រូបភាពធុងឆ្នោត នៃការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងបោះឆ្នោតក្រុមប្រឹក្សាថ្នាក់មូល
ការស្ទង់មតិក្រោយការបោះឆ្នោតនាថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ នៃការបោះឆ្នោតជ្រើស តាំងសមាជិកសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន និងការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់មូលដ្ឋានបានបង្ហាញថា មានគណបក្សចំនួន ៦ នៃគណបក្សនយោបាយ ១២ ដែលបានឈរឈ្មោះបោះឆ្នោត បានឆ្លងផុតកម្រិតអប្បបរមាចាំបាច់ ដើម្បីអាចចូលក្នុងសភាជាន់ទាបបាន។
បើតាមការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានសមាហរណកម្មអាស៊ីអឺរ៉ុប លើអ្នកបោះឆ្នោត ៣០, ០០០នាក់ នៅស្ថានីយបោះឆ្នោតចំនួន ២០០ រួមមាន ១២៤ស្ថានីយនៅក្នុងទីក្រុង និង៧៦ស្ថានីយនៅតាមភូមិ បានរកឃើញថា គណបក្ស Amanat ឈរលំដាប់ទី១ ដោយទទួលបានសំឡេង ៥៣.៤៦%។ គណបក្សប្រជាជនប្រជាធិបតេយ្យ Auyl ឈរលំដាប់ទី២ ដោយទទួលបានសំឡេង ១០.៥២% និងគណបក្ស Respublika ដែលចូលរួមក្នុងការបោះឆ្នោតជាលើកទី១ ឈរលំដាប់ទី៣ ត្រូវជា ៨.៩% ។ គណបក្សប្រជាធិបតេយ្យ Aq Jol ទទួលបាន ៧.៨៧% គណបក្សប្រជាជនកាហ្សាក់ស្ថាន ៦.២៥% គណបក្សសង្គមប្រជាធិបតេយ្យ ៥.៣១% និងគណបក្ស Baytaq ៣.២២%។
ជាលទ្ធផល គណបក្ស៦ ក្នុងចំណោមគណបក្សនយោបាយ៧ ដែលឈរឈ្មោះទទួលបានពិន្ទុ ចាំបាច់ ដើម្បីអាចចូលក្នុងសភាបាន។ គណបក្ស Baytaq បានបង្ហាញឈ្មោះជាលើកដំបូងក្នុងការបោះឆ្នោតក្នុងនាមជា គណបក្សបៃតងមិនអាចរកបានសំឡេងឆ្នោតចាំបាច់ ៥% ដើម្បីអាចចូលក្នុងសភាជាន់ទាបកាហ្សាក់ស្ថានបាន។ ក្នុងអំឡុងពេល១០ថ្ងៃ គណៈកម្មការកណ្តាលរៀបចំការបោះឆ្នោតកាហ្សាក់ស្ថាននឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ។ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ប្រជាជនកាហ្សាក់ស្ថានបានអញ្ជើញទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនដែលនឹងបំពេញការងារនៅក្នុងសភា រយៈពេល ៥ឆ្នាំ ក្រោយការបោះឆ្នោតបានបញ្ចប់ ការរាប់សន្លឹកឆ្នោតបានបន្តធ្វើ។
ការបោះឆ្នោតខាងលើនេះ មានសេចក្តីរាយការណ៍ថា មានអ្នកចេញទៅបោះឆ្នោតតែ ៥៤.១៩% ប៉ុណ្ណោះ ដែលត្រូវបានកត់សម្គាល់ថាមានចំនួនអ្នកចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកទាបបំផុតក្នុងប្រវត្តិសាស្រ្តនៅក្នុងប្រជាជាតិមួយនេះ គិតចាប់តាំងពីទទួលបានឯករាជ្យមក៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប២០-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/asia-pacific/exit-polls-from-kazakhstan-s-parliamentary-elections-show-6-parties-crossing-threshold/2850355
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម