សភាប្រទេសហុងគ្រី អនុម័តសេចក្តីសម្រេចស្តីពីសន្តិភាព
នៅថ្ងៃខួបឆ្នាំទី១ នៃការចាប់ផ្តើមជម្លោះប្រដាប់អាវុធរវាងសហព័ន្ធរុស្ស៊ី និងប្រទេសអ៊ុយក្រែន ប្រទេសហុងគ្រីបានអនុម័តសេចក្តីសម្រេចស្តីពីសន្តិភាព សម្តែងនូវក្តីបារម្ភពាក់ព័ន្ធនឹងសក្តានុពលចំពោះ ស្ថានការណ៍កាន់តែវិវត្តន៍ក្លាយទៅជាសង្រ្គាមសកលមួយ។ សេចក្តីសម្រេចដែលទទួលបានការអនុម័ត ក្នុងសំឡេង១៣០ ទល់នឹង២៤សំឡេង និងគ្មានសំឡេងអនុបវាទ ក៏រិះគន់ផងដែរចំពោះការដាក់ទណ្ឌ កម្មសេដ្ឋកិច្ចរបស់ក្រុមប្រទេសលោកខាងលិចលើសហព័ន្ធរុស្ស៊ី។ ទណ្ឌកម្មទាំងនេះបានបរាជ័យក្នុងការបញ្ឈប់ជម្លោះ ជំនួសឱ្យការខូចខាតសេដ្ឋកិច្ចរបស់បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប រួមទាំង ប្រទេស ហុងគ្រីផងដែរ។
លោក Viktor Orban នាយករដ្ឋមន្រ្តីហុងគ្រី ធ្លាប់បានព្រមានថា ជម្លោះកំពុងតែបង្ហូរឈាមខ្លាំងឡើង និងកាន់តែឃោរឃៅឡើង ហើយដែលនោះគឺជាការគំរាមកំហែងសង្រ្គាមលោកលើកទី៣ យ៉ាងពិតប្រាកដមួយ។ “ពេលនេះយើងកំពុងស្ថិតនៅចំណុចមួយដែលអឺរ៉ុបកំពុងតែពិចារណាបញ្ជូនកងទ័ពរក្សាសន្តិភាពទៅកាន់ប្រទេសអ៊ុយក្រែន”។
សេចក្តីសម្រេចរបស់សភាហុងគ្រីបានអំពាវនាវឱ្យមានបទឈប់បាញ់មួយជាបន្ទាន់ ការចរចា និងដំណោះស្រាយសន្តិភាពចំពោះជម្លោះមួយនេះ។ សេចក្តីសម្រេចដដែលក៏បានរិះគន់ផងដែរដល់ផែនការរបស់សហភាពអឺរ៉ុបក្នុងការបង្កើនទណ្ឌកម្មរបស់ខ្លួនទៅលើរុស្ស៊ី ដោយលើកហេតុផលថា វានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខនៃការផ្គត់ផ្គង់ និងកាន់តែធ្វើឱ្យមានអតិផរណាកាន់តែខ្ពស់នៅក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុបជាច្រើន។ ហើយការបន្ថែមទណ្ឌកម្មនេះក៏នឹងប៉ះពាល់ផងដែរដល់ប្រទេសប៊ុលហ្គារីដែលជារដ្ឋសមាជិកមួយមានដែលអត្រាអតិផរណាខ្ពស់បំផុតនៅក្នុងសហភាពអឺរ៉ុប។
សេចក្តីសម្រេចរបស់សភាហុងគ្រីបានគូសបញ្ជាក់ថា “យើងអំពាវនាវដល់ឥស្សរជនសាធារណហុងគ្រី ត្រូវបញ្ឈប់ការធ្វើសេចក្តីសម្រេច និងសកម្មភាពនយោបាយដែលអាចបង្កឱ្យមានផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរដល់ប្រទេសជាតិយើង ឬអាចធ្វើឱ្យហុងគ្រីរអិលធ្លាក់ទៅក្នុងសង្រ្គាម”។ ការបន្តសង្រ្គាមនិងការដឹកជញ្ជូនអាវុធធុនធ្ងន់អាចនឹងធ្វើឱ្យស្លាប់បាត់បង់ជីវិតមនុស្សរាប់ម៉ឺននាក់។ ជីវិតមនុស្សអាចសង្រ្គោះបានលុះត្រាតែមានបទឈប់បាញ់ ភ្លាមៗ ការចរចា និងសន្តិភាព“៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៤-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/europe/20230401/6cdbd0eca3e94242b1c747d122761b2f/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម