logo logo
banner1
សមាជិកសភាឆែក ត្រូវបានហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok លើឧបករណ៍រដ្ឋាភិបាល
 

កម្មវិធីចែករំលែកវីដេអូ TikTok ដ៏ពេញនិយមរបស់ក្រុមហ៊ុនចិន ByteDance

កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយឆែកបានរាយការណ៍ថាសមាជិកសភាទាំងពីរថ្នាក់នៃសាធារណរដ្ឋឆែកត្រូវបាន​ហាមឃាត់ពីការ​ប្រើប្រាស់កម្មវិធីចែករំលែកវីដេអូរបស់ចិន ដោយសារតែហេតុផលសន្តិសុខ និងដោយអនុលោមតាមការផ្តល់មតិយោបល់ពីទីភ្នាក់ងារជាតិប្រព័ន្ធអ៊ីនធឺណិត និង​សន្តិសុខព័ត៌មានឆែក។​

វិទ្យុឆែក Cesky rozhlas បានរាយការណ៍ថា នាយកដ្ឋានព័ត៌មានវិទ្យានៃសភាទាំងពីរថ្នាក់ត្រូវតែធានាលក្ខខណ្ឌថា កម្មវិធី Tiktok មិនអាចត្រូវបានដំឡើង និងប្រើប្រាស់​នៅលើឧបករណ៍អេឡិចត្រូនិក របស់រដ្ឋាភិបាល។ លោក Martin Plisek អគ្គលេខាធិការសភាជាន់ទាបឆែកប្រាប់អ្នកសារព័ត៌មានថា សមាជិកសភាទាំងអស់ និងជំនួយការ ក៏ត្រូវបានណែនាំមិនឱ្យប្រើប្រាស់កម្មវិធីមួយនេះនៅលើឧបករណ៍អេឡិចត្រូនិកផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកម្មវិធី TikTok ត្រូវបានហាមឃាត់មិនឱ្យភ្ជាប់លើឧបករណ៍អេឡិចត្រូនិករបស់រដ្ឋាភិបាល ជាងពាក់កណ្តាលនៃរដ្ឋ នៅក្នុងសហរដ្ឋ​អាម៉េរិក ដោយសារតែព្រួយបារម្ភពីសុវត្ថិ ភាពសន្តិសុខទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងចូលយកបាន។ លើសពីនេះទៀត គណៈកម្មាធិការ​កិច្ច​ការបរទេសនៃសភាតំណាងសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីព្រាងច្បាប់មួយដែល អាចអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិកហាមឃាត់កម្មវិធី ​TikTok ឬកម្មវិធី​​បរទេសណាមួយផ្សេងទៀត ប្រសិនបើពួកគេជឿថាវាជាការគំរាមកំហែងដល់សន្តិសុខជាតិ។

កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ការប្រើកម្មវិធី TikTok ត្រូវបានហាមឃាត់ពីសំណាក់រដ្ឋាភិបាលកាណាដា គណៈកម្មការអឺរ៉ុប និងសភាអឺរ៉ុប លើឧបករណ៍ទាំងអស់ដែល​ប្រើប្រាស់​​ដោយបុគ្គលិករបស់ ពួកគេសម្រាប់បំពេញការងារ។ ក្នុងខែមីនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលចក្រភពអង់គ្លេសក៏បានសម្រេចចិត្តក្នុងការ​ហាមឃាត់​មន្រ្តីរបស់​ខ្លួនពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយនេះ នៅលើឧបករណ៍ អេឡិចត្រូនិករបស់រាជរដ្ឋាភិបាល៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៤-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/members-of-czech-parliament-banned-from-using-1664222.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`