តម្លៃប្រេងសាំងរបស់វៀតណាម ត្រូវបានគេមើលឃើញថា បានចាប់ផ្ដើមងើបឡើងជាបន្ដបន្ទាប់តាំងពីខែធ្នូឆ្នាំមុនមកម្ល៉េះ ពោលគឺបើគិតពីខែធ្នូឆ្នាំមុនមកដល់ខែមីនាឆ្នាំនេះមានការកើនឡើងប្រមាណ៣០% កើនពីតម្លៃប្រមាណ៤ពាន់រៀលក្នុងមួយលីត្រ មកដល់តម្លៃប្រហែល៥ពាន់៣រយរៀលក្នុងមួយលីត្រ។
ផែនការកាត់បន្ថយពន្ធលើប្រេងសាំងក៏ដូចជាប្រេងម៉ាស៊ូត និងប្រេងរំអិលផ្សេងៗទៀតរបស់វៀតណាមនេះ ត្រូវបានគេរំពឹងថា នឹងអាចធ្វើឲ្យរដ្ឋាភិបាលនឹងត្រូវបាត់បង់ចំណូលប្រហែលជិត១ពាន់៣រយលានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២២។
សូមបញ្ជាក់ថា តម្លៃប្រេងសាំងនៅវៀតណាម បច្ចុប្បន្នគឺមានរួមបញ្ចូលនូវតម្លៃពន្ធក្នុងនោះ ប្រហែល៤០% រួមមានដូចជាពន្ធលើការប្រើប្រាស់ពិសេស, ពន្ធនាំចូល, ពន្ធអាករលើតម្លៃបន្ថែម (VAT), និងពន្ធបរិស្ថាន និងការចំណាយនានាជាដើម។
បើធៀបនឹងប្រទេសតំបន់អាស៊ីអាគ្នេយ៍តម្លៃប្រេងសាំងនៅក្នុងប្រទេសវៀតណាម គឺមានថ្លៃជាងប្រេងសាំងនៅកម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងហ្វីលីពីនទៅទៀត។ នេះបើតាមទិន្នន័យស្ថាប័នតម្លៃប្រេងពិភពលោក៕