ប្រជាពលរដ្ឋគុយបា កំពុងទម្លាក់សន្នឹកឆ្នោត ក្នុងបោះឆ្នោត
ការបោះឆ្នោតបានបើកធ្វើឡើងនៅទូទាំងសាធារណរដ្ឋគុយបាកាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ សម្រាប់អ្នកមានសិទ្ធិបោះឆ្នោតជាង៨លាននាក់ ជ្រើសរើសសមាជិកសភាអំណាចប្រជាជនដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសដីកោះមួយនេះ សម្រាប់អាណត្តិ ៥ឆ្នាំ។ ស្ថានីយបោះឆ្នោតជាង ២៣,៦០០ស្ថានីយ បានបើកទ្វារនៅម៉ោង ៧ព្រឹក និងបិទនៅម៉ោង ៦ល្ងាច។ មាននិស្សិតប្រមាណ ១៧៥,៦០០នាក់ទទួលខុសត្រូវក្នុងការយាមកាមប្រអប់ឆ្នោត។
មានបេក្ខជនចំនួន ៤៧០រូប បានឈរឈ្មោះប្រជែងអាសនៈដែលមានចំនួន ៤៧០ដែរ និងដោយ គ្មានបេក្ខជនគណបក្សប្រឆាំងជាគូប្រជែងនោះឡើយ។ បេក្ខជនសមាជិកសភាភាគច្រើនគឺជាសមាជិកបក្សកុម្មុយនិស្តគុយបា ដែលជាគណបក្សស្របច្បាប់តែមួយគត់នៅក្នុងប្រទេសដីកោះមួយនេះ។ ឥស្សរជនប្រវត្តិសាស្រ្តបដិវត្តន៍ ដូចជាអតីតប្រធានាធិបតី Raul Castro វ័យ ៩១ឆ្នាំ ជាដើម គឺស្ថិតក្នុងចំណោម បេក្ខជនទាំងនោះ។ សមាជិកសភាគុយបានឹងត្រូវទទួលខុសត្រូវក្នុងការតែងតាំងបេក្ខជនប្រធានាធិបតីដែលនឹងត្រូវបោះឆ្នោតក្នុងចំណោមពួកគាត់។ លោក Miguel Diaz-Canel មេដឹកនាំបក្សកុម្មុយនិស្តគុយបា ត្រូវបានគេរំពឹងថានឹងទទួលជ័យជម្នះសម្រាប់អាណត្តិទី២។
លោក Brian Nichols អនុរដ្ឋមន្រ្តីសហរដ្ឋអាម៉េរិកទទួលបន្ទុកកិច្ចការអឌ្ឍគោលប្រទេសលោកខាងលិច បានរិះគន់ការបោះឆ្នោតនៅក្នុងប្រទេសគុយបាថា ប្រជាជនគុយបាសមតែទទួលបានសេរីភាពក្នុងការជ្រើសរើសតំណាងរបស់ពួកគេ។ ប្រជាជនគុយបាជាថ្មីម្តងទៀតនឹងមិនទទួលបានការបោះឆ្នោតដ៏ពិតប្រាកដមួយសម្រាប់សភារបស់ពួកគេនោះឡើយ នៅពេលដែលមានជម្រើសតែមួយគត់ គឺបោះឱ្យបក្សកុម្មុយនិស្ត ហើយគណៈកម្មាធិការជ្រើសរើសបេក្ខជនឈរឈ្មោះដោយគ្មានគណបក្សប្រឆាំង គឺគ្មានប្រជា ធិបតេយ្យ មានតែភាពផ្តាច់ការ និងទុក្ខវេទនាដែលប្រជាជនគុយបាត្រូវជ្រើសរើស។
គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភាគុយបា បានកើតមានឡើងក្នុងគ្រាដែលប្រទេសគុយបាកំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ក្នុងពេលប៉ុន្មានទស្សវត្សរ៍កន្លងមកនេះ ជាមួយនឹងកង្វះខាតស្បៀងអាហារ រលកនៃទេសន្តរប្រវេសន៍(ចំណាកស្រុក)ដែលមិនធ្លាប់មានពីមុនមក កំណើនអតិផរណាយ៉ាងធ្ងន់ធ្ងរ និងការដាក់ទណ្ឌកម្មដ៏រ៉ាំរ៉ៃពីសហរដ្ឋអាម៉េរិក៕
http://ព័ត៌មានសភាទ្វីបអាម៉េរិក ២៧-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/politics/polls-open-in-cuba-for-legislative-elections/2856096
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម