logo logo
banner1
ប្រធានសភា ECOWAS បញ្ជាក់អះអាងជាថ្មី ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងភាពជាតំណាងប្រជាធិបតេយ្យ
 

លោក Mohammed Sidie Tunis ប្រធានសភាសហគមន៍សេដ្ឋកិច្ចនៃបណ្តាររដ្ឋអាហ្រ្វិកខាងលិច

លោក Mohammed Sidie Tunis ប្រធានសភាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានបញ្ជាក់អះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់សភា ក្នុងការ​ពង្រឹងប្រជាធិបតេយ្យនៅក្នុងអនុ តំបន់។ លោក Tunis បានប្តេជ្ញាបែបនេះនៅពេលចាប់ផ្តើមកិច្ចប្រជុំរយៈពេល ៥ថ្ងៃ របស់គណៈកម្មាធិការរួម នៃសភា ECOWAS ដែលជា​កិច្ចប្រជុំរួមគ្នានៃគណៈកម្មាធិការជំនាញចំនួន៨ ក្រោមមូលបទ “កសាង នូវទីផ្សារថាមពលតំបន់ ដើម្បីកាផ្លាស់ប្តូរថាមពលដោយភាពត្រឹមត្រូវ” ដែលធ្វើឡើងកាលពីថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ នៅក្នុងរដ្ឋធានី Freetown នៃសាធារណរដ្ឋសេរ៉ាឡេអូន។

“សភា ECOWAS តាមរយៈកិច្ចប្រជុំក្នុងប្រទេសជាសមាជិក បានបន្តកំណត់អត្តសញ្ញាណរបស់ ខ្លួន និងពង្រឹងចំណងទាក់ទងកាន់តែជិតស្និទ្ធជាមួយ​ពលរដ្ឋក្នុងសហគមន៍​អាហ្រ្វិកខាងលិច  ដែលជា​ យន្តការគន្លឹះសម្រាប់ភាពជាតំណាងអនុតំបន់។ សភា ECOWAS បានប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាតំណាង​ប្រជាធិបតេយ្យនៅក្នុងសហគមន៍ និង​រួម​ចំណែកក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងអនុតំបន់”។ លោក Tunis បានប្រកាសបែបនេះនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ។

លោក Tunis បានអបអរសាទរដល់ប្រជាជននីហ្សេរីយ៉ាដែលបានបោះឆ្នោតយ៉ាងជោគជ័យនៃការបោះឆ្នោតប្រធានាធិបតី សភាសហព័ន្ធ និងការបោះឆ្នោតសភាថ្នាក់រដ្ឋ។ លោករីករាយនឹងបញ្ជាក់អះអាង ជាថ្មីថា ការរៀបចំការបោះឆ្នោតដោយសេរី តម្លាភាព និងប្រកបដោយបរិយាប័ន្ន គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការធានានូវ​ការផ្ទេរអធិប​តេយ្យ​​​​ភាពដែលមិនអាចដកហូតបានរបស់ប្រជាជន។ លោកស្វាគមន៍ដំណើរ ប្រព្រឹត្តទៅដោយជោគជ័យនៃការអនុវត្តប្រជាធិបតេយ្យមួយនេះ និងអបអរសាទរ​ដល់ប្រជាជន​នីហ្សេរីយ៉ា សម្រាប់គុណតម្លៃនៃជីវិតប្រជាធិបតេយ្យដែលពួកគេបានបង្ហាញចេញ។ លោក Tunis បានសម្តែងនូវក្តី ពេញចិត្តជាមួយនឹងជោគជ័យនៃ​ដំណើរការបោះឆ្នោត​នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលលោកថាវាជាផ្លូវដ៏វែងឆ្ងាយមួយក្នុងការលើកកម្ពស់ប្រជាធិបតេយ្យក្នុងតំបន់។

ពាក់ព័ន្ធនឹងប្រទេសសេរ៉ាឡេអូនរបស់លោក Tunis បានផ្តល់ការធានាថា សភា ECOWAS រួមជាមួយគណៈកម្មការ ECOWAS និងរចនាសម្ព័ន្ធ ECOWAS ផ្សេង​ទៀតនឹងធ្វើ​អ្វីគ្រប់បែបយ៉ាងក្នុងសិទ្ធិអំណាចរបស់ខ្លួនដើម្បីធានានូវការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងជឿទុកចិត្តបាននៅក្នុងប្រទេស សេរ៉ាឡេអូនដែលនឹងធ្វើឡើង​នៅក្នុង​ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ កិច្ចប្រជុំរបស់សភា ECOWAS ដែលធ្វើឡើងកាលពីថ្ងៃចន្ទ ទី២០ ខែមីនា នឹងបន្តរហូតដល់ថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣៕

http://ព័ត៌មានសភាទ្វីបអាហ្វ្រិក ២២-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://orderpaper.ng/new/2023/03/21/ecowas-parliament-speaker-reaffirms-commitment-to-strengthen-representative-democracy/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`