ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប
កាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ សភាតំណាងនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបបានអនុម័តគាំទ្រសេចក្តីព្រាងច្បាប់កញ្ចប់ដំឡើងប្រាក់បៀវត្សរ៍ថ្មីដល់បុគ្គលិករដ្ឋាភិបាល និងបង្កើនប្រាក់សោធននិវត្ត ១៥% ។ លោក Hanafy El-Gebaly ប្រធានសភាតំណាងអេហ្ស៊ីបបានថ្លែងថា សេចក្តីព្រាងច្បាប់ នេះនឹងដាក់ជូនសភាបោះឆ្នោតសម្រេច នៅក្នុងសម័យប្រជុំសភានាពេលខាងមុខ។
លោក Adel Abdel-Fadil ប្រធានគណៈកម្មាធិការកម្លាំងពលកម្មនៃសភាតំណាងបានថ្លែងថា “ការដំឡើងប្រាក់បៀវត្សរ៍ថ្មីនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដំណាលគ្នានឹងវិធានការកញ្ចប់ការពារសង្គមថ្មីមួយរបស់លោកប្រធានាធិបតី Abdel-Fattah El-Sisi”។ លោក Fakhri El-Fiqi ប្រធាន គណៈកម្មាធិការថវិកានៃសភាតំណាងបានថ្លែងថា “ការដំឡើងប្រាក់បៀវត្សរ៍ និងបា្រក់សោធននិវត្ត គឺជា វិធានការល្អបំផុតដែលរដ្ឋាភិបាលអាចធ្វើបាននៅពេលនេះ ដើម្បីសម្រាលផលប៉ះពាល់អវិជ្ជមាននៃការកើនឡើងអតិផរណា ហើយយើងអាចនិយាយបានថា កញ្ចប់ថ្មីនៃវិធានការការពារសង្គមនេះ គឺគ្រាន់តែជាផ្នែកមួយនៃដំណោះស្រាយជាចាំបាច់ដើម្បីគ្រប់គ្រងការកើនឡើងអតិផរណា”។
លោក El-Fiqi បានលើកឡើងថា “រដ្ឋាភិបាលកំពុងតែអនុម័តក្នុងការទទួលធ្វើជាម្ចាស់ផ្ទះវេទិកាសេដ្ឋកិច្ចដែលអាចជួយគ្រប់គ្រងការកើនឡើងអតិផរណាក្នុងរយៈពេលយូរ”។ លោក Alaaeddin Fouad រដ្ឋមន្រ្តីកិច្ចការសភាបានថ្លែងថា រដ្ឋាភិបាលកំពុងតែធ្វើបានល្អបំផុតហើយក្នុងការគ្រប់គ្រងអតិផរណា។ បច្ចុប្បន្ននេះស្ទើរតែទូទាំងពិភពលោកទាំងមូលត្រូវរងនូវអតិផរណា ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅអ៊ុយក្រែន។លោក Fouad ក៏បានឆ្លើយតបផងដែរទៅនឹងការវាយប្រហារមកពីសមាជិកសភាឆ្វេងនិយម ដែលបានចោទប្រកាន់រដ្ឋាភិបាលថាមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីគ្រប់គ្រងទីផ្សារងងឹត និងមិនបង្ក្រាបលើទីផ្សារផ្តាច់មុខ។
លោក Fouad បានថ្លែងថា រដ្ឋាភិបាលមិនដែលបានជួយដល់ទីផ្សារផ្តាច់មុខនោះទេ ផ្ទុយទៅវិញ រដ្ឋាភិបាលកំពុងតែប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីធានាថា ទំនិញ និងផលិតផលទាំងឡាយដែលមាននៅលើទីផ្សារក្នុងតម្លៃសមរម្យ។ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល កំពុងតែដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីជួយដល់ជនងាយរងគ្រោះ ដែលត្រូវរ៉ាប់រងការចំណាយច្រើនក្នុងការរស់នៅប្រចាំថ្ងៃ។ លោក El-Sisi បានប្រកាសកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ពីវិធានការកញ្ចប់ការពារសង្គម។ គណៈរដ្ឋមន្រ្តីបាន អនុម័តវិធានការកញ្ចប់ការពារសង្គមរបស់លោកប្រធានាធិបតី នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣៕
http://ព័ត៌មានសភាទ្វីបអាហ្រ្វិក ២០-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.ahram.org.eg/News/492006.aspx
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម