logo logo
banner1
សភាអឺរ៉ុប ទទូចឱ្យបន្ថែមទណ្ឌកម្មឱ្យកាន់តែធ្ងន់ធ្ងរ លើបេឡារុស
 

 ទីស្នាក់ការកណ្តាលសភាអឺរ៉ុបនៅក្នុងទីក្រុងស្រ្តាសបួរ ប្រទេសបារាំង

កាលពីថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ សភាអឺរ៉ុបបានទទូចឱ្យបណ្តាប្រទេសជាសមាជិកសហ ភាពអឺរ៉ុប ដាក់ចេញនូវទណ្ឌកម្មថ្មីលើសាធារណរដ្ឋបេឡារុស ពាក់ព័ន្ធនឹងការ​បង្រ្កាបលើគណបក្សប្រឆាំង និងបានគាំទ្រសង្រ្គាមរបស់សហព័ន្ធរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

កន្លងមកសហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេស បានវាយប្រហាររដ្ឋាភិបាលទីក្រុងមីនស្ក៍តាមរយៈការដាក់ទណ្ឌកម្មជាច្រើនជុំរួចមកហើយ ពាក់ព័ន្ធនឹងការ បង្រ្កាបផ្ទៃក្នុងរបស់ខ្លួន និងការដើរតួនាទីធ្វើជាឈ្នាន់សម្រាប់ការឈ្លានពានរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ចូលទីក្រុងកៀវ។ សមាជិកសភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេច​មួយអំពាវនាវ​​​​​​ឱ្យសហភាពអឺរ៉ុបពង្រីកបញ្ជីជនទាំងឡាយណា ដែលពាក់ព័ន្ធនឹងការបង្រ្កាបយ៉ាងហិង្សា នៅក្នុងការបោះឆ្នោតមួយដែលបានធ្វើឡើង បន្ទាប់ពីការផ្តន្ទាទោស​លោក Ales Bialiatski សកម្មជនជ័យលាភីពានរង្វាន់ណូបែល ឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ។

“ចៅក្រម រដ្ឋអាជ្ញា ភ្នាក់ងារអនុវត្តន៍ច្បាប់  មន្រ្តីពន្ធនាគារ និងមន្រ្តីពន្ធនាគារដាក់អ្នកទោសនិរទេសទៅតំបន់ដាច់ស្រយាល (penal colony) ជាច្រើនរូបថែមទៀត គួរតែត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅ បង្កកទ្រព្យសម្បតិ្ត និងហាមឃាត់ទិដ្ឋាការ”។ ស្ថាប័ននីតិប្បញ្ញត្តិរបស់សហភាពអឺរ៉ុបមួយនេះ ក៏បានទទូច ផងដែរឱ្យសហភាពអឺរ៉ុប​បន្ថែមទណ្ឌកម្មកាន់តែធ្ងន់ធ្ងរថែមទៀតលើបេឡារុស ពាក់ព័ន្ធនឹងតួនាទីនៅក្នុង សង្រ្គាមនៅអ៊ុយក្រែន ដែលជាប្រទេសជិតខាងរបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីឥទ្ធិពលដ៏ខ្លាំងក្លានៃ​ការដាក់ ទណ្ឌកម្មលើរុស្ស៊ី និងទប់ស្កាត់លទ្ធភាពរបស់ទីក្រុងម៉ូស្គូក្នុងការគេចវេសពីវិធានការទាំងនេះ។

មន្រ្តីសហភាពអឺរ៉ុបរំពឹងថា នឹងរឹតបន្តឹងការដាក់ទណ្ឌកម្មលើបេឡារុសក្នុងខែកុម្ភៈកន្លងមក ប៉ុន្តែ  ត្រូវបានជាប់គាំងដោយសារការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងការ​លើកលែង​សម្រាប់​ជីកសិកម្ម។ លើសពីនេះទៀត សេចក្តីសម្រេចខាងលើក៏បានទិតៀនខ្លាំងៗពីដំណើរទស្សនកិច្ចរបស់លោក Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី ទៅកាន់​ទីក្រុងមីនស្ក៍ ប្រទេសបេឡារុស កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាការដើរផ្ទុយទៅនឹងគោលនយោបាយរបស់សហភាពអឺរ៉ុប។ សេចក្តីសម្រេចដដែលក៏បាន​អំពាវនាវឱ្យដាក់ សម្ពាធលើគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើ​ម្បីធានាថា អត្តពលិកមកពីប្រទេសបេឡារុសនៅតែត្រូវបានហាមឃាត់ពីការប្រកួតនៅកីឡា​អូឡាំពិក​រដូវកាលក្រោយ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងប៉ារីស៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៧-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.macaubusiness.com/eu-parliament-urges-tougher-sanctions-on-belarus/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`