នរបស់រុស្ស៊ី បានផ្តល់រួចហើយនូវការផ្តន្ទាទោសភេរវកររហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែការផ្តន្ទាទោសចំពោះបទឧក្រិដ្ឋខ្លះគឺនៅមានភាពធូរសា្រលច្រើន… ដូច្នឹងវិសោធនកម្មមួយនេះគឺមានភាពចាំបាច់ក្នុងការការពាររុស្ស៊ីប្រឆាំងនឹងការគំរាមកំហែង ដែលមិនធ្លាប់មានពីមុនមកចំពោះប្រទេសជាតិរបស់យើង ដែលពេលនេះយើងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ពីអ៊ុយក្រែន និងក្រោមការជួយជ្រោមជ្រែងទំនុកបម្រុងពីក្រុមប្រទេសលោកខាងលិច”។
បើតាមសមាជិកសភារុស្ស៊ីរូបនេះ ការផ្តន្ទាទោសចំពោះការវាយប្រហារភេរវករ ការផ្តល់ជំនួយនៅ ក្នុងសកម្មភាពភេរវករ ក៏ដូចជា ការអំពាវនាវជាសាធារណៈដើម្បីធ្វើសកម្មភាពបែបភេរវករ យុត្តិកម្មជាសាធារណៈ ឬការឃោសនាពីអំពើភេរវនិយម និងមាត្រាផ្សេងៗទៀតនៃក្រមព្រហ្មទណ្ឌដែលបានផ្តន្ទាទោសចំពោះអំពើភេរវនិយមនឹងត្រូវបានរឹតបន្តឹង។ លោក Piskaryov បានកត់សម្គាល់ថា ហើយអ្វីដែលសំខាន់បំផុតនោះ គឺយើងនឹងស្នើបន្ថែមបញ្ជីឈ្មោះនៃបទឧក្រិដ្ឋដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត។ ជនណាមួយដែលរៀបចំគម្រោងការវាយប្រហារភេរវករ ជួយ ឬបង្កលក្ខណៈងាយស្រួលដល់ភេរវករ គឺមិនអាចគេចផុតពីការផ្តន្ទាទោសក្នុងកម្រិតធ្ងន់ធ្ងរបំផុតនោះបានឡើយ។
ការប្រកាសធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌបែបនេះ បានកើតមានឡើង បន្ទាប់ពីមានការវាយប្រហារឃាតកម្មដោយគប់គ្រាប់បែកសម្លាប់លោក Vladlen Tatarsk អ្នករាយការណ៍ព័ត៌មានយោធារបស់សហព័ន្ធរុស្ស៊ីកាលពីថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ ២០២៣ ដែលរដ្ឋាភិបាលទីក្រុងមូស្គូបានចាត់ទុកថាជា សកម្មភាពអំពើភេរវនិយមដែលធ្វើឡើងក្រោមការដឹកនាំបញ្ជាពីរដ្ឋាភិបាលប្រទេសអ៊ុយក្រែន៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៥-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/russian-parliament-to-amend-criminal-code-to-1670659.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម