សភាអាល់ហ្សេរីចាប់ផ្តើមដំណើរការក្រុមមិត្តភាពសភាកូវ៉ែត-អាល់ហ្សេរី
កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ សភាប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា មានិតអាល់ហ្សេរី បានចាប់ផ្តើមដំណើរការក្រុមមិត្តភាពសភាអាល់ហ្សេរី-កូវ៉ែត ដើម្បីលើកកម្ពស់ចំណងទាក់ទងសភារវាងប្រទេសទាំងពីរ និងដើម្បីចែករំលែកបទពិសោធលើគ្រប់កម្រិតទាំងអស់។
ថ្លែងសុន្ទរកថា ក្នុងឱកាសនោះ លោក Ammari Abdullah អនុប្រធានសភាប្រជាជនអាល់ហ្សេរីបានថ្លែងថា ចំណងទាក់ទងរវាងប្រទេសទាំងពីររំលឹកដល់ស្លាកស្នាមនៃដំណាក់កាលការតស៊ូប្រឆាំងនឹង អាណានិគមនិយមបារាំង ដោយលោកថ្លែងសំដៅដល់កិច្ចខិតខំប្រឹងប្រែងរបស់កូវ៉ែតដើម្បីគាំទ្របដិវត្តប្រជាជនអាល់ហ្សេរីប្រឆាំងនឹងអាណានិគមនិយមបារាំង។ លោក Abdullah បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច រវាងភាគីទាំងពីរបានបន្តឡើងវិញ បន្ទាប់ពីទទួលបានឯករាជ្យដើម្បី សម្រេចបានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ចំណងទាក់ទងទ្វេភាគីឈរលើកិច្ចសហប្រតិបត្តិការ មិត្ត ភាព និងការគោរពគ្នាទៅវិញទៅមក ក៏ដូចជាការចែករំលែកទស្សនៈគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងកិច្ចការ តំបន់ និងអន្តរជាតិ។
លោក Abdullah បានថ្លែងថា ប្រទេសទាំងពីរទន្ទឹងរង់ចាំកសាងភាពជាដៃគូដ៏ល្អនឹងគ្នា ជាពិសេស បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក Abdelmadjid Tebboune ប្រធានាធិបតីអាល់ហ្សេរីទៅកាន់ប្រទេសកូវ៉ែត កាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងមក។ លោក Abdullah លើកតម្កើងពីចំណងទាក់ទងសភា ដ៏ល្អរវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងសកម្មភាពផ្សេងៗ ដូចជា ទស្សនកិច្ចផ្លូវការ វគ្គបណ្តុះបណ្តាល និងកិច្ចពិភាក្សារវាងប្រធានស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ លើវិស័យផ្សេងៗជាដើម។
សម្រាប់ភាគីកូវ៉ែត លោក Khaled Al-Yoha ភារធារីស្តីទីស្ថានទូតកូវ៉ែតប្រចាំប្រទេសអាល់ហ្សេរី បានហៅចំណងទាក់ទងរវាងកូវ៉ែតអាល់ហ្សេរីថាប្រៀបបាននឹង “បងប្អូនដ៏ខ្លាំងក្លា និងជាប្រវត្តិសាស្ត្រ”។ លោក Al-Yoha បានគូសបញ្ជាក់ថា ការចាប់ផ្តើមដំណើរការក្រុមមិត្តភាពសភាកូវ៉ែត-អាល់ហ្សេរី ធ្វើឡើងដើម្បីពង្រឹងចំណងទាក់ទងរវាងប្រទេសកូវ៉ែត និងអាល់ហ្សេរី៕
http://ព័ត៌មានសភាទ្វីបអាហ្រ្វិក ៣០-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105889284/Algeria-Launches-Kuwaiti-Algerian-Parliamentary-Group-To-Boost-Ties
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម