គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជំរុញឱ្យរដ្ឋាភិបាល រៀបចំផែនការមេស្តីពីការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ២០២២-២០២៣ ឱ្យបានឆាប់ដើម្បី ដោះស្រាយបញ្ហាបន្ទាន់ជាច្រើន ដូចជាតម្លៃរបស់ឧបករណ៍ធ្វើតេស្តកូវីដ-១៩ ការបើកវិស័យទេសចរណ៍ និងសកម្មភាពបង្រៀនចំពេលមានការកើនឡើងនៃចំនួនអ្នកឆ្លង ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បានធ្វើការអំពាវនាវបន្ទាប់ពីបានស្តាប់របាយការណ៍របស់ គណៈកម្មាធិការអ្នកសង្កេតការណ៍បូកសរុបសំណើ និងមតិយោបល់របស់ម្ចាស់ឆ្នោតទូទាំងប្រទេស រួមទាំងវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលខាងមុខ ។
លោក Duong Thanh Binh ប្រធានគណៈកម្មាធិការបានមានប្រសាសន៍ថា ម្ចាស់ឆ្នោតបានបង្ហាញ ក្តីបារម្ភចំពោះការគ្រប់គ្រងមិនល្អចំពោះតម្លៃឧបករណ៍ធ្វើតេស្តកូវីដ-១៩ និងការលក់ថ្នាំព្យាបាលជំងឺកូវីដ -១៩ ដែលមានប្រភពមិនច្បាស់លាស់នៅលើបណ្តាញសង្គម ក៏ដូចជាកង្វះកម្មករនៅក្នុងរោងចក្រដោយ សារជំងឺរាតត្បាត និងការឆ្លងកើនឡើងនៅតាមសាលារៀន ។ លោកបានមានប្រសាសន៍បន្តទៀតថា ម្ចាស់ ឆ្នោត និងប្រជាពលរដ្ឋក៏មានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការដំឡើងថ្លៃសាំងលើផលិតកម្ម និងសកម្មភាពប្រចាំថ្ងៃ គ្រោះថ្នាក់ផ្លូវទឹកដ៏សោកនាដកម្មនៅខេត្ត Quang Nam និងការកើនឡើងនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ។ លោក Binh បានគូសបញ្ជាក់ថា ម្ចាស់ឆ្នោតបានបង្ហាញពីការពេញចិត្តចំពោះសកម្មភាពភ្លាមៗរបស់បក្ស និងរដ្ឋក្នុងការការពារពលរដ្ឋវៀតណាមនៅប្រទេសអ៊ុយក្រែន និងការឆ្លើយតប ទាន់ពេលវេលារបស់រដ្ឋសភាវៀតណាមចំពោះការដំឡើងថ្លៃសាំង ។ នៅក្នុងរបាយការណ៍បានឱ្យដឹងថា រហូត មកដល់ពេលនេះ មានសំណើចំនួន១,៧០៥ ក្នុងចំណោម១,៧០៧ ដែលម្ចាស់ឆ្នោតបានផ្ញើទៅកាន់សម័យ ប្រជុំលើកទី២ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ ត្រូវបានដោះស្រាយ ឬទទួលបានការឆ្លើយតប រួមជា មួយនឹងសំណើចំនួន២០៤ ក្នុងចំណោម ៩២៣សំណើ ដែលបានផ្ញើនៅក្រោយសម័យប្រជុំ និងសំណើចំនួន២០ ក្នុងចំណោម២១៨សំណើ ផ្សេងទៀតបានផ្ញើទៅកាន់សម័យប្រជុំវិសាមញ្ញលើកទី១ នីតិកាលទី ១៥ ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានស្នើឱ្យរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តី ដឹកនាំក្រសួង និង វិស័យនានា ដាក់ចេញនូវវិធានការគ្រប់គ្រងតម្លៃទំនិញ និងសេវាកម្មប្រកបដោយប្រសិទ្ធភាព ចំពេលមាន ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងដោះស្រាយការក្លែងបន្លំ ព្រមទាំងការកាន់កាប់អចលនទ្រព្យ តាមរយៈ បណ្តាញអ៊ីនធឺណិត និងទូរគមនាគមន៍ ។ គណៈកម្មាធិការបានបានស្នើឱ្យក្រសួងសុខាភិបាលគួរតែផ្តល់ ការណែនាំជាបន្ទាន់ និងលក្ខខណ្ឌអំណោយផលដល់ប្រជាពលរដ្ឋក្នុងការទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ សម្រាប់ព្យាបាលនៅផ្ទះ និងសម្រួលនីតិវិធីនៃការចេញលិខិតបញ្ជាក់ការជាសះស្បើយពីជំងឺកូវីដ-១៩ ។
លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យគណៈកម្មាធិការ Ombudsman សិក្សាគំនិតដែលបានផ្តល់ឱ្យក្នុងសម័យប្រជុំដើម្បីបញ្ចប់របាយការណ៍របស់ខ្លួន ដែលគួរលើកឡើងនូវអនុ សាសន៍ដល់រដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធនឹងគម្រោងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ៕
http://ព័ត៌មានសភាអន្តរជាតិ ១៧-០៣-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-standing-committee-urges-early-issue-of-new-covid19-control-master-plan-for-20222023/223449.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម