លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែននឹងថ្លែង សុន្ទរកថាតាមប្រព័ន្ធនិម្មិត នៅក្នុងសប្តាហ៍នេះ ទៅកាន់សភាសហរដ្ឋអាម៉េរិក ដែលជាផ្នែកមួយនៃការ ថ្លែងសុន្ទរកថា ដែលទទួលបានការទាក់ទាញចំណាប់អារម្មណ៍ខ្ពស់បំផុតពីសាធារណជន ចេញពីមេដឹក នាំមួយរូប ដែលកំពុងតែប្រឹងប្រែងដើម្បីប្រមូលការគាំទ្រ ក្នុងគ្រាដែលសហព័ន្ធរុស្ស៊ីបង្កើនការឈ្លានពានរបស់ខ្លួនមកលើប្រទេសរបស់លោក។
លោក Volodymyr Oleksandrovych Zelenskyy នឹងថ្លែងសុន្ទរកថា នៅថ្ងៃពុធនេះ ទៅកាន់សមា ជិកសភាតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ដែលជាព្រឹត្តិការមួយដែលនឹងធ្វើការផ្សាយ ផ្ទាល់ទៅកាន់សាធារណជន។ សុន្ទរកថានេះ ដូចគ្នាទៅនឹងសុន្ទរកថា ដែលលោកបានធ្វើកាលពីសប្តាហ៍មុន ទៅកាន់សភាចក្រភពអង់គ្លេស ដែលនៅពេលនោះលោកបានបន្ទរតាមពាក្យសម្តីដ៏រំជើបរំជួលរបស់ លោក Winston Churchill អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ក្នុងអំឡុងពេលនៃសង្រ្គាមលោកលើកទីII។ ដោយឡែកកាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ លោក Volodymyr Oleksandrovych Zelenskyy បានថ្លែងសុន្ទរកថា ទៅកាន់សភាប្រទេសកាណាដា។
សុន្ទរកថានេះ បានកើតមានឡើង ក្នុងគ្រាដែលប្រជាជនអ៊ុយក្រែនកំពុងតែប្រយុទ្ធដើម្បីភាពរស់រានមានជីវិតរបស់ប្រទេសខ្លួន នៅក្នុងសង្រ្គាមមួយដែលលោក Vladimir Vladimirovich Putin ប្រធានាធិបតី រុស្ស៊ីកំពុងតែបង្កើនការវាយប្រហារកាន់តែខ្លាំងឡើង រួមទាំងការវាយប្រហារតាមផ្លូវអាកាសមកលើទីក្រុង កៀវ ដែលជារដ្ឋធានីនៃប្រទេសអ៊ុយក្រែន។ លោក Volodymyr Oleksandrovych Zelenskyy បានអង្វរ យ៉ាងទទូចឱ្យសហរដ្ឋអាម៉េរិកជួយគាំទ្រផ្លូវអាកាស រួមទាំង ការផ្ទេរយន្តហោះចេញពីប្រទេសជិតខាង គឺ ប៉ូឡូញ។ ពលរដ្ឋអ៊ុយក្រែន កំពុងតែកាន់អាវុធដើម្បីទប់ទល់នឹងរបបរបស់លោក Putin ក៏ប៉ុន្តែសង្រ្គាមមួយនេះបានធ្វើឱ្យមានភៀសសឹកដ៏ច្រើនសន្ធឹក ជាង ២.៨លាននាក់ បានចាកចេញពីប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ លោកស្រី Nancy Patricia Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាម៉េរិក និងលោក Chuck Schumer ប្រធានក្រុមសមាជិកព្រឹទ្ធសភាសំឡេងភាគច្រើនបានចេញសេចក្តីសេចក្តីថ្លែងរួមមួយ ប្រកាសដំណឹងពីសុន្ទរកថាខាងលើ ដោយបានថ្លែងថា “សភា ប្រទេសរបស់យើង និងពិភពលោកកំពុងតែស្ងើចសរសើរប្រជាជនអ៊ុយក្រែន”។ មន្រ្តីទាំងពីររូបបានថ្លែងថា សមា ជិកសភាទាំងអស់ ទទួលបានការអញ្ជើញមកស្តាប់សុន្ទរកថា របស់លោកប្រធានាធិបតីអ៊ុយក្រែន ដែលនឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅឯវិមានកាពីតូល(វិមានសភា)។ គួរបញ្ជាក់ផងដែរថា សុន្ទរកថារបស់លោកប្រធានាធិបតី Volodymyr Oleksandrovych Zelenskyy ធ្វើឡើង បន្ទាប់ពីថ្មីៗនេះ សភាសហរដ្ឋអាម៉េរិកបានអនុម័តនូវទឹកប្រាក់ប្រមាណ ១៣,៦ពាន់លាន ជាជំនួយយោធា និងមនុស្សធម៌បន្ទាន់ ជួយដល់ប្រទេសអ៊ុយក្រែន៕
http://ព័ត៌មានសភាអន្តរជាតិ ១៦-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.israelhayom.com/2022/03/15/zelenskyy-to-address-to-us-congress-via-video/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម