logo logo
banner1
រដ្ឋាភិបាលទីក្រុងអង់ការ៉ា រំពឹងថា សភានឹងផ្តល់សច្ចាប័នលើពិធីសារ ស្តីពីការស្នើសុំចូលជាសមាជិកអង្គការណាតូ របស់ហ្វាំងឡង់
 

 លោក Mustafa Şentop ប្រធានសភានៃសាធារណរដ្ឋតួកគី

រដ្ឋធានីអង់ការ៉ា៖ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមីនា​ ឆ្នាំ២០២៣ លោក Ibrahim Kalin អ្នកនាំពាក្យរបស់លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានថ្លែងថា រដ្ឋាភិបាលទីក្រុងអង់ការ៉ារំពឹងថា សភានៃសាធារណរដ្ឋតួកគីនឹងអនុម័តគាំទ្រការផ្តល់សច្ចាប័ន លើពិធីសារស្តីពីការស្នើសុំចូលជាសមាជិក​អង្គការណាតូរបស់សាធារណរដ្ឋ​ហ្វាំងឡង់ ក្នុងគ្រាដែលប្រទេសរបស់យើងមិនមានបញ្ហាអ្វីក្នុងចំណងទាក់ទងជាមួយរដ្ឋាភិបាលទីក្រុងហែលស៊ិនគីនោះឡើយ។

កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន គណៈកម្មការកិច្ចការគោលនយោបាយការបរទេសនៃសភាតួកគីបានអនុម័តគាំទ្រការផ្តល់សច្ចាប័នលើពិធី​សារស្តីពីការស្នើសុំចូល​ជា​សមាជិកអង្គការណាតូ របស់ប្រទេសហ្វាំងឡង់ និងបានប្រកាសពីផែនការរបស់ខ្លួនក្នុងការបញ្ជូនពិធីសារមួយនេះទៅស្នើសុំការអនុ   ម័តពីសភាផងដែរ។ លោក Ibrahim Kalin បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយតួកគី NTV ថា “គណៈកម្មការកិច្ចការគោលនយោបាយការបរទេសនៃសភាតួកគីបានអនុម័តពិធីសារខាងលើ។ យើងរំពឹងថា សភាក៏ នឹងអនុម័តផងដែរ។ យើងមិនមានបញ្ហាអ្វីជាមួយហ្វាំងឡង់ទេ នៅក្នុងនីតិវិធីនេះ”។ ក្នុងពេលជាមួយគ្នា តំណាងលោកប្រធានាធិបតី Erdogan​ រូបនេះបានគូសបញ្ជាក់ថា តួកគីនៅមិនទាន់ធ្វើការសម្រេចចិត្ត  ចុងក្រោយស្តីការស្នើសុំចូលជាសមាជិកអង្គការណាតូរបស់ព្រះរាជាណាចក្រស៊ុយអែតនៅឡើយទេ លោក ថាអ្វីៗផ្អែកលើសកម្មភាព​របស់​​​រាជរដ្ឋាភិបាលទីក្រុងស្តុកខុល។

លោក Ibrahim Kalin បានថ្លែងបន្ថែមថា “យើងនៅមិនទាន់បិទទ្វារចូលជាសមាជិកអង្គការណាតូ សម្រាប់ស៊ុយអែតនៅឡើយទេ។ នីតិវិធី និងល្បឿននៃដំណើរការគឺពឹង​ផ្អែក​ទាំងស្រុងលើការវិធានការដែល រាជរដ្ឋាភិបាលទីក្រុងស្តុកខុលប្រកាន់យក។ ក្នុងពេលជាមួយគ្នាលោកបានព្រមានថា រដ្ឋាភិបាលទីក្រុង   វ៉ាស៊ីនតោនមិនគួរប៉ុនប៉ងភ្ជាប់ការ​ស្នើសុំចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត និងហ្វាំងឡង់ទៅ នឹងការបញ្ជាទិញយន្តហោះចម្បាំង F-16 នោះឡើយ ព្រោះថារដ្ឋាភិបាលទីក្រុងអង់ការ៉ាមានជម្រើស  ផ្សេងចំពោះយន្តហោះចម្បាំង​​​ F-16 ក្នុងករណីដែលកិច្ចព្រមព្រៀងមិនអាចសម្រេចបានជាមួយអាម៉េរិក។

កាលពីដើមខែមីនា ឆ្នាំ២០២៣ កន្លងមក ក្រុមសមាជិកព្រឹទ្ធសភាទាំងពីរគណបក្សបានទទូចឱ្យ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាម៉េរិក​ពន្យារពេលក្នុងការលក់​យន្តហោះចម្បាំង F-16 ដែលមានតម្លៃ២០ពាន់លានដុល្លារស.រ​.អា ទៅឱ្យរដ្ឋាភិបាលតួកគី រហូតទាល់តែតួកគីផ្តល់សច្ចាប័នលើការសុំចូលជាសមាជិកអង្គការណាតូ​របស់​ប្រទេសស៊ុយអែត និងហ្វាំងឡង់ រួចរាល់សិន៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៧-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ http://www.uniindia.com/news/world/ankara-expects-turkish-parliament-to-ratify-finland-s-nato-bid/2940634.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`