
គណៈកម្មាធិការច្បាប់នៃរដ្ឋសភាវៀតណាមបើកកិច្ចប្រជុំពេញអង្គលើកទី ១៣ របស់ខ្លួន
រដ្ឋធានីហាណូយ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការច្បាប់នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានបើកសម័យប្រជុំពេញអង្គលើកទី១៣ របស់ខ្លួន ដើម្បីកែតម្រូវកម្មវិធីនីតិកម្ម និងបទប្បញ្ញត្តិនានាក្នុងឆ្នាំ២០២៣ និងសេចក្តីព្រាងកម្មវិធីសម្រាប់ឆ្នាំ២០២៤ ខាងមុខ។ យោងតាមរបាយការណ៍ ដែលបានបង្ហាញជូនក្នុងកិច្ចប្រជុំនោះ រដ្ឋាភិបាលបានស្នើបន្ថែមសេចក្តីព្រាងវិសោធនកម្មច្បាប់ និងមាត្រាមួយចំនួននៃច្បាប់ស្តីពី សន្តិសុខសាធារណៈរបស់ប្រជាជនក្នុងរវៀបវារៈនៃសម័យប្រជុំលើកទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តយល់ព្រម។
សេចក្តីព្រាងវិសោធនកម្មច្បាប់ចំនួន ៥ រួមមាន សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ, សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី គ្រឹះស្ថានឥណទាន, សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់, សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី សុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី កម្លាំងចូលរួមក្នុងកិច្ចការពារសន្តិសុខ និងព្រំដែន ក្នុងកម្រិតប្រជាជនទូទៅ នឹងត្រូវដាក់ពិនិត្យពិភាក្សាក្នុងសម័យប្រជុំនេះ ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ សេចក្តីព្រាងវិសោធនកម្មច្បាប់ទាំងនេះ នឹងបញ្ជូនទៅរដ្ឋសភាពិនិត្យ និងអនុម័តក្នុងសម័យប្រជុំពេញអង្គលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២៣ នេះ។
ក្នុងអំឡុងពេលនៃសម័យប្រជុំនេះ រដ្ឋសភា ក៏នឹងផ្តល់អនុសាសន៍លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី ឧស្សាហកម្មការពារជាតិ, សន្តិសុខ និងការធ្វើយោធូបនីយកម្មឧស្សាហកម្ម, សេចក្តីព្រាងវិសោធនកម្មច្បាប់ និងការបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពី ការលក់ដេញថ្លៃអចលនទ្រព្យ និងសេចក្តី ព្រាងច្បាប់ស្តីពី ទីក្រុងរបស់រដ្ឋធានី។ សម្រាប់កម្មវិធីឆ្នាំ២០២៤, រដ្ឋាភិបាល, តុលាការប្រជាជនកំពូល, អគ្គសហព័ន្ធការងារវៀតណាម និងអង្គសភាវៀតណាមទាំងមូល បានស្នើបញ្ចូលសេចក្តីព្រាងវិសោធន កម្មច្បាប់ចំនួន ១៨ ទៅក្នុងកម្មវិធីនេះ។
ដោយឡែក សេចក្តីព្រាងច្បាប់ចំនួន ៦ ដែលនឹងត្រូវបានពិនិត្យពិភាក្សាក្នុងសម័យប្រជុំលើកទី៦ នឹងត្រូវបានអនុម័តយល់ព្រមក្នុងសម័យប្រជុំលើកទី៧ ខណៈដែលសេចក្តីព្រាងច្បាប់ចំនួន ១០ នឹងត្រូវ ពិនិត្យពិភាក្សាក្នុងសម័យប្រជុំលើកទី៧ ហើយបានអនុម័តជាបន្តបន្ទាប់។ ហើយសសេចក្តីព្រាងច្បាប់ចំនួន ២ ទៀត ក៏នឹងត្រូវដាក់ឱ្យពិនិត្យពិភាក្សាក្នុងសម័យប្រជុំលើកទី៨ ផងដែរ៕
http://ព័ត៌មានសភាទ្វីបអាស៊ី ៣១-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-law-committee-holds-13th-plenary-session/250755.vnp