រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសបារាំង
សភានៃសាធារណរដ្ឋបារាំងបានបោះឆ្នោតដោយសំឡេងភាគច្រើនលើសលប់គាំទ្រផែនការរបស់ រដ្ឋាភិបាលសម្រាប់ការវិនិយោគនុយក្លេអ៊ែរ។ ការបោះឆ្នោតនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលបារាំងបានរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តយ៉ាងប្រផិតប្រផើយពីសភា ពាក់ព័ន្ធនឹងផែនការកំណែទម្រង់សោធននិវត្ត។
ជាមួយនឹងសំឡេងគាំទ្រ ៤០២ ទល់នឹង១៣០សំឡេង ផែនការបន្តនុយក្លេអ៊ែជាថ្មីត្រូវបានសភាអនុម័តគាំទ្រ ធាតុផ្សំដ៏សំខាន់ នោះគឺការសាងសង់រេអាក់ទ័របន្ថែមចំនួន ៦ទៀត។ សមាជិកសភាចំនួន ២៧៨រូប បានគាំទ្រញត្តិមួយដែលស្នើឡើងដោយគណបក្សប្រឆាំងស្តីពីការដកសេចក្តីទុកចិត្តពីរដ្ឋា ភិបាលកាលពីថ្ងៃចន្ទដើមសប្តាហ៍ គឺខ្វះតែ ៩សំឡេងប៉ុណ្ណោះ ដែលសំឡេងចាំបាច់គឺ ២៨៧សំឡេង ដើម្បីអាចទម្លាក់រដ្ឋាភិបាលចេញពីតំណែងបាន។ លោកស្រី Elisabeth Borne នាយករដ្ឋមន្រ្តីបារាំងបានបង្ហោះសារក្នុងបណ្តាញសង្គម Twitter ថា “បន្ទាប់ពីព្រឹទ្ធសភាកាលពីខែមុន យប់នេះសភាជាន់ទាបបានបោះឆ្នោតក្នុងសំឡេងភាគច្រើនលើសលប់គាំទ្រផែនការថាមពលនុយក្លេអ៊ែរ…គោលបំណងនៃការសាងសង់ គឺដើម្បី ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងធានាអធិបតេយ្យភាពថាមពលរបស់យើង”។
បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្ទើរតែដួលរលំ និងបង្ខំឱ្យលាលែងពីតំណែងពាក់ព័ន្ធនឹងផែនការ កំណែទម្រង់សោធននិវត្តនោះ លោកប្រធានាធិបតី Emmanuel Marcron ចង់ទទួលបានការគាំទ្រមកវិញ តាមរយៈគំនិតផ្តួចផ្តើមកំណែទម្រង់ថ្មីមួយនេះ នៅក្នុងប៉ុន្មានសបា្តហ៍បន្ទាប់។ ថាមពលនុយក្លេអ៊ែរ ក៏ជា ផែនការមួយដែលគណបក្សនិយមកណ្តាលរបស់លោក Marcron បានព្រមព្រៀងគ្នាជាមួយគណបក្ស អភិរក្សទាំងពីរ គឺគណបក្ស Les Republicains និងគណបក្សស្តាំនិយមជ្រុល Rassemblement National។
លោកស្រី Agnes Pannier Runacher រដ្ឋមន្រ្តីក្រសួងថាមពលបានថ្លែងថា “គោលដៅរបស់យើង” គឺធ្វើយ៉ាងណាឱ្យបារាំងក្លាយជាប្រទេសមួយដែលគ្មានកាបូន និងអធិបតេយ្យភាពដ៏ចម្បងមួយ លោក-ស្រីថា នេះគឺជាគម្រោងដ៏មហិមាមុនគេ នៅក្នុងការចាប់ផ្តើមឡើងវិញក្នុងឧស្សាហកម្មនុយក្លេអ៊ែរ។ លោក Macron មានផែនការចាប់ផ្តើមសាងសង់រេអាក់ទ័រនុយក្លេអ៊ែជំនាន់ថ្មី EPR2 ក្នុងអាណត្តិទី២របស់លោក ខែឧសភា ឆ្នាំ២០២៧។ នេះគឺជាផ្នែកមួយនៃផែនការថវិកា៥២ពាន់លានអឺរូ ត្រូវជា ៥៦ពាន់លានដុល្លារ សម្រាប់សាងសង់រេអាក់ទ័រថ្មីបន្ថែម ចំនួន៦៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៤-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.eureporter.co/world/france-world/2023/03/23/french-parliament-votes-nuclear-plan-with-large-majority/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម